ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

ក្រុមហ៊ុន Colben System Pte Ltd ដែល​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន Asiatic Group និង​ក្រុមហ៊ុន Colben Energy Holdings (PPSEZ) Ltd (CEZH) ដែល​គ្រប់គ្រង​ភាគហ៊ុន​ ៩៥ ​ភាគរយ ​បាន​ចាប់ផ្ដើម​នីតិវិធី​មជ្ឈត្តកម្ម​ដែល​ត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកា​។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​សប្ដាហ៍​មុន​លោក Tan Boon Kheng នាយក​គ្រប់គ្រង​ក្រុមហ៊ុន Asiatic Group ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន Singapore Exchange Ltd បាន​ឱ្យ​ដឹងថា ការរំលោភ​លើ​កិច្ចព្រមព្រៀង JV បាន​បណ្ដាល​ឱ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាងច្រើន​នៅក្នុង​គំរូ​ប្រតិបត្តិការ និង​អាជីវកម្ម​របស់​រោងចក្រ​ផលិត​ថាមពល​មួយ​នេះ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​គម្រោង​នេះ​។

លោក Tan បានឱ្យ​ដឹងថា បណ្ដឹង​នេះ​តំណាង​ឱ្យ​ការខាតបង់​របស់​ភាគទុនិក​របស់​ក្រុមហ៊ុន Colben និង​ក្រុមហ៊ុន CEZH នៅក្នុង​ក្រុមហ៊ុន Colben Energy (Cambodia) PPSEZ Ltd ដែល​ក្រុមហ៊ុន​ JV រួមជាមួយ​ក្រុមហ៊ុន PPSP បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០០៦ ជា​លទ្ធផល​នៃ​ការខាតបង់​ដែល​រំពឹងទុក​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន JV នេះ​។

ជា​ការឆ្លើយតប​ភ្លាមៗ ក្រុមហ៊ុន PPSP ដែល​បានបញ្ជាក់​ពី​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន Asiatic Group បានឱ្យ​ដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ស្វែងរក​ការផ្ដល់​យោបល់​ផ្នែក​ច្បាប់ ហើយ​នឹង​ប្រកាស​ជាថ្មី​លើ​ការអភិវឌ្ឍ​ច្បាស់លាស់​ស្ដីពី​បញ្ហា​នេះ​។

ក្រុមហ៊ុន PPSP គ្រប់គ្រង​ភាគហ៊ុន​ ២៣ ​ភាគរយ​នៅក្នុង​ក្រុមហ៊ុន JV ដែល​ត្រូវបាន​ចូលរួម​នៅក្នុង​ការផលិត និង​ផ្គត់ផ្គង់​ថាមពល​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ)​។

ក្រុមហ៊ុន PPSP ដែល​ចុះបញ្ជី​នៅ​ផ្សារគោល​បាន​ឱ្យដឹង​នៅក្នុង​ឯកសារ​មួយ​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ក្រុម​វិនិយោគិន​របស់​យើង និង​សាធារណជន​ត្រូវ​បាន​ជូនដំណឹង​យ៉ាង​ច្បាស់លាស់​ស្ដីពី​ការជូនដំណឹង​នៃ​មជ្ឈត្តកម្ម​នេះ​»​។

លោកស្រី លឹម ឈីវហូរ កាន់កាប់​ភាគហ៊ុន​ ៤៥,០៩ ​ភាគរយ​ របស់​ក្រុមហ៊ុន PPSP ដែល​ប្រតិបត្តិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​លើ​ផ្ទៃដី​ទំហំ​ ៦៨,៤ ​ហិកតា នៅ​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ​ផងដែរ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​ក្រុមហ៊ុន​ ៩២ ​មកពី​ប្រទេស​ចំនួន ១៤ ដែល​ផលិត​សម្លៀកបំពាក់ គ្រឿងបន្លាស់​រថយន្ត អាហារ និង​ភេសជ្ជៈ និង​ផលិតផល​ប្លាស្ទិក​។ នេះ​បើ​យោងតាម​ឯកសារ PPSP របស់​ក្រុមហ៊ុន​។

ទន្ទឹម​នឹង​នេះ​ Asiatic Group គឺជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត​ផ្នែក​វិស្វកម្ម លទ្ធកម្ម និង​សំណង់ និង​ប្រតិបត្តិការ និង​ការថែទាំ​។ ក្រុមហ៊ុន​នេះ​ក៏​ប្រតិបត្តិការ​ផ្នែក​ដំណោះស្រាយ​ការការពារ​អគ្គិភ័យ ដែល​ផ្ដល់​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ និង​ការការពារ​ផងដែរ​។

Colben System ​ជា​ក្រុមហ៊ុន​ឯកទេស​ខាង​អាជីវកម្ម​នៃ​ការផ្គត់ផ្គង់​ថាមពល​ដែល​គ្រប់គ្រង វិស្វកម្ម និង​លទ្ធកម្ម និង​សំណង់​ផលិត​ថាមពល​។

ក្រុមហ៊ុន​នេះ​សាងសង់ ប្រតិបត្តិការ​ និង​ថែទាំ​រោងចក្រ​ថាមពល​ដើរ​ដោយ​ប្រេង​ខ្មៅ​ជាមួយ​សមត្ថភាព​ដំបូង​ ១៥ ​មេហ្គាវ៉ាត់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​នេះ​។

រោងចក្រ​ផលិត​ថាមពល ដែល​ត្រូវ​បានបញ្ចប់​កាលពី​ឆ្នាំ​ ២០០៨ មួយ​នេះ​បាន​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ក្រុមហ៊ុន​នានា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​៕ LA