ភ្នំពេញៈ សមាគម​ប្រតិបត្តិករ​ទូរគមនាគមន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (ATOC) ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ​ ២០២១ ដែល​នេះ​គឺជា​ការបោះជំហាន​មួយ​ក្នុង​ការបង្កើត​សំឡេង​តែ​ ១ ​គត់ ដើម្បី​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា និង​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​ឧស្សាហកម្ម​ទូរគមនាគមន៍​នៅ​កម្ពុជា​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទទួល​កាលពី​ថ្ងៃទី​ ២៥ ខែមីនា ATOC បានរៀបចំ​មហាសន្និបាត​វិសាមញ្ញ​លើកដំបូង​របស់​ខ្លួន ដើម្បី​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​សមាគម បន្ទាប់ពី​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​នឹង​ក្រសួងមហាផ្ទៃ​ស្រប​តាម​ច្បាប់​កម្ពុជា និង​លក្ខនិ្តកៈ​របស់ ATOC​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ATOC ត្រូវបាន​បង្កើតឡើង​ដោយ​សមាជិក​ស្ថាបនិក​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Smart Axiata Co.,Ltd ក្រុមហ៊ុន CAMGSM Co.,Ltd ក្រុមហ៊ុន​ VIETTEL (Cambodia) Pte, Ltd និង​ក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd)​។ ATOC ក៏​បើកទទួល​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនាគមន៍​ផ្សេងទៀត​ដើម្បី​ចូលរួម​ជា​សមាជិក​របស់ខ្លួន​ផងដែរ​។

«ATOC មាន​គោលបំណង និង​គោលដៅ​សំខាន់ៗ​ធ្វើជា​អ្នកតំណាង​ស្របច្បាប់​ឱ្យដល់​សមាជិក​របស់ខ្លួន​ក្នុងការ​ទាក់ទង​ជាមួយ​តួអង្គ​ផ្សេង​ទៀត​នៅក្នុង​វិស័យ​ឯកជន និង​សាធារណៈ ការចែករំលែក និង​ការផ្លាស់ប្តូរ​គំនិត និង​ព័ត៌មាន ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់ និង​បទប្បញ្ញត្តិ ការលើក​ឡើង និង​ការសម្ដែង​មតិ​ពី​ការបារម្ភ​របស់​សមាជិក​ខ្លួន ហើយ​ការផ្ដល់​យោបល់ និង​ការគាំទ្រ​ដល់​សមាជិក​របស់ខ្លួន​សម្រាប់​កិច្ចដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទូរគមនាគមន៍​»​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោក លី តៃសេង ប្រធាន ATOC បានឱ្យ​ដឹងថា សមាគម​នេះ​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការធ្វើ​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រសួង និង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​មួយ​នេះ​ប្រកប​ដោយ​និរន្តរភាព​។

លោក តៃសេង បាន​ថ្លែងថា​៖ «​វា​ជា​លើកដំបូង​ហើយ​ដែល​សមាគម​ប្រតិបត្តិករ​ទូរគមនាគមន៍​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សមាគម​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការបង្កើត​សំឡេង និង​តំណាង​សម្រាប់​សមាជិក​របស់ខ្លួន​មកពី​ឧស្សាហកម្ម​ទូរគមនាគមន៍​នៅក្នុង​វេទិកា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន និង​ក៏​ដើរតួ​នាទី​ជា​វេទិកា​មួយ​សម្រាប់​ការផ្លាស់ប្តូរ​គំនិត និង​សហការគ្នា​ក្នុង​ចំណោម​សមាជិក​របស់ខ្លួន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជាមួយ​ទស្សនៈ​ដើម្បី​លើកកម្ពស់​សុខភាព និង​ការប្រកួតប្រជែង​ប្រកប​ដោយ​ក្រមសីលធម៌ និង​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន​»​។

លោក​បន្ថែមថា​៖ «​បេសកកម្ម​របស់ ATOC គឺ​ដើម្បី​លើកកម្ពស់​ជំហរ​របស់​ឧស្សាហកម្ម​ទូរគមនាគមន៍​ដែល​ជា​ដៃគូ​ដ៏សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការខិតខំ​អភិវឌ្ឍ សេដ្ឋកិច្ច​ឌីជីថល​ជាតិ​ស្របតាម​ទិសដៅ​ដែល​បាន​កំណត់​ដោយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

ចំនួន​ការជាវ​ទូរស័ព្ទ​ចល័ត​ដ៏សកម្ម​នៅក្នុង​ប្រតិបត្តិករ​ទាំង ៦ នៅ​កម្ពុជា​មាន​ចំនួន ២០ ៤៨១ ០៥១ ​គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​ ២០២០ ធ្លាក់​ ០,០៨ ​ភាគរយ​ ធៀប​នឹង​កាលពី​ចុងខែ​ឧសភា ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​បានមកពី TRC​។

ចំនួន​ការជាវ​សេវា​អ៊ីនធឺណិត​ចល័ត​នៅ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង​ ៧ របស់​កម្ពុជា​បាន​កត់ត្រា​ការធ្លាក់ចុះ ២,៣៦ ​ភាគរយ​នៅ​ត្រឹម ១៤ ៨៦៣ ៤៣៥ ចំណែកឯ​ការជាវ​សេវា​អ៊ីនធឺណិត​លើ​តុ​នៅ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំង​ ៣៧ នៅ​កម្ពុជា​បាន​កត់ត្រា​ការកើនឡើង ៣៣,០៧ ​ភាគរយ ដល់ ២៤៩ ១៣២៕ LA