ភ្នំពេញៈ ក្រុមហ៊ុនផ្គត់ផ្គង់ស្រាបៀរដ៏សំខាន់ពីររបស់កម្ពុជាគឺក្រុមហ៊ុន Attwood Import Export Co Ltd និងក្រុមហ៊ុនស្រាបៀរកម្ពុជា(Cambodia Brewery Limited) កំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះស្ដីពីសិទ្ធិចែកចាយស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Attwood គ្រប់គ្រងលើសិទ្ធិក្នុងការចែកចាយស្រាវិស្គី Johnnie Walker និងស្រា Hennessey cognac ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ខណៈ Cambodia Brewery Limited បានសិទ្ធិលើផលិតផលល្បីឈ្មោះ គឺស្រាបៀរ Anchor និងស្រាបៀរ Tiger។
ចាប់តាំងពីឆ្នាំ ១៩៩៤ ក្រុមហ៊ុន Attwood មានសិទ្ធិចែកចាយផ្ដាច់មុខស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជាដែលវាត្រូវធ្វើជាទីផ្សារស្រាបៀរមានគុណភាពរបស់អឺរ៉ុប។
ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Attwood ជាមួយសាខាប៉ាស៊ីហ្វិចអាស៊ី (HAPE) របស់ក្រុមហ៊ុន Heineken បានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០១៤ សាខា HAPE បានផ្ដល់សិទ្ធិលក់ស្រាបៀរ Heineken ទៅឲ្យក្រុមហ៊ុន CBL។ HAPE បានបង្កើនភាគហ៊ុនរបស់ខ្លួនជាប្រចាំនៅក្នុងក្រុមហ៊ុន CBL រយៈពេលជាច្រើនឆ្នាំ ពី៣៣,៥ភាគរយកាលពីឆ្នាំ២០១១ ដល់ភាពជាម្ចាស់១០០ភាគរយនៅពេលបច្ចុប្បន្ន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Attwood បង្ហាញថា៖ «ក្រុមហ៊ុន AIE [Attwood] នឹងមិនប្រកួតប្រជែងដណ្ដើមសិទ្ធិផ្ដាច់មុខរបស់ HAPE ដើម្បីផលិតស្រាបៀរ នាំចូល និងចែកចាយស្រាបៀរ Heineken Lager ក្នុងប្រទេសកម្ពុជានោះទេ»។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ប៉ុន្តែក្រុមហ៊ុន AIE រំពឹងថានឹងពិគ្រោះយោបល់បានទាន់ពេលវេលាក្នុងនាមជាដៃគូរយៈពេលវែងរបស់យីហោស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យយីហោនេះនៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្នជាស្រាបៀរមានគុណភាពល្អលេខ១តែមួយគត់ដោយសារតែការខិតខំធ្វើការងារយ៉ាងខ្លាំងក្លា និងការប្ដេជ្ញាចិត្តរបស់ AIE»។
កាលពីថ្ងៃទី១៥ ខែមករា ក្រសួងពាណិជ្ជកម្មបានប្រកាសថា ក្រុមហ៊ុនទាំងពីរនេះ «គួរតែសម្រេចការព្រមព្រៀងដែលជាមិត្តភាពទាក់ទងនឹងជម្លោះស្ដីពីការប្រគល់សិទ្ធិផ្ដាច់មុខដើម្បីប្រើប្រាស់ស្រាបៀរយីហោ Heineken នេះ»។
ក្រសួងបានចេញបញ្ជាហាមឃាត់ជាបណ្ដោះអាសន្នលើក្រុមហ៊ុនទាំងពីរមិនឲ្យធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះទេ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន CBL បានចេញការផ្សព្វផ្សាយពាណិជ្ជកម្មពេញមួយទំព័រក្នុងការចែកចាយស្រាបៀរ Heineken ផ្ដាច់មុខរបស់ខ្លួន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ លោក Roland Bala អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CBL បានថ្លែងថា៖ «ក្រុមហ៊ុននេះទន្ទឹងរង់ចាំធ្វើការងារជាមួយភាគីពាក់ព័ន្ធដើម្បីធានាឲ្យមានភាពរលូនក្នុងការផ្ទេរយីហោស្រាបៀរ Heineken នៅកម្ពុជា»។
លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបដិសេធមិនផ្ដល់ព័ត៌មានបន្ថែមនោះទេ ដោយលោកគ្រាន់តែលើកឡើងយ៉ាងខ្លីថា៖ «វាគឺជាអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ»៕