ភ្នំពេញៈ BEST Inc. គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដ៏ឆ្លាតវៃ និង​ឡូជីស្ទិក​ឈានមុខ​គេ​នៅ​ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ដែល​ហៅថា BEST Express Cambodia ដែលជា​ការពង្រីក​ផែនការ​យុទ្ធសាស្ដ្រ​របស់​ក្រុមហ៊ុន​ក្នុង​ការកសាង​បណ្ដាញ​ឡូជីស្ទីក​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

ក្រុមហ៊ុន​នេះ​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃទី​ ២ ខែ​កក្កដា នៅក្នុង​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហបុរី បន្ទាប់ពី​ខ្លួន​បាន​ចាប់ផ្ដើម​ដំណើរការ​រួចហើយ​នៅក្នុង​ប្រទេស​​វៀតណាម និង​ថៃ​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​៖ «BEST Express Cambodia ប្ដេជ្ញា​ថា​នឹង​ផ្ដល់​សេវា​ដឹកជញ្ជូន​ជា​កញ្ចប់​ទូទាំង​ប្រទេស​កម្ពុជា​សម្រាប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​បណ្ដាញ​ដឹកជញ្ជូន​ដល់​លំនៅឋាន ព្រមទាំង​ដល់ដៃ​អតិថិជន​ផងដែរ​។ យើង​ខិតខំ​បម្រើ​អតិថិជន​ប្រកប​ដោយ​គុណភាព​ភាពងាយស្រួល សុវត្ថិភាព និង​តម្លៃ​។ នៅទីនេះ​អ្នក​អាច​ស្វែងរក​ទីតាំង​សេវាកម្ម​នៅ​ជិត​បំផុត និង​តម្លៃ​កក់​រថយន្ត​ដឹកជញ្ជូន​ដោយ​មិន​គិតថ្លៃ និង​តាមដាន​ការបញ្ជាទិញ​របស់​អ្នក​»​។

លោក Johnny Chou ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន BEST Inc បាន​ឲ្យ​ដឹងថា ការពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន​គឺជា​ការផ្ដោត​ការយក​ចិត្ត​ទុកដាក់​នៃ​យុទ្ធសាស្ដ្រ​ពិភពលោក​ដ៏សំខាន់​របស់​ក្រុមហ៊ុន ខណៈ​ដែល​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​បង្កើនល្បឿន​សកម្មភាព​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​។

លោក​ថ្លែងថា​៖ «​យើង​រីករាយ​ក្នុង​ការអភិវឌ្ឍ​បណ្ដាញ​ឡូជីស្ទីក​របស់​យើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជា​តំបន់​ដែល​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​ដ៏សំខាន់​មួយ​នៃ​យុទ្ធសាស្ដ្រ​ពិភពលោក​របស់​យើង​។ ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​បង្កើនល្បឿន និង​ពង្រីក​ការទុកចិត្ត​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​របស់​អតិថិជន និង​បង្កើត​ឱកាស​ប្រកប​ដោយ​សក្ដានុពល​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់​នេះ​»​។

លោក​បន្ថែមថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា សេវា​ឡូជីស្ទិក​ដែល​ដំណើរការ​ដោយ​បច្ចេកវិទ្យា​របស់​យើង និង​ក្លាយ​ជា​ជម្រើស​ការដឹកជញ្ជូន​ទំនិញ​រហ័ស​គុណភាព​ខ្ពស់ និង​ជា​សមាសភាព​សេវា​ដ៏សំខាន់​សម្រាប់​ទាំង​ពាណិជ្ជករ និង​អតិថិជន​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ និង​បន្ទាប់ពី​នោះ​»​។

តាមរយៈ​បទពិសោធ​ប្រកប​ដោយ​ជោគជ័យ​នៅ​ប្រទេស​វៀតណាម និង​ថៃ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស្ថានីយ​សរុប​ទាំង​ ១២ និង​ស្ថានីយ​ផ្ដល់​សេវា​ប្រហែល​ ៤០០ នៅ​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហបុរី ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​បន្ទាប់​៕LA