ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​នៃ​អគ្គរាជទូត​កម្ពុជា​នៅ​ប្រទេស​ថៃ​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន Betagro Group ដែលជា​ក្រុមហ៊ុន​ផលិត​ម្ហូបអាហារ​លំដាប់​ទី​ ២ ​របស់​ថៃ​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​។

លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ផលិត​ម្ហូបអាហារ​ធំ​ទី​ ២ Betagro Group មក​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​កសិផល​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច​ (AIMS) ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ការស្នើ​របស់លោក​ត្រូវបាន​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​នេះ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​វិនិយោគ និង​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ នៅ​ខេត្ត​ប៉ាធុមថានី​ប្រទេស​ថៃ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក សុវណ្ណារិទ្ធ បាន​ថ្លែងប្រាប់​លោក Kritsana Wudhiprasertkul អនុប្រធាន​ក្រុមហ៊ុន Betagro ថា រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ជំរុញ​ការទូត​សេដ្ឋកិច្ច​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍​ជាមួយ​បរទេស​។

ជា​ការឆ្លើយតប លោក Kritsana បាន​សន្យាថា​ក្រោយពី​ប្រទេស​ទាំង ២ បើក​ច្រកព្រំដែន​ឲ្យ​ដំណើរការ​ឡើងវិញ ក្រុមហ៊ុន​នឹង​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​នៃ​គម្រោង AIMS មុននឹង​ឈាន​ទៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួងពាណិជ្ជកម្ម​។ នេះ​បើតាម​លោក សុវណ្ណារិទ្ធ​៕ LA