ភ្នំពេញ: ក្រុមហ៊ុនធានារ៉ាប់រង BIMA ដែលជាប្រតិបត្តិករផ្ដល់សេវាធានារ៉ាប់រងសុខភាពតាមទូរស័ព្ទដៃ និងប្រតិបត្ដិករទូរស័ព្ទចល័តឈានមុខនៅកម្ពុជា SmartAxiata បានពង្រីកគម្រោងធានារ៉ាប់រងអាយុជីវិតវៃឆ្លាតដែលបានបង្កើនទឹកប្រាក់សំណងពី ៣ ២០០ ដុល្លារដល់ ៥ ០០០ ដុល្លារ។
អតិថិជនដែលកំពុងប្រើគម្រោងធានារ៉ាប់រងអាយុជីវិតវៃឆ្លាតរបស់ BIMA អាចដាក់ពាក្យស្នើសុំលក្ខខណ្ឌថ្មីនេះចាប់ពីថ្ងៃទី ១ មេសា តទៅ។
កញ្ញា អំ គីមតុល នាយកប្រតិបត្ដិ BIMA បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថាតម្រូវការប្រើប្រាស់សេវាធានារ៉ាប់រងរបស់អ្នកវណ្ណៈកណ្តាលកំពុងកើនឡើងបានតម្រូវឲ្យ BIMA ធ្វើការបង្កើនការផ្តល់ជូន និងផ្តល់ការធានារ៉ាប់រងប្រសើរជាងមុន។
កញ្ញាថ្លែងថា៖ «គ្រួសារប្រាក់ចំណូលទាបនៅកម្ពុជាពុំមានលទ្ធភាពប្រើគម្រោងធានារ៉ាប់រងលក្ខណៈពាណិជ្ជកម្ម និងសង្គមបានទេ ដូច្នេះនៅ BIMA យើងកំពុងធ្វើការបង្កើនប្រសិទ្ធភាពនៃផលិតផលរបស់យើងរៀងរាល់ថ្ងៃ។ យើងអាចបំបាត់ភាពងាយរងគ្រោះរបស់ពួកគេហើយជួយពួកគេឲ្យទៅជាប្រជាជនមានប្រាក់ចំណូលមធ្យមនៅថ្ងៃអនាគត»។
កញ្ញាបន្តថា ចាប់តាំងពីឆ្នាំ ២០១៤ មកក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Smart បានជួយឲ្យក្រុមហ៊ុន BIMA ផ្តល់សេវាកម្មដល់ប្រជាជនកម្ពុជាជាង ១ លាននាក់ក្នុងគម្រោងធានារ៉ាប់រងសុខភាព មន្ទីរពេទ្យ និងអាយុជីវិត។ កញ្ញាឲ្យដឹងទៀតថា៖ «តាមរយៈការបន្ដកិច្ចខិតខំកសាងភាពជាដៃគូ និងនវានុវត្ដន៍ យើងរំពឹងថាចំនួននឹងអាចកើនឡើងហើយស្របពេលជាមួយគ្នានេះយើងក៏អាចផ្ដល់សេវាគ្រប់គ្រងហានិភ័យដ៏មានតម្លៃដល់ជនងាយរងគ្រោះផងដែរ»។
លោក StjepanUdovicic នាយកផ្នែកទីផ្សាររបស់ SmartAxiata បានឲ្យដឹងថា ក្នុងនាមជាប្រតិបត្ដិករទូរគមនាគមន៍ទូរស័ព្ទចល័តឈានមុខនៅកម្ពុជា ក្រុមហ៊ុនប្តេជ្ញាថានឹងបន្ដស្វែងរកអ្វីថ្មីៗ ដើម្បីច្នៃជីវិតរស់នៅរបស់អតិថិជនឲ្យបានប្រសើរឡើងតាមរយៈសេវាផ្ដល់តម្លៃបន្ថែមនានា និងគំនិតផ្ដួចផ្ដើមច្នៃប្រឌិតក៏ដូចជាការធានារ៉ាប់រងវៃឆ្លាត។
លោកថ្លែងថា៖ «ជាមួយ BIMA យើងសង្ឃឹមថានឹងពង្រីកការផ្តល់សេវាធានាអាយុជីវិត និងរ៉ាប់រងថ្លៃព្យាបាលតូចៗតាមរយៈវិធីទូទាត់ងាយៗ និងមិនប្រើក្រដាសប្រាក់។ ពួកយើងក៏មានបំណងបញ្ជ្រាបពីអត្ថប្រយោជន៍នៃធានារ៉ាប់រង និងការជំរុញការពង្រីកបណ្ដាញចែកចាយការធានារ៉ាប់រងខ្នាតតូចដល់អ្នកប្រើប្រាស់ផងដែរ»។
អតិថិជនដែលកំពុងប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតវៃឆ្លាតនឹងតម្រូវឲ្យបង់ប្រាក់ចន្លោះពី ១,៦០ ដុល្លារ ទៅ ២,៤០ ដុល្លារក្នុងមួយខែ ហើយអតិថិជននឹងទទួលបានសំណងរហូតដល់ ៥ ០០០ ដុល្លារអាមេរិក ។ នេះបើតាមកញ្ញា ថុលអាម។
កញ្ញា គីមតុល បន្តថា គម្រោងធានារ៉ាប់រងមន្ទីរពេទ្យវៃឆ្លាត ក្រុមហ៊ុនបានកំណត់ការចំណាយលើការសម្រាកព្យាបាលជំងឺចំនួន ១០ ដុល្លារអាមេរិកក្នុង ១ យប់ ហើយពួកគេអាចសម្រាកនៅពេទ្យរហូតដល់ ៣២ យប់។
កញ្ញាថ្លែងថា៖ «អតិថិជនដែលបង់រយៈពេល ១ ខែនឹងទទួលបានការរ៉ាប់រងនៅខែបន្ទាប់ ហើយដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញគឺតម្រូវឲ្យបង់បុព្វលាភរ៉ាប់រងពេញលេញ»។
កញ្ញាបន្តថា បច្ចុប្បន្នក្រុមហ៊ុន BIMA មានអតិថិជនសរុប ៣៥០ ០០០ នាក់ ក្នុងនោះអតិថិជនប្រើប្រាស់សេវាកម្មធានារ៉ាប់រងអាយុជីវិតវៃឆ្លាត ២៥៦ ០០០ នាក់។ ក្រុមហ៊ុនបានផ្តល់សំណងជាង ១,២ លានដុល្លាររួមមានគម្រោងធានារ៉ាប់រងអាយុជីវិតវៃឆ្លាត និងគម្រោងធានារ៉ាប់រងមន្ទីរពេទ្យវៃឆ្លាត។
លោកស្រី ហោ សុវឌ្ឍនា អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នាយកដ្ឋានធានារ៉ាប់រង និងសោធននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ពីថ្ងៃចន្ទថា និន្នាការការប្រើប្រាស់សេវាកម្មធានារ៉ាប់រងរបស់ប្រជាជនកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈ ២-៣ ឆ្នាំចុងក្រោយនេះ។
លោកស្រីបន្តថា បច្ចុប្បន្ននៅកម្ពុជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំៗមានចំនួន ១១ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៦ ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៧៕LA