ក្រុងឡុងដ៍ៈ ក្រុមហ៊ុន BMW ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ កាលពីចុងសប្តាហ៍មុនបានបង្កើនការប្រមូលរថយន្តដើម្បីកែលម្អសុវត្ថិភាពនៅចក្រភពអង់គ្លេសចំនួន ៨៨ ០០០ គ្រឿងទៀតដោយសារហានិភ័យដែលអាចបង្កអគ្គិភ័យ។
ការប្រកាសប្រមូលយករថយន្តមកជួសជុលវិញដែលជាការប្រកាសលើកទី ២ ក្នុងរយៈពេល ២ សប្តាហ៍នេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះបានបង្កើនការប្រមូលរថយន្តពីចំនួនដែលបានកំណត់ជាបឋមចំពោះរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងប្រេងសាំងដល់ចំនួន ៣១២ ០០០ គ្រឿងកាលពីថ្ងៃទី ៩ ខែឧសភាដោយសារហានិភ័យនៃការរលត់ម៉ាស៊ីន។
បច្ចុប្បន្នក្រុមហ៊ុន BMW នឹងត្រួតពិនិត្យមើលរថយន្តចំនួន ៨៨ ០០០ គ្រឿងទៀតរួមទាំងរថយន្តចំនួន ២០ ម៉ឺនគ្រឿងដែលបានរងផលប៉ះពាល់រួចទៅហើយតាមរយៈការត្រួតពិនិត្យមើលប្រព័ន្ធសុវត្ថិភាពនាពេលកន្លងមក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បានឲ្យដឹងថា៖ «ក្រុមហ៊ុន BMW បានសម្រេចបង្កើនការប្រមូលរថយន្តទាក់ទងនឹងដំណរភ្ជាប់អាគុយដែលមានស្រាប់របស់ខ្លួនយកមកជួសជុលវិញ»។ អ្នកនាំពាក្យរូបនេះបានបន្តឲ្យដឹងថា ក្រុមហ៊ុននឹងប្តូរតំណភ្ជាប់ខ្សែភ្លើងចំនួន ២ កន្លែង។
ម៉ូដែលរថយន្តដែលបានរងផលប៉ះពាល់ដោយការប្រមូលយករថយន្តមកវិញលើកចុងក្រោយបំផុតនេះរួមមានរថយន្តប្រើប្រាស់ប្រេងសាំង និងម៉ាស៊ូត 3 Series ទាំងអស់ដែលត្រូវបានផលិតចាប់ពីខែធ្នូ ឆ្នាំ ២០០៤ ដល់ខែកក្កដាឆ្នាំ ២០១១។
ម៉ូដែលរថយន្តដែលបានរងផលប៉ះពាល់ក្នុងការប្រមូលរថយន្តមកវិញកាលពីថ្ងៃទី ៩ ខែឧសភាមានរថយន្ត BMW 1 Series, 3 Series និងរថយន្តម៉ូដែល Z4 ព្រមទាំងរថយន្តម៉ូដែល X1 ដែលត្រូវបានផលិតនៅចន្លោះពីខែមីនាឆ្នាំ ២០០៧ ដល់ខែសីហា ឆ្នាំ ២០១១។
អ្នកនាំពាក្យរូបនេះបានបន្តឲ្យដឹងកាលពីថ្ងៃសុក្រថា៖ «យើងកំពុងឆ្លៀតឱកាសនៃការប្រមូលរថយន្តយកមកជួសជុលវិញដែលមានស្រាប់នេះ ដើម្បីត្រួតពិនិត្យមើលសម្រាប់ជាការបង្ការ»។
លោកបានបន្តឲ្យដឹងថា៖ «ការធ្វើបែបនេះយើងកំពុងចាត់វិធានការប្រុងប្រយ័ត្នជាមុនគ្រប់យ៉ាងទាក់ទងនឹងសុវត្ថិភាព ទន្ទឹមនឹងការកាត់បន្ថយការរំខានឲ្យដល់កម្រិតអប្បបរមា និងផលប៉ះពាល់ចំពោះអតិថិជនដែលបានរងផលប៉ះពាល់ផងដែរ»៕ BP