ក្រុងញូវយ៉កៈ ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing កាលពី​ចុង​សប្តាហ៍​មុន​បានបង្ហាញ​យន្តហោះ 737 MAX ស៊េរី​ចុងក្រោយ​បំផុត​របស់​ខ្លួន ទោះបី​ជា​យន្តហោះ​ប្រភេទ​នេះ​នៅ​តែ​ត្រូវបាន​ចត​ចោល​នៅ​ទូទាំង​ពិភពលោក បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ ២ ​គ្រឿង​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ក៏ដោយ​។

ក្រុមមន្ដ្រី​របស់​ក្រុមហ៊ុន Boeing បានដាក់​បង្ហាញ​យន្តហោះ 737 MAX 10 នៅក្នុង​ពិធី​មួយ​នៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន Boeing ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​បានចេញ​ផ្សាយ​រូបថត​យន្តហោះ​ដែល​មាន​រំលេច​ពណ៌​ស និង​ពណ៌​ខៀវ ដោយ​មាន​ការតុបតែង​ឡូហ្គោ​ក្រុមហ៊ុន Boeing ។

យន្តហោះ MAX ត្រូវបាន​ចត​ចោល​ចាប់​តាំងពី​ខែ​មីនា​មក បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ ២ ​គ្រឿង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៣៤៦ ​នាក់​។

ក្រុមហ៊ុន Boeing បាន​កាត់បន្ថយ​ការចែកចាយ​យន្តហោះ​ថ្មីៗ និង​កាត់បន្ថយ​កម្រិត​ការផលិត​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​ការងារ​ដើម្បី​បំពេញចិត្ត​និយតករ​ថា យន្តហោះ MAX មាន​សុវត្ថិភាព​។

ក្រុមហ៊ុន Boeing បានប្រកាស​ការបញ្ជាទិញ​ថ្មីៗ​សម្រាប់​យន្តហោះ MAX កាលពី​ដើម​សប្ដាហ៍​មុន​នៅក្នុង​ពិព័រណ៍​យន្តហោះ​នៅ​ទីក្រុង​ឌូបៃ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​ឲ្យ​ដឹងថា ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​នឹង​នៅតែ​មិន​ច្បាស់លាស់ រហូត​ដល់​និយតករ​បញ្ជាក់​ច្បាស់​ថា យន្តហោះ MAX នឹងដាក់​ឲ្យ​ដំណើរការ​ជាថ្មី​។

យន្តហោះ​ម៉ូដែល MAX 10 ដែល​ធំ​ជាង​យន្តហោះ​ស៊េរី​មុនៗ​នឹង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ការហោះហើរ​ប្រសើរ​ជាង​មុន ដែល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​មើលឃើញ​ថា ជា​កត្ដា​ដ៏សំខាន់​មួយ​នៅក្នុង​ការធ្លាក់​យន្តហោះ​ទាំង​ ២ ​គ្រឿង​។

ប្រព័ន្ធ MCAS នេះ​ត្រូវបាន​ផ្លាស់ប្តូរ​បនិ្តចបន្តួច ដើម្បី​ផ្ដល់​ដល់​អ្នកបើកបរ​យន្តហោះ​គ្រប់គ្រង​កាន់តែ​ខ្លាំង​ឡើង​។ ប៉ុន្តែ​និយតករ​ដែល​រួមទាំង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​របស់​អាមេរិក​ផងដែរ​នោះ មិន​បាន​បញ្ជាក់​ការទទួលស្គាល់​លើ​ការផ្លាស់ប្តូរ​នេះ​ទេ​។

ក្រុមហ៊ុន Boeing បាន​ឲ្យ​ដឹង​កាលពី​ដើម​ខែ​នេះ​ថា ខ្លួន​សង្ឃឹមថា​នឹង​ទទួល​បាន​ការអនុញ្ញាត​ពី​និយតករ​ឲ្យ​ហោះហើរ​ឡើងវិញ​នៅ​មុន​ចុង​ឆ្នាំនេះ ប៉ុន្តែ​បាន​ពន្យារពេល​ការប៉ាន់ប្រមាណ​របស់ខ្លួន​សម្រាប់​ការចាប់ផ្ដើម​សេវា​ជើងហោះហើរ​ពាណិជ្ជកម្ម​ឡើងវិញ​រហូត​ដល់​ខែ​មករា ដើម្បី​ទុកពេល​ឲ្យ​មាន​ការបណ្ដុះបណ្ដាល​អ្នក​បើកបរ​យន្តហោះ​។

យន្តហោះ MAX 10 មាន ២៣០ ​កៅអី ​ដែល​ច្រើនជាង ២០ ​កៅអី ​ធៀប​នឹង​យន្តហោះ​ដែល​បាន​ធ្លាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air និង​ក្រុមហ៊ុន​អាកាសចរណ៍ Ethi-opian Airlines៕ LA