The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Boeing ប្រឈម​ផល​វិបាក​ធ្ងន់ធ្ងរ​ដោយ​សារ 737 Max

Boeing ប្រឈម​ផល​វិបាក​ធ្ងន់ធ្ងរ​ដោយ​សារ 737 Max

Content image - Phnom Penh Post
យន្តហោះ Boeing ចតនៅព្រលានអន្តរជាតិ Hongqiao​។ រូប AFP

Boeing ប្រឈម​ផល​វិបាក​ធ្ងន់ធ្ងរ​ដោយ​សារ 737 Max

ក្រុង​ញូវយ៉កៈ ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing របស់​អាមេរិក​​បាន​ព្យាករ​កាល​ពី​ខែ​មករា​ថា ឆ្នាំ ២០១៩ នឹង​ជា​ឆ្នាំ​ដែល​មាន​កំណត់ត្រា​ប្រាក់​ចំណេញ​ខ្ពស់ និង​ចែកចាយ​យន្តហោះ​បាន​ច្រើន​​​បំផុត ដោយសារ​យន្តហោះ​ម៉ូដែល 737 MAX ដែល​​ត្រូវ​បាន​កែ​លម្អ​ចេញ​ពី​ម៉ូដែល​ដែល​លក់​ដាច់​បំផុត​របស់​ខ្លួន។

ប៉ុន្តែ​ឥឡូវ ក្នុង​រយៈ​ពេល​តិច​ជាង ២ ខែប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​កំពុង​ជួប​ប្រទះ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ដោយសារ​ ការ​ធ្លាក់​យន្តហោះ​ចំនួន​ ២ ដង ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​​​ម៉ូដែល​តែ​មួយ នោះ​គឺ​​​យន្តហោះ​ Boeing 737 MAX 8។

ប្រទេស និង​ក្រុមហ៊ុន​អាកាសចរណ៍​កាន់​តែ​ច្រើន​ឡើង​បាន​ហាម​ឃាត់​ប្រើប្រាស់ ឬ​ឈប់​ប្រើ​​យន្តហោះ​ម៉ូដែល​នេះ បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines របស់​ប្រទេស ​អូត្យូពី ដែល​បាន​សម្លាប់​មនុស្ស​ទាំង​អស់ ១៥៧ នាក់​នៅ​លើ​យន្តហោះ។

ករណី​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ឧប្បតិ្តហេតុ​​ដូច​គ្នា​នេះ​ទៅ​លើ​យន្តហោះ​ម៉ូដែល 737 MAX 8 ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air របស់​ឥណ្ឌូនេស៊ី​កាល​ពី​ខែ​តុលា​ឆ្នាំមុន​ ដែល​បាន​សម្លាប់​មនុស្ស ១៨៩ នាក់។

តើ 737 MAX ជា​អ្វី?

យន្តហោះ 737 MAX ដែល​បាន​ហោះហើរ​លើក​ដំបូង​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៧ គឺ​ជា​យន្តហោះ​​របស់​ក្រុមហ៊ុន Boeing ដែល​​ផលិត​ឡើង​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​​យន្ត​ហោះ A320 NEO របស់​ក្រុមហ៊ុន Airbus ដែល​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អឺរ៉ុប​នេះ​ប្រជែង​ឈ្នះ​ក្រុមហ៊ុន Boeing ក្នុង​ទីផ្សារ​យន្តហោះ​រយៈ​ចម្ងាយ​មធ្យម។

យន្តហោះ 737 MAX មាន​ ៤ ប្រភេទ គឺ MAX 7, 8, 9 និង MAX 10 ដែល​ប្រភេទ​ទាំង ៤ នេះ ​មាន​ភាព​ខុស​គ្នា​ដោយសារ​​ចំនួន​កៅអី​អ្នក​ដំណើរ​។

យន្តហោះ MAX 8 ថ្លៃ ១២១,៦ លាន​​ដុល្លារ​​ក្នុង ​១ ​គ្រឿង​ជា​តម្លៃ​នៅ​ក្នុង​បញ្ជី ហើយ​កាល​ពី​ឆ្នាំ​មុន​យន្តហោះ​នេះ​បាន​ជួយ​បង្កើត​ប្រាក់​ចំណេញ​ចំនួន ១ ភាគ ៣ នៃ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ Boeing។

គិត​ត្រឹម​ចុង​ខែ​មករា​ឆ្នាំ​នេះ យន្តហោះ 737 MAX ចំនួន ៤ ៦៦១ គ្រឿង​ត្រូវ​បាន​បញ្ជា​ទិញ​ដែល​ស្មើ​នឹង​ប្រហែល ៨០ ភាគរយ​នៃ​ការ​បញ្ជា​ទិញ​សរុប​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន​ Boeing ផលិត​យន្តហោះ 737 MAX ចំនួន ៥២ គ្រឿង​ក្នុង ​១ ​ខែ ហើយ​គ្រោង​បង្កើន​​​ការ​ផលិត​​ដល់ ៥៧ គ្រឿង​នៅ​ឆ្នាំ​នេះ ដើម្បី​សម្រេច​គោល​ដៅ​ចែកចាយ​ឲ្យ​បាន​ពី ៨៩៥ ដល់ ៩០៥ គ្រឿង​នៅ​ឆ្នាំ​នេះ ដែល​នឹង​ជា​ការ​ចែកចាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។

លោក Ken Herbert អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Canaccord បាន​ថ្លែង​​ថា យន្តហោះ​ម៉ូដែល​នេះ «ប្រហែល​​​ជា​កម្មវិធី​សំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​នេះ»។

តើ​នឹង​មាន​អ្វី​ផ្លាស់​ប្តូរ ​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ?

ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines បាន​នាំ​ទៅ​រក​ការ​ផ្អាក​ហោះហើរ​ភាគ​ច្រើន​នៃ​យន្តហោះ​ MAX 8 ចំនួន ៣៥០ គ្រឿង​ដែល​កំពុង​ផ្តល់​សេវា​ហោះហើរ​ក្នុង​ពិភព​លោក ដោយ​ប្រទេស​មួយ​ចំនួន​ថែម​ទាំង​ហាម​មិន​ឲ្យ​យន្តហោះ​នេះ​ហោះ​កាត់​​ដែន​អាកាស​ខ្លួន​​ទៀត​ផង ដោយ​មិន​​គិត​ថា​ តើ​យន្តហោះនេះ​ហោះ​ចេញ​ពី​ប្រទេស​ណា​ឡើយ។

សហរដ្ឋ​អាមេរិក​បន្ត​អនុញ្ញាត​ឲ្យ​យន្តហោះ​នេះ​ហោះហើរ ប៉ុន្តែ​និយតករ​​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Boeing កែ​សម្រួល​ប្រព័ន្ធ​គ្រប់គ្រង​យន្តហោះ​នេះ រួម​ទាំង​ប្រព័ន្ធ​ទប់ស្កាត់​ការ​គាំង​ម៉ាស៊ីន​​ដែល​ហៅថា MCAS ផង​ដែរ។

ការ​បញ្ជា​ទិញ ​នឹង​ទៅ​ជា​យ៉ាង​ណា?

សម្រាប់​ពេល​នេះ មិន​ទាន់​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​បាន​លុប​ចោល​ការ​បញ្ជា​ទិញ​ណា​មួយ​សម្រាប់​យន្តហោះ 737 MAX ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​សារ​ព័ត៌មាន​បាន​រាយការណ៍​ថា ក្រុមហ៊ុន Lion Air កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ជំនួស MAX 8 ជា​មួយ​​ក្រុមហ៊ុន Airbus។

លោក Richard Aboulafia បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Teal Group បាន​ថ្លែង​ថា៖ «អ្វី​ដែល​ក្រុមហ៊ុន Boeing អាច​ធ្វើ​បាន​នៅ​ពេល​បច្ចុប្បន្ន​គឺ​ការ​លះបង់​ធនធាន​ទាំង​អស់​របស់​ខ្លួន​ ដើម្បី​​​សហការ​ជា​មួយ​ក្នុង​ការ​ស៊ើប​អង្កេត និង...បន្ត​ធ្វើ​ការងារ​ជា​មួយ​អតិថិជន​លើ​បញ្ហា​ដែល​កំពុង​កើត​មាន​​ណា​មួយ​​​ពាក់ព័ន្ធ​នឹង​​ប្រតិបត្តិការ​របស់​យន្តហោះ 737 MAX»។

អ្វី​ជា​ផល​ប៉ះពាល់ ​ផ្នែក​ហិរញ្ញវត្ថុ?

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Boeing បាន​ធ្លាក់​ចុះ​ជាង ១១ ភាគរយ​គិត​ចាប់​ពី​ពេល​​ធ្លាក់​យន្តហោះ​​នេះ​មក ដែល​បាន​ឲ្យ​កាត់​បន្ថយ​មូលធនីយកម្ម​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​ជិត ២៧ ពាន់​លាន​ដុល្លារ។ វា​មាន ​ការ​​លំបាក​ក្នុង​ការ​ប៉ាន់​ប្រមាណ​ពី​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​​អ្នក​វិភាគ​កំពុង​សម្លឹង​មើល​សេណារីយោ​ផ្សេងៗ​គ្នា។

បើ​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines និង Lion Air ​រក​ឃើញ​ថា​​បណ្តាល​មក​ពី​បុព្វហេតុ​ដូច​គ្នា ផល​​វិបាក​ផ្នែក​សេដ្ឋកិច្ច​នឹង​​មាន​តិចតួច​បំផុត ដោយ​សារ​ក្រុមហ៊ុន Boeing នឹង​គ្រាន់​តែ​ដាក់​ដំណើរ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​គ្រប់គ្រង​ការ​ហោះហើរ​ប៉ុណ្ណោះ ហើយ​​​សៀវភៅ​ណែនាំ​អំពី​ការ​ហោះហើរ​កំពុង​​​ស្ថិត​ក្នុង​​​ដំណាក់​កាល​ផលិត​​ឡើង​រួច​ហើយ។

លោក Herbert អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Canaccord ប៉ាន់​ប្រមាណ​​ថា នោះ​នឹង​ចំណាយ​​តិច​ជាង ១ ពាន់​លាន​ដុល្លារ ពី​ព្រោះ​ការ​ចំណាយ​លើ​ការ​ផ្លាស់​ប្តូរ​នេះនឹង​មាន​ប្រហែល ២ លាន​ដុល្លារ​ក្នុង ​១ ​គ្រឿង។​

លោក Aboulafia ឲ្យ​ដឹង​ថា តែ​​​បើ​​ក្រុម​អ្នក​ស៊ើប​អង្កេត​រក​ឃើញ​បុព្វហេតុ​ផ្សេង​មួយ​ទៀត​នោះ ការ​ចំណាយ​​នឹង​មាន​កាន់​តែ​ច្រើន ដោយ​សារ​​វា​ទំនង​ជា​នឹង​តម្រូវ​ឲ្យ​យន្តហោះ​ម៉ូដែល​នេះ​ចត​ទុក​ចោល​​មួយ​រយៈ​ពេល ហើយ​​នឹង​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ជួលជុល និង​ការ​ផ្តល់​សំណង​ធំៗ ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ស្វែង​រក​យន្តហោះ​ជំនួស ដើម្បី​ផ្តល់​សេវា​ហោះហើរ​របស់​ពួក​គេ៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍