ក្រុងញូវយ៉កៈ ក្រុមហ៊ុន Boeing មាន​ផែនការ​ចាប់ផ្តើម​បង្កើន​ផលិតកម្ម​យន្តហោះ 737 MAX មុនពេល​ទទួល​បាន​ការអនុម័ត​ផ្នែក​និយតកម្ម​ឲ្យ​ហោះហើរ​យន្តហោះ​ម៉ូដែល​នេះ​ឡើងវិញ​។ នេះ​បើ​យោងតាម​លោក David Calhoun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ពុធ​។

លោក Calhoun ដែល​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុងអំឡុងពេល​វីដេអូ​សន្និសីទ​រយៈពេល​ ១ ​ម៉ោង​មុន​បាន​ច្រាន​ចោលការ​លើកឡើងថា យន្តហោះ MAX អាច​ត្រូវ​ចត​ទុកចោល​ជា​អចិន្ត្រៃយ៍​។

ជំនួស​មកវិញ​លោក​បាន​ពិពណ៌នា​អំពី​ផែនការ​បង្កើន​ផលិតកម្ម​មួយ​ដែល​នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុន​មុន​ពាក់កណ្តាល​ឆ្នាំនេះ ដោយ​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន «​មាន​ភាពល្អប្រសើរ​មុនពេល​នោះ​»​។

ការថ្លែង​នេះ​បាន​កើត​មាន​ឡើង​ ១ ​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន Boeing បាន​ពន្យារពេល​ជា​ផ្លូវការ​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ ២០២០ សម្រាប់​ការទទួល​បាន​ការអនុម័ត​ផ្នែក​និយតកម្ម​សម្រាប់​យន្តហោះ MAX ដែល​ត្រូវបាន​ចត​ទុកចោល​ចាប់ពី​ខែ​មីនា​ឆ្នាំមុន​មក បន្ទាប់ពី​មាន​ករណី​ធ្លាក់​ចំនួន​ ២ ​លើក​។

ក្រុមហ៊ុន Boeing នៅ​ខែ​នេះ​បាន​ពន្យារពេល​ផលិតកម្ម​យន្តហោះ MAX ដែល​លក់ដាច់​បំផុត​របស់ខ្លួន ដោយ​លើកឡើង​ពី​ភាពមិន​ប្រាកដប្រជា​ចំពោះ​ពេលវេលា​ដែល​និយតករ​នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​នេះ​ហោះហើរ​ឡើងវិញ​។

លោក Calhoun ថ្លែងថា ពេលវេលា​កំណត់​ថ្មី​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មានការ​សម្រេចចិត្ត​មួយ​នៅ​ដើមខែ​នេះ ដើម្បី​អនុម័ត​ឲ្យ​មានការ​បណ្តុះបណ្តាល​អ្នក​បើកបរ​យន្តហោះ​សម្រាប់​អ្នកបើកបរ​យន្តហោះ MAX និង​បាន​ឆ្លុះបញ្ចាំង​ពី​បំណង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ចង់​ឲ្យ​មាន​ពេល​កំណត់​ហោះហើរ​ឡើង​វិញ​ជាក់លាក់​មួយ​៕ KC