ភ្នំពេញៈ ក្រោយ​ពី​បាន​ចូល​មក​វិនិយោគ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ កម្ពុជា អស់​​រយៈ​ពេល​ ១៤ ឆ្នាំ​​​មក​ Bosch ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ ផ្នែក​បច្ចេក​វិទ្យា និង​សេវា​កម្ម ​ឈា​ន​មុខ​គេ​មួយ​ ​មាន​ការ​ប្ដេជ្ញា​ចិត្ត​រយៈ​ពេល​វែង​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​ ហើយ​មាន​បំណង​​ប្រើ​ប្រាស់​ជំនាញ​របស់​ខ្លួន ក្នុង​ការ​​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។​​

អ្នក​យក​ព័ត៌​មាន​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ បាន​ជួប​សម្ភាស​លោក ហៃ​ ភិរម្យ អគ្គ​នាយក​ក្រុមហ៊ុន ​Bosch ​ប្រចាំ​កម្ពុជា​ ដើម្បី​ផ្ដល់​​ចក្ខុ​វិស័យ​នៃ​​ប្រតិបត្តិ​ការ​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ក្នុង​ឧស្សាហ​កម្ម​រថយន្ត​ និង​ការ​ពិនិត្យ​មើល​ថា តើ​​វិស័យ​ឯក​ជន​រួម​ចំណែក​ក្នុង​ការ​កែ​លម្អ​បញ្ហា​​ផ្លូវ​ថ្នល់ និង​សុវត្ថិភាព​រថយន្ត​ដូច​ម្ដេច​?

តើ​ក្រុមហ៊ុន ​Bosch​ បាន​បើក​ដំណើរ​ការ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ពី​​ពេល​ណា​?​

ក្រុមហ៊ុន Bosch បាន​ចូល​មក​វិនិយោគ​ជា​លើក​ដំបូង​នៅ​កម្ពុជា​​កាល​ពី​ឆ្នាំ ២០០៤ ​តាម​រយៈ​ពាណិជ្ជ​កម្ម​ឧបករណ៍​អគ្គិ​សនី​របស់​ខ្លួន​។​ បន្ទាប់​មក​គឺ​​ប្រព័ន្ធ​គ្រឿង​បន្លាស់​ និង​ប្រព័ន្ធ​សុវត្ថិ​ភាព​រថយន្ត​ ១ ​​ឆ្នាំ​ក្រោយ​មក​។​ ជា​មួយ​នឹង​ការ​ពង្រីក​​សកម្ម​ភាព​ពាណិជ្ជ​កម្ម​របស់​ខ្លួន​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ កាល​ពី​ឆ្នាំ​​ ២០១៣ ​ក្រុម​ហ៊ុន Bosch បាន​​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​​ចំពោះ​ទីផ្សារ​កម្ពុជា​ តាម​រយៈ​​ការ​ប្រែ​ក្លាយ​ទៅ​ជា​ស្ថាប័ន​​​ផ្នែក​ច្បាប់​​មួយ​ ដែល​អាច​​ឲ្យ​​ក្រុម​ហ៊ុន​មួយ​នេះ​បង្កើន​ការ​គាំទ្រ​ការ​លក់​កាន់​តែ​ខ្លាំង​ឡើង​ដល់​​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​​​​​ផលិតផល​ និង​ដំណោះ​ស្រាយ​ផ្សេង​ៗ​របស់​ខ្លួន​។​​

កម្ពុជា​ គឺ​ជា​ប្រទេស​ដែល​រីក​ចម្រើន​រហ័ស​​នៅ​ក្នុង​តំបន់​ ដោយ​ជា​មធ្យម​មាន​កំណើន​សេដ្ឋ​កិច្ច ៧ ភាគរយ​​ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​។ វត្ត​មាន​ក្នុង​ស្រុក​អាច​ឲ្យ​ Bosch ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ពិភព​លោក​មួយ ​ផ្នែក​បច្ចេក​វិទ្យា និង​សេវា​ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​នេះ​ តាមរយៈ​ការ​ផ្ដល់​​ផលិត​ផល​​មាន​គុណ​ភាព​​ និង​សេវា​របស់​ប្រទេស​ អាល្លឺ​ម៉ង់ ដល់​ទីផ្សារ​កម្ពុជា​។​

បើ​សម្លឹង​មើល​ទៅ​ឧស្សាហ​កម្ម​ជា​ច្រើន ​ដែល​ក្រុម​ហ៊ុន Bosch អាច​ដោះ​ស្រាយ​ជា​មួយ​​ផលិត​ផល​ជា​ច្រើន​​​របស់​ខ្លួន តើ​​នៅ​ក្នុង​ឧស្សាហ​កម្ម​ ណា​មួយ​ដែល​អ្នក​មើល​ឃើញ​ថា ជា​ឱកាស​​មួយ​នៅ​កម្ពុជា?​​​

យើង​មើល​ឃើញ​​កំណើន​តម្រូវ​ការ​ខាង​​ដំណោះ​ស្រាយ​គ្រឿង​បន្លាស់​រថយន្ត​ ​និង​សម្រាប់​គ្រឿង​យន្ត​ធុន​ធ្ងន់​ និង​រថ​យន្ត​ដឹក​ទំនិញ​ ដែល​យើង​ហៅ​​ថា ទីផ្សារ «​រថយន្ត​បើក​បរលើ​ ផ្លូវ​ពិ​បាក​»។ ​​បើ​យោង​តាម​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​ ចំនួន ​រថ​យន្ត​ចុះ​បញ្ជី​ត្រឹម​ឆ្នាំ ២០១៧ នៅ​កម្ពុជា​​មាន​ប្រហែល ៤ ​លាន​គ្រឿង​។ ទិដ្ឋ​ភាព​នៃ​ទីផ្សារ​​​រថយន្ត​របស់​កម្ពុជា ​កំពុង​មាន​ភាព​ចម្រុះ​ទាក់ទង​នឹង​ចំនួន​នៃ​ការ​ផលិត និង​ម៉ូដែល​រថយន្ត​​នៅ​ក្នុង​ប្រទេស​នេះ​​។​

ក្រុមហ៊ុន ​Bosch កំពុង​គាំទ្រ​និន្នា​ការ​នេះ​ តាម​រយៈ​​ការ​បន្ត​ពង្រីក​​ផលិតផល​​របស់​ខ្លួន។ ​ស្រប​នឹង​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​លើក​កម្ពស់​របស់​ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​ដើម្បី​កែ​​លម្អ​សុវត្ថិ​ភាព​របស់​រថយន្ត​ដឹក​ទំនិញ​ យើង​កំពុង​ពង្រីក​បន្ថែម​ទៀត​នូវ​​ ផល​បត្រ​ផលិត​ផល​របស់​យើង​ ដោយ​​ការ​នាំ​ឧបករណ៍​ និង​យក​​គ្រឿង​បន្លាស់​ និង​គ្រឿង​ម៉ាស៊ីន​កាន់​តែ​ច្រើន​ (ផ្នែក​ផលិត​រថ​យន្ត​ធុន​ធ្ងន់​)។​

មាន​ការ​ធានា​សេវា​កម្ម​ប្រកប​ដោយ​គុណ​ភាព​យ៉ាង​ណា​ ខណៈ​នៅ​ទី​នេះ​ក៏​មាន​​ទីផ្សារ​ក្រៅ​ផ្លូវ​ការ​ច្រើន​ផង​ដែរ​?​

យើង​ធ្វើ​ការងារ​យ៉ាង​​​ប្រសើរ​ជា​មួយ​ដៃគូ​របស់​យើង​នៅ​​​ប្រទេស​ជិត​ខាង​ ដើម្បី​ធានា​ផលិត​ផល​ប្រកប​ដោយ​គុណ​​ភាព​ ទោះបី​ជា​​យើង​នៅ​តែ​ប្រឈម​បញ្ហា​មួយ​ចំនួន​សម្រាប់​ពួក​យើង​ក៏​ដោយ​ ខណៈ​​ប្រតិ​បត្តិ​ការ​ស្រប​ច្បាប់​ពេញ​លេញ​នៅ​ទី​នេះ​ វា​នៅ​តែ​មាន​​ផលិត​ផល​ក្លែង​ក្លាយ​ ឬ​​ផលិត​​ផល​​នាំ​ចូល​ក្រៅ​ផ្លូវ​ការ​មក​ទីផ្សារ​នេះ​។

ប៉ុន្តែ​យើង​បាន​ព្យាយាម​​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​នេះ ហើយ​យើង​សហ​ការ​ជា​មួយ​នគរ​​បាល​ប្រឆាំង​​ផលិត​ផល​ក្លែង​​ក្លាយ​ ដើម្បី​គ្រប់​គ្រង​ផង​ដែរ​។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អតិថិជន​របស់​យើង​ ពិត​ជា​​បាន​ទទួល​សេវា​មាន​គុណ​ភាព​ល្អ​ពី​យើង​ផង​ដែរ​។​ ផលិត​ផល​ឧបករណ៍​ជាង​​ជំនាញ​ក្រុមហ៊ុន BOSCH មាន​លេខកូដ​សម្គាល់​ ដែល​​អាច​បញ្ជាក់​ដោយ​អនឡាញ ​និង​​មាន​ការ​បញ្ជាក់​​លេខ​កូដ​ អតិថិជន​នឹង​ទទួល​​អត្ថ​ប្រយោជន៍​ ការ​ធានា​ ដែល​ពួក​គេ​​មិន​អាច​ទទួល​​បាន​ពី​ទីផ្សារ​ក្រៅ​ផ្លូវ​ការ​​នោះ​ទេ​។​

តើ​អ្វី​ជា​ការ​ប្ដេជ្ញា​ចិត្ត​បន្ថែម​ទៀត​របស់​ក្រុម​ហ៊ុន​ Bosch នៅ​ក្នុង​ឧស្សាហ​កម្ម​រថយន្ត​របស់​ប្រទេស​ កម្ពុជា​?​

យើង​អាច​និយាយ​ថា ​មិន​មាន​រថយន្ត​ណា​មួយ​ដែល​មិន​ប្រើ​ផលិត​ផល​​​ក្រុមហ៊ុន​ Bosch ឬ​ជា​គ្រឿង​បង្គុំ​របស់ Bosch ទេ ​បើ​មិន​ច្រើន​ក៏​តិច​តួច​ដែរ​ ដែល​បាន​បំពាក់​នៅ​ក្នុង​រថយន្ត​ទាំង​នោះ​។​

ក្រុមហ៊ុន Bosch មាន​បំណង​ធានា​ផលិត​ផល​​មាន​គុណ​ភាព​ខ្ពស់ ជា​​មួយ​នឹង​​បច្ចេក​វិទ្យា​ចុង​ក្រោយ​ ត្រូវ​បាន​​ផ្ដល់​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​របស់​​ទីផ្សារ​រថយន្ត​ក្នុង​ស្រុក​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ពិភព​លោក​ដ៏​សំខាន់​​មួយ​នៅ​ក្នុង​ទីផ្សារ​រថយន្ត​ ​ក្រុមហ៊ុន​ Bosch គឺជា​ជំនួយ​នៅ​ពី​ក្រោយ​កន្លែង​​កើត​ហេតុ​នៃ​ដង​ផ្លូវ និង​សុវត្ថិភាព​​រថយន្ត​។ បើ​យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​​ថ្មី​ៗ​ បាន​ពី​អង្គការ​សុខភាព​ពិភព​លោក​ ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​​លើ​ពិភព​លោក បាន​កើន​ឡើង​ដល់​ ១,​៣៥ ​​លាន​នាក់​ប្រចាំ​ឆ្នាំ​ ​ក្នុង​នោះ​ប្រជាជន​ប្រហែល​ ៣ ៧០០ នាក់​ស្លាប់​តាម​ផ្លូវ​ជា​រៀង​​រាល់​ថ្ងៃ។ ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​ប្រជាជន ​១ ៧៣៦ ​នាក់​បាន​ស្លាប់​​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​មក​ដល់​​ឆ្នាំ​នេះ​។​

ក្រុម​ហ៊ុន Bosch បន្ត​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ការ​ស្រាវជ្រាវ​ និង​ការ អភិវឌ្ឍ​ ក្នុង​ការ​បង្កើត​បច្ចេក​វិទ្យា​រថយន្ត​សង្គ្រោះ​ជីវិត​ ដូច​ជា​ ប្រព័ន្ធ ​ABS​ និង ESP ​។​ ABS និង​ ESP ​​បាន​​សង្រ្គោះ​ជីវិត​​មនុស្ស​រាប់​ពាន់​នាក់​នៅ​ជុំ​វិញ​ពិភព​លោក​។ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ បច្ចេក​វិទ្យា​សុវត្ថិ​ភាព​ទាំង​នេះ​​ ត្រូវ​តែ​មាន​នៅ​ក្នុង​រថយន្ត​ចុះ​បញ្ជី​ថ្មី​ៗ​​នៅ​អឺរ៉ុប ហើយ​នៅ​អាស៊ាន ​​ម៉ាឡេ ស៊ី ជា​ប្រទេស​ដំបូង​ដែល​​ផ្ដល់​សិទ្ធិ​ក្នុង​ការ​បំពាក់​ប្រព័ន្ធ ESP នៅ​ក្នុង​រថយន្ត​ថ្មី​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​ ២០១៨។

តើ​អត្រា​មរណ​ភាព​ដែល​ជាប់​ទាក់ទង​នឹង​ផ្លូវ​ថ្នល់​ អាច​ដោយ​សារ​តែ​ឥរិយាបថ​​ការ​បើក​បរ​ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​ភាព​ធ្វេស​ប្រហែស​​​របស់​អ្នក​បើក​បរ​ដែរ​ឬ​ទេ?

គ្រោះថ្នាក់​​ប្រ​ហែល ៩០ ​ភាគរយ​អាច​ត្រូវ​បាន​សន្មត​ដោយ​សារ​តែ​កំហុស​របស់​មនុស្ស​។ ​ឧទាហរណ៍ ​​ហានិភ័យ​មិន​ត្រូវ​បាន​រក​ឃើញ ឬ​ស្ថាន​ការ​​ណ៍​មិន​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ត្រឹម​ត្រូវ​ ហើយ​អ្នក​បើក​បរ​មាន​ប្រតិកម្ម​យឺត​ពេក ឬ​មិន​ត្រឹម​ត្រូវ។ ការ​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួល​បាន​ពី​ការ​ស្រាវជ្រាវ​គ្រោះថ្នាក់​ផ្សេង​ៗ​ ក្រុម​ហ៊ុន Bosch កំពុង​វិនិយោគ​លើ​ការ​បង្កើត​បច្ចេក​វិទ្យា​ដែល​ជួយ​អ្នក​បើកបរ​រថយន្ត​ ដើ​ម្បី​គេច​ផុត​ពី​ហានិ​ភ័យ​ដែល​អាច​កើត​ឡើង​។ ក្រុមហ៊ុន Bosch ជឿ​ជាក់​ថា មាន​តែ​តាម​រយៈ​វិធាន​ការ​រួម​ប៉ុណ្ណោះ​ ទើប​យើង​​មើល​ឃើញ​​ការ​ផ្លាស់​ប្តូរ​។​

យើង​អំពាវ​នាវ​​ឲ្យ​មាន​ការ​ពិ​ភាក្សា​យ៉ាង​សកម្ម​បន្ថែម​ទៀត និង​ការ​សហការ​រវាង​រដ្ឋា​ភិបាល សហគមន៍​វិទ្យា​សាស្ដ្រ​ អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ ឧស្សាហ​កម្ម​រថយន្ត​ និង​សាធា​រណ​ជ​ន​​ទូទៅ​ត្រូវ​ចាប់​យក​អត្ថ​ប្រយោជន៍​បច្ចេក​​វិទ្យា​ថ្ងៃ​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ផ្លូវថ្នល់​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​គ្រប់​គ្នា​។ យើង​ទាំង​អស់​​គ្នា​ត្រូវ​ទទួល​ខុស​ត្រូវ​រួម​គ្នា​ក្នុង​ការ​ធានា​ថា​ កម្ពុជា​មិន​ឲ្យ​មា​ន​គ្រោះថ្នាក់​ ហើយ​ក្រុម​ហ៊ុន​ Bosch​ គាំទ្រ​​យ៉ាង​ពេញ​ទំហឹង​ដល់​ចក្ខុវិ​ស័យ​នេះ​​។​

ដូច​​​អ្នក​បាន​លើក​ឡើង ​នៅ​អាស៊ាន ​​ម៉ាឡេស៊ី​ ជា​ប្រទេស​ដំបូង​​គេ​ ក្នុង​ការ បង្កើត​ច្បាប់​ឧបករណ៍​បច្ចេក​វិទ្យា​សុវត្ថិ​ភាព​ដូច​ជា ESP នៅ​ក្នុង​រថយន្ត​ថ្មី​ទាំង​អស់។ តើ​អ្នក​គិត​ថា​ រដ្ឋាភិបាល​​កម្ពុជា​គួរ​តែ​បង្កើត​ច្បាប់​នេះ​ដែរ​ឬ​ទេ​?​

យើង​ជឿជាក់​ថា​ រថយន្ត​កាន់​តែ​មាន​សុវត្ថិ​ភាព​ ស្មើ​នឹង​ផ្លូវ​ថ្នល់​កាន់​តែ​មាន​សុវត្ថិភាព​ រថយន្ត​ដែល​បាន​បំពាក់​ដោយ​​បច្ចេក​វិទ្យា​សុវត្ថិ​ភាព​ ដូចជា ES​P​ នឹង​ជួយ​ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​កាន់​តែ​មាន​សុវត្ថិភាព​។

យើង​បន្ត​ត្រួត​ពិនិត្យ​ស្ថាន​ការណ៍​ហើយ​សង្ឃឹម​ថា ក្រុមហ៊ុន​កាន់តែ​ច្រើន ​នឹង​ចូលរួម​​នៅ​ក្នុង​ការ​អប់រំ​ និង​គាំទ្រ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​។​យើង​ទន្ទឹង​រង់ចាំ​​​ការ​បង្កើត​ច្បាប់​បន្ថែម​​ទៀត ស្ដី​ពី​សុវត្ថិភាព​ផ្លូវ​ថ្នល់​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា ហើយ​នឹង​ផ្ដល់​ការ​គាំទ្រ​នៅ​ក្នុង​មធ្យោ​បាយ​ណា​មួយ ​ដែល​យើង​អាច​ជួយ​ធ្វើ​ឲ្យ​ការ​បើក​បរ​ និង​ការ​ជិះ​រថយន្ត​​ប្រកប​ដោយ​សុវត្ថិ​ភាព​នៅ​ក្នុង​ប្រទេស​ កម្ពុជា៕ ​LA