ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​ឯកជន Belt Road Capital Management (BRCM) បាន​ទិញ​ភាគហ៊ុន​ចំនួន ៤០ ​ភាគរយ​ក្នុង​ក្រុមហ៊ុន Sabay Digital Corporation ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​ហ្គេម​កម្សាន្ត​តាម​ទូរស័ព្ទដៃ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទំនើប និង​មាន​ភាព​ទាក់ទាញ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក Alex Odom នាយក​ផ្នែក​វិនិយោគ​ក្រុមហ៊ុន BRCM បាន​និយាយ​ថា ជាមួយ​នឹង​ភាពលេចធ្លោ​របស់ Sabay ក្នុង​ឧស្សាហកម្ម​ហ្គេម​កម្សាន្ត​នៅ​កម្ពុជា និង​មាន​ក្រុម​អ្នក​ជំនាញ​ក្នុង​ការ​ផ្សព្វផ្សាយ និង​បែងចែក​មាតិកា​នោះ យើង​មាន​ជំនឿ​ថា​ក្រុមហ៊ុន​នេះ​នឹង​រីកចម្រើន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ឧស្សាហកម្ម​ហ្គេម​កម្សាន្ត​នៅ​ពេល​អនាគត​។

លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay បាន​និយាយ​ថា កិច្ចព្រមព្រៀង​ជា​យុទ្ធសាស្ត្រ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​ការអភិវឌ្ឍ​កម្មវិធី​ហ្គេម​នៅ​តាម​អនឡាញ​របស់ Sabay កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ លោក​ថ្លែង​ថា​៖ «​យើង​រីករាយ​ក្នុង​ការ​សហការ​ជា​យុទ្ធសាស្ត្រ​ជាមួយ BRCM ដើម្បី​ពង្រឹង​ដំណើរការ​របស់​យើង​នាពេល​នេះ និង​ពង្រីក​ខ្លួន​ចូល​ទៅ​ទីផ្សារ​ផ្សេង​ទៀត​ដែល​យើង​មិន​ទាន់​បាន​ទៅ​ដល់​»​។

ទោះបី​ជា​យ៉ាង​ណា​តម្លៃ​ទិញ​ភាគហ៊ុន​ចំនួន​ ៤០ ​ភាគរយ​នេះ​មិន​ត្រូវ​បាន​លោក​ប្រាប់​ឲ្យ​ដឹង​នោះ​ទេ ដោយ​ការទិញ​នេះ​មាន​រួមបញ្ចូល​ទាំង​បច្ចេកទេស​ផង​។

បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៧ Sabay បាន​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហ្គេម​កម្សាន្ត​នាំមុខ​គេ​មួយ​នៅ​កម្ពុជា​តាមរយៈ​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ការលេង​ហ្គេម​កម្សាន្ត​តាម​ប្រព័ន្ធ​អនឡាញ ដែល​មាន​ដូចជា Sabay Osja និង SVOD Serivce SOYO ជាដើម​៕