ភ្នំពេញៈ Century 21 Cambodia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ធនាគារ BRED Bank Cambodia ដោយ​តែងតាំង​ធនាគារ​នេះ​ជា​ដៃគូ​ហិរញ្ញវត្ថុ​របស់ខ្លួន​សម្រាប់​អចលនទ្រព្យ ដែល​ផ្សព្វផ្សាយ​ផ្ដាច់មុខ​ដោយ​បណ្ដាញ​ក្រុមហ៊ុន Century 21 Cambodia Network​។

អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក Seraj Sutton អគ្គនាយក​ក្រុមហ៊ុន Century 21 Cambodia និង​លោក Guillaume Perdon អគ្គនាយក​ធនាគារ BRED Bank Cambodia​។

លោក Seraj Sutton បានឱ្យ​ដឹងថា លោក​មាន​ក្ដី​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ធនាគារ BRED Bank Cambodia ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ពិភពលោក​។ BRED Banque Populaire បាន​កា្លយ​ជា​ធនាគារ​អឺរ៉ុប​លើក​ដំបូង​ដែល​បាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៧​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ការសហការ​គ្នា​នេះ​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការបង្កើត​ឱកាស​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន និង​ក្រុម​វិនិយោគិន ខណៈ​ដែល​អាចឱ្យ​ប្រជាជន​កម្ពុជា​ទិញ​អចលនទ្រព្យ​ក្នុង​ក្ដីសុបិន​របស់​ពួកគេ​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​អតិថិជន​របស់​យើង​នឹងមិន​គ្រាន់តែ​បាន​ទទួល​ការកាន់កាប់​លំនៅឋាន​ថ្មី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែមទាំង​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ហិរញ្ញប្បទាន​ដែល​ប្រកួតប្រជែង និង​បត់បែន​ដែល​បានផ្ដល់​ដោយ​ធនាគារ BRED Bank Cambodia ទៀតផង​»​។

Century 21 Cambodia គឺជា​ភ្នាក់ងារ​លក់​ផ្ដាច់មុខ​នូវ​គម្រោង​ធំៗ​ជាច្រើន​នៅ​កម្ពុជា ដូចជា គម្រោង Forest Harmony គម្រោង Golf Harmony គម្រោង Residence Harmony គម្រោង Lagoon Harmony និង​គម្រោង Living Harmony ជាដើម​។

កាល​ខែ​តុលា ឆ្នាំមុន Forest Harmony Co Ltd ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង Forest Harmony ក៏បាន​ប្រកាស​ការដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​គម្រោង «Golf Harmony» ដែលជា​ដំណាក់កាល​ទី​ ២ នៃ​គម្រោង Forest Harmony ប្រកប​ដោយ​ជោគជ័យ​របស់ខ្លួន​។

លោក Guillaume Perdon បាន​យល់ស្រប​នឹង​គំនិត​របស់លោក Sutton ដែល​បាន​លើកឡើង​ថា​៖ «​យើង​រីករាយ​ក្នុង​ការសម្រេចបាន​អនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន Century 21 Cambodia​។ ធនាគារ BRED Bank Cambodia បានធ្វើការ​ប្ដេជ្ញាចិត្ត​យ៉ាងរឹងមាំ​ថា នឹង​គាំទ្រ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​។ មិន​គ្រាន់តែ​ផ្ដល់ឱ្យ​យើង​នូវ​ស្ដង់ដា​អន្តរជាតិ​ខ្ពស់បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​មាន​ទំនុកចិត្ត​ថា កម្ចី​ទិញ​ផ្ទះ​របស់​យើង​នឹង​តំណាង​ឱ្យ​តម្លៃ​ល្អ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ទន្ទឹងរង់ចាំ​ការធ្វើជា​ដៃគូ​រយៈពេល​យូរ និង​គួរឱ្យ​រីករាយ​នេះ​ជាមួយ​ក្រុមហ៊ុន Century 21 Cambodia»៕ LA