
បាត់ដំបងៈ រោងម៉ាស៊ីនកិនស្រូវ Battambang Rice Investment Company Ltd ឬ Brico នៅស្រុកថ្មគោលត្រូវបានដាក់ឲ្យដំណើរជាផ្លូវការ ជាមួយនឹងគម្រោងកិច្ចសន្យាទិញស្រូវពីកសិករ។ គម្រោងកិច្ចសន្យានេះនឹងដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៤។
លោក យក់ ចំរើនរិទ្ធិ ជាប្រធាន និងជាម្ចាស់ចំណែកភាគហ៊ុននៅរោងចក្រកិនស្រូវ Brico បានឲ្យដឹងថា ខាងក្រុមហ៊ុនកំពុងរៀបចំការងារដើម្បីអនុវត្តគម្រោងនេះ។
លោកមានប្រសាសន៍ថា៖ «ការធ្វើកិច្ចសន្យាជាមួយកសិករគឺដើម្បីធានាបានការផ្គត់ផ្គង់ អង្ករសម្រាប់ការនាំចេញ ហើយក៏ដើម្បីធានាបានតម្លៃសមរម្យសម្រាប់កសិករ»។
គម្រោងកិច្ច សន្យាទិញស្រូវពីកសិករនេះនឹងធានាបានគុណភាពនិងបរិមាណស្រូវដែល ផលិតបាន។ លោកបានបន្តថា៖ «យើងមានគម្រោងសកម្មភាពហើយ។ យើងក៏បានទាក់ទងជាមួយសហគមន៍កសិកររួចហើយដែរ។យើងកំពុងកសាង ទំនាក់ទំនងនិងទំនុកចិត្តជាមួយកសិករដើម្បីឈានដល់ការចុះកិច្ច សន្យា»។
លោក យ៉ង សាំងកុមារ ប្រធានអង្គ-ការ សេដាក មានប្រសាសន៍ថា បញ្ហាប្រឈមភាគច្រើនរបស់កសិករគឺតម្លៃទីផ្សារប្រែប្រួលខ្លាំង ដែលធ្វើឲ្យកសិករប្រថុយប្រថានខ្លាំង ដោយសារកង្វះព័ត៌មានអំពីបរិមាណតម្រូវការ និងតម្លៃទីផ្សារអង្ករនៅលើពិភពលោកដែលធ្វើឲ្យកសិករមិនអាច កំណត់តម្លៃ និងបរិមាណផលិតតាមតម្រូវការទីផ្សារ។
លោក ប្រាក់ ណៃ កសិករដែលមានដីស្រែ១៥ ហិកតាក្នុងខេត្តបាត់ដំបង ដែលធ្លាប់តែលក់ស្រូវទៅឲ្យឈ្មួញកណ្តាលនោះប្រាប់ថា លោកបានខាតបង់ប្រាក់ជាច្រើនពាន់ដុល្លារពេលដែលតម្លៃស្រូវឡើង ចុះលឿនពេក។
លោកបន្តថា៖ «ឈ្មួញគេពិភាក្សាគ្នាហើយ ដាក់តម្លៃ ហើយបើកសិករមិនលក់ ទៅលក់ឲ្យអ្នកណា? ស្រូវទុកមិនបាន ការប្រាក់ចេះតែឡើង។ ចាំចាច់កសិករត្រូវធ្វើកុងត្រា។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយនេះ ប្រសិនបើធ្វើកុងត្រាបាន នឹងមិនពិបាកពេកទេ»។
កសិករ ប្រាក់ ណៃ សង្ឃឹមថា កិច្ចសន្យាផ្គត់ផ្គង់ទិញស្រូវទៅឲ្យរោងម៉ាស៊ីនកិនស្រូវ នឹងជួយកាត់បន្ថយហានិភ័យរបស់កសិករដែលខ្ចីបុលសម្រាប់ធ្វើ កសិកម្ម។
លោក នឹម គួន កសិករម្នាក់នៅ ឃុំជ្រៃ នៃស្រុកថ្មគោល ធ្លាប់រំពឹងថា ទិន្នផលស្រូវរបស់លោកអាចលក់បានតម្លៃខ្ពស់ បន្ទាប់ពីទឹកជំនន់ ប៉ុន្តែបានខកចិត្តព្រោះឈ្មួញកណ្តាលបានបន្ទាបតម្លៃ។ លោកកំពុងចាប់អារម្មណ៍ពីការចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិន ស្រូវនេះ តែថា លោកនៅស្ទាក់ស្ទើរព្រោះមិនប្រាកដថា លោកអាចទទួលបានតម្លៃស្រូវសមស្របតាមទីផ្សារ។
រដ្ឋាភិបាលបានចេញ អនុក្រឹត្យឲ្យអនុវត្តកិច្ចសន្យាផលិតផលកសិកម្ម កាលពីឆ្នាំ២០១១។ លោក យ៉ង សាំង កុមារ បានឲ្យដឹងថា កម្ពុជាមានបទពិសោធតិចតួចក្នុងការអនុវត្តកិច្ចសន្យាផលិតផលកសិ កម្ម ប៉ុន្តែលោកបញ្ជាក់ថា វាជារឿងសំខាន់ ហើយសង្ឃឹមថាទៅថ្ងៃមុខ ការអនុវត្តកិច្ចសន្យាផលិតផលនៅកម្ពុជានឹងកើតមានកាន់តែច្រើន ថែមទៀតក្នុងវិស័យកសិកម្ម។
ពាក់ព័ន្ធនឹងសំណួរអំពីភាពជោគជ័យនៃអនុវត្តកិច្ចសន្យាផលិតផលកសិកម្ម លោក យក់ ចំរើនរិទ្ធិ និយាយថា៖ «មានក្រុមហ៊ុនច្រើនដែលអនុវត្ត។ ខ្លះជោគជ័យ ខ្លះបរាជ័យ ដោយសារកង្វះភាពជឿជាក់ តែខ្ញុំជឿថា គម្រោងដែលដាក់ចេញលើកនេះនឹងជោគជ័យ។ ផែនការនេះនៅមិនទាន់មានអ្នកធ្វើនៅឡើយទេ។ ខ្ញុំមានសង្ឃឹមច្រើន»។
រោងម៉ាស៊ីនកិនស្រូវ Brico ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Importer-exporter Lorana រួមជាមួយនឹងវិនិយោគិនសិង្ហបុរី និងស្ថាប័ន Emerging Market Investment Fund (EMI) ដែលមានទំហំទឹកប្រាក់ប្រមាណ ៣,៥ លនដុល្លារត្រូវបានគេរំពឹងថា នឹងអាចផលិតនិងនាំចេញអង្ករក្រអូបកម្ពុជារហូតដល់ ៣០ ០០០ តោន ក្នុងមួយឆ្នាំៗ។
ស្ថិតនៅលើផ្ទៃដី ៦,៥ ហិកតានៅស្រុកថ្មគោល រោងម៉ាស៊ីនកិនស្រូវថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកែច្នៃ ដែលមានសមត្ថភាពផលិតអង្ករបាន១០តោនក្នុងមួយម៉ោង៕