ភ្នំពេញៈ របាយការណ៍អង្គការសហប្រជាជាតិចេញផ្សាយកាលពីម្សិលមិញបង្ហាញថា ប្រទេសកម្ពុជាដែលត្រូវបានរំពឹងថានឹងមានកំណើន ៧,៣ ភាគរយសម្រាប់ឆ្នាំ២០១៥ និង ២០១៦ ចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍនៅតំបន់ជនបទដើម្បីរក្សាកំណើនប្រកបដោយបរយាប័ន។
ការអង្កេតលើសេដ្ឋកិច្ច និងសង្គមរបស់តំបន់អាស៊ី ប៉ាស៊ីហ្វិកឆ្នាំ ២០១៥ ចេញផ្សាយដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិក (UNESCAP) ឲ្យដឹងថាវិស័យសំណង់ និងវិស័យទេសចរណ៍នឹងជាគ្រឿងជំរុញដ៏សំខាន់របស់សេដ្ឋកិច្ចនេះ ចំណែកឯវិស័យកាត់ដេរដែលជាក្បាលម៉ាស៊ីនកំណើនលក្ខណៈប្រពៃណីនឹងមើលឃើញការបន្ថយល្បឿន។
លោក Clovis Freire មន្ដ្រីកិច្ចការសេដ្ឋកិច្ច នៅផ្នែកគោលនយោបាយ និងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចរបស់ UNESCAP ថ្លែងថា កម្ពុជាកំពុងធ្វើឲ្យមានការរីកចម្រើនដ៏ល្អលើការសម្រេចបានកំណើនជាបរយាប័ន (កំណើនដែលផ្តល់ផលដល់គ្រប់ៗគ្នា) ដោយសារតែមូលដ្ឋានទាបរបស់ខ្លួនធៀបនឹងបណ្ដាប្រទេសផ្សេងទៀត។
លោកបន្តថា៖ «កំណើនក្នុងប្រទេសកម្ពុជាមានកំណើនរួមមួយ។ វានៅជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ ប្រជាជនផ្លាស់ប្តូរពីការងារផលិតភាពទាបក្នុងកសិកម្មទៅការងារផលិតភាពកាន់តែច្រើននៅក្នុងវិស័យសេវា ឧស្សាហកម្មនិងផលិតកម្មរោងចក្រ»។
របាយការណ៍នេះបញ្ជាក់ថា បើមានវិសមភាពនៅក្នុងការអភិវឌ្ឍសង្គមរបស់កម្ពុជា និងប្រទេសបង់ក្លាដែស វាបង្ហាញពីការខាតបង់សក្តានុពលជាង២៥ភាគរយជាមធ្យមនៅក្នុងតម្លៃនៃការអភិវឌ្ឍ។ ប៉ុន្តែ លោក Freire ថ្លែងថា ការបង្កើនការវិនិយោគនៅជនបទអាចជួយជម្នះ និងវិសមភាពនៅក្នុងការអភិវឌ្ឍនេះបាន។
លោកបន្តថា៖ «ដូច្នេះចំនួនដែលយើងសំដៅជាពិសេសក្នុងរបាយការណ៍នេះសម្រាប់កម្ពុជា និងបង់ក្លាដែស គឺយើងចង់ពន្យល់ពីការពិត ប៉ុន្តែយើងមិននិយាយថាកម្ពុជាកំពុងអនុវត្តមិនល្អ ឬ ល្អជាងប្រទេសផ្សេងទៀតទេ»។
លោកបន្ថែមថា៖ «នៅតំបន់ជនបទ អ្នកមានប្រជាជនរាយប៉ាយ អ្នកមិនអាចគ្រប់គ្រងលើចំនួនដូចគ្នារបស់ប្រជាជនជាមួយនឹងចំនួនដូចគ្នានៃការវិនិយោគបានទេ ដូច្នេះអ្នកត្រូវការការវិនិយោគកាន់តែច្រើន។ នោះគឺជាអ្វីដែលកំពុងកើតឡើងនៅកម្ពុជា និងតំបន់ផ្សេងៗទៀត»។
លោកស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យថ្លែងថាកម្ពុជានឹងមើលឃើញកំណើនសេដ្ឋកិច្ចប្រហែល ៧,២៥ ភាគរយសម្រាប់ឆ្នាំ ២០១៥ និងកើនតិចតួចសម្រាប់ឆ្នាំ ២០១៦។ លោកបន្តថា៖ «វិស័យសំណង់កំពុងរីកចម្រើនយ៉ាងរហ័ស។
វិស័យទេសចរណ៍ក៏កំពុងរីកចម្រើនផងដែរ។ ទោះបីជាការនាំចេញយើងបានធ្លាក់ចុះតិចតួចក៏ដោយ ប៉ុន្តែនៅតែមានកំណើន នៅក្នុងវិស័យនេះ។ កម្ពុជានឹងអាចសម្រេចបានអត្រាកំណើនដែលបានព្យាករ»។
លោក ចន្ធី បន្ថែមថា ស្ថិតលើកម្រិតគោលនយោបាយ រដ្ឋាភិបាលមានយុទ្ធសាស្ដ្រដើម្បីអនុវត្តកំណើនជាបរយាប័ន កាន់តែច្រើន ជាមួយនឹងផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្ដ្រថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។
លោកបញ្ជាក់ថា៖ «យើងមានទិសដៅ អ្វីដែលនៅមានការខ្វះខាតគឺការអនុវត្តដោយសារកង្វះមូលធនដើម្បីវិនិយោគ និងការងាររដ្ឋបាលនិងគ្រឹះស្ថានសាធារណៈនៅទន់ខ្សោយ»។

ការព្យាកររបស់ Mantis ជាស្ថាប័នធ្វើការលើការព្យាករ និងវិភាគសេដ្ឋកិច្ច អះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៤បានធ្លាក់ចុះនៅត្រឹម៦,៦ភាគរយ ជាតួលេខទាបបំផុតធៀបនឹងការព្យាករធ្វើឡើងដោយស្ថាប័នដទៃទៀតកន្លងមក។
Mantis បានផ្សារភ្ជាប់កំណើនថេររបស់កម្ពុជាក្នុងរង្វង់៧ភាគរយនៅប៉ុន្មានឆ្នាំចុងក្រោយនេះទៅនឹងការធ្លាក់ចុះនៃការនាំចេញក្នុងវិស័យកាត់ដេរ និងការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវទេសចរ។ បើទោះបីជាមានធ្លាក់ចុះសេដ្ឋកិច្ចកាលពីមុនពិតមែន តែតួលេខមិនទាបដូចការព្យាកររបស់ស្ថាប័ន Mantis នោះទេ។ នេះបើតាមលោក ម៉ី កល្យាណ អ្នកប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ល្បឿននៃកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនពិតជាមានការថយចុះមែន ប៉ុន្តែមិនបានថយចុះខ្លាំងក្លាដូចតួលេខដែលព្យាករនោះទេ»។ លោកបន្ថែមថា វិស័យកសិកម្មគួរតែត្រូវបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកថ្លែងថា៖ «ដូច្នេះកម្ពុជាត្រូវការពិនិត្យមើលឡើងវិញលើយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនលើវិសយកសិកម្ម បើចង់សម្រេចគោលដៅអភិឌ្ឍន៍សេដ្ឋកិច្ចដែលមានភាពចុះសម្រុងគ្នា»។
ការព្យាករបង្ហាញពីភាពមិនប្រាកដប្រជាក្នុងវិស័យកាត់ដេរ ដែលបានធ្លាក់ចុះ៥ភាគរយពីតួលេខជាមធ្យមដែលឈរនៅត្រឹមជាង២១ភាគរយក្នុងឆ្នាំកន្លងមក បន្ទាប់ពីវិបត្តិហរិញ្ញវត្ថុសកល។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឲ្យដឹងថា ការរីកលូតលាស់នៃវិស័យនេះ បានធ្លាក់ចុះដល់ទៅ៥ភាគរយកាលពីឆ្នាំមុន។
លោកថ្លែងថា៖ «ជាអកុសលយើងមិនបានឃើញ មានភាពប្រសើរឡើងនៅក្នុងផលិតភាព និងប្រសិទ្ធភាពនោះទេ ហើយនេះជាមូលហេតុដែលការប្រកួតប្រជែងរបស់យើងក្នុងវិស័យនេះបានធ្លាក់ចុះចាប់តាំងពីការដំឡើងប្រាក់ឈ្នួល»៕ PB