ភ្នំពេញៈ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​រង​ការវាយប្រហារ​ពី​វិបត្តិ​សុខភាព ក្រុមហ៊ុន AMB Tarsus Events Group នឹង​រៀបចំ​ព្រឹត្តិការណ៍ CAMBUILD 2020 ដែលជា​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​អន្តរជាតិ​ធំ​បំផុត​នៅ​កម្ពុជា ដោយ​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២២ ដល់​ ២៤ ខែតុលា ឆ្នាំ​ ២០២០ នៅ​សាលសន្និសីទ​កោះពេជ្រ​។

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រំពឹងថា​នឹង​ជួយ​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​វិស័យ​ស្នូល​មួយ​នេះ​ឲ្យ​មាន​សម្ទុះ​កាន់តែ​ខ្លាំង​។ ក្រុមហ៊ុន AMB Tarsus Events Group នឹង​ផ្តល់​កញ្ចប់​ស្តារ​សេដ្ឋកិច្ច​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​អ្នក​ផ្គត់ផ្គង់​នៅក្នុង​វិស័យ​សំណង់ និង​សំណង់​អគារ​ទាំងឡាយ​ដែល​ចូលរួម​ដើម្បី​ជា​ការស្តារ​ឡើងវិញ​ពី​ផលប៉ះពាល់​នៃ​រោគរាតត្បាត​ជំងឺ​កូវីដ​១៩​។

លោកស្រី ខា សុម៉ាលី ប្រធាន​គម្រោង CAMBUILD 2020 បាន​និយាយថា គំនិត​ផ្តួចផ្តើម​ក្នុង​ការណែនាំ​កញ្ចប់​ស្តារ​សេដ្ឋកិច្ច​ (ERP) សម្រាប់​ក្រុមហ៊ុន​កម្ពុជា​នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការបង្កើន​សកម្មភាព​សេដ្ឋកិច្ច និង​បង្កើត​ការងារ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​នានា​នឹង​ទាញយក​អត្ថប្រយោជន៍​ពី ERP នេះ​ដើម្បី​បង្កើន​ការលក់​នៅពេល​សេដ្ឋកិច្ច​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​។ CAMBUILD 2020 ក៏​នឹង​គាំទ្រ​ដល់​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ផងដែរ ដោយ​នឹង​មាន​អ្នកចូលរួម​មកពី​ក្រៅ​ប្រទេស​ជាង ១ ០០០ ​នាក់​ដូចជា​ប្រទេស​ចិន ម៉ាឡេស៊ី ថៃ និង​វៀតណាម​»​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា​បាន​ដាក់​លិខិត​មួយ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើការ​កែសម្រួល​នីតិវិធី និង​តម្រូវការ​នានា​ចំពោះ​អ្នកដំណើរ​បរទេស​ដែល​ចូលមក​ប្រទេស​កម្ពុជា​។ ចំពោះ​ជនបរទេស​ជា​វិនិយោគិន ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ កម្មករ​ជំនាញ និង​ក្រុមគ្រួសារ​ត្រូវ​បាន​កំណត់​ឲ្យ​ទិញ​ការធានា​រ៉ាប់រង​សម្រាប់​រយៈពេល​យ៉ាងតិច​ ២០ ​ថ្ងៃ​ដោយ​មាន​តម្លៃ​ប្រមាណ ៩០ ​ដុល្លារ ហើយ​ត្រូវដាក់​ប្រាក់​តម្កល់ ៣ ​ពាន់​ដុល្លារ​ដដែល​។

ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០២០ មាន​តម្លៃ​ជាង ៣,៨៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១៣,២៦ ​ភាគរយ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំនេះ ការស្នើសុំ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ចំនួន ២ ៥២២ ​គម្រោង កើន ៤៧៥ ​គម្រោង​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំមុន​មាន​ចំនួន ២ ០៤៧ ​គម្រោង​។

ដោយឡែក​សំណង់​ទូទាំង​ប្រទេស​គិត​ចាប់ពី​ឆ្នាំ​ ២០០០ ដល់​ខែ​មិថុនា ឆ្នាំ​ ២០២០ ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៥០ ៩៦៨ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៥៦,៩៦ ​ពាន់​លាន​ដុល្លារ​។

ចំណែក​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ៥ ​ជាន់​ឡើងទៅ​គិត​ចាប់ពី​ឆ្នាំ​ ២០០៥ ដល់​ខែមិថុនា ឆ្នាំ​ ២០២០ មាន​ចំនួន ១ ៩៤៥​។

គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០ ដល់​ខែ​មិថុនា ឆ្នាំ​ ២០២០ ការចុះបញ្ជី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​មាន​ចំនួន ២ ៨៣០ ​ក្រុមហ៊ុន ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​ដែល​មាន​សុពលភាព​មាន​ត្រឹម ១ ២៤១​។ នេះ​បើ​យោងតាម​របាយការណ៍​ខាងលើ​៕