ភ្នំពេញៈ ក្រុមហ៊ុនជាង ៣៥០ មកពីប្រទេសចំនួន ២៣ នឹងចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិ Cambuild'18 ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១២-១៤ ខែកញ្ញានៅសាលតាំងពិព័រណ៍កោះពេជ្រ។
ព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន AMB Tarsus Events Group នេះនឹងមានការចូលរួមពីក្រុមហ៊ុនមកពីប្រទេសជាច្រើនដូចជា អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន និងថៃជាដើម។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថាព្រឹត្តិការណ៍នេះរៀបចំឡើងស្របពេលដែលវិស័យសំណង់នៅកម្ពុជាកំពុងមានការវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស ដែលទាមទារឲ្យគ្រប់ការសាងសង់ទាំងអស់ត្រូវតែធ្វើយ៉ាងណាឲ្យមានលក្ខណៈជាសំណង់បែប Smart City។
លោកថ្លែងថា៖ «វាជាការចាំបាច់ដែលគ្រប់ការសាងសង់ត្រូវគិតទៅលើ Smart City។ ព្រឹត្តិការណ៍នេះនឹងចែករំលែកចំណេះដឹង និងជំនាញស្តីពីមូលដ្ឋានគ្រឹះសម្រាប់ការសាងសង់បែប Smart City»។
នាយកក្រុមហ៊ុន AMB Tarsus Events Group លោក Andrew Siow និយាយថានេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ពិសេសអ្នកមានការងារ ឬកំពុងសិក្សាទាក់ទងវិស័យសាងសង់ ព្រោះនឹងមានការដាក់តាំងបង្ហាញនូវផលិតផលថ្មីៗបច្ចេកវិទ្យាទំនើបៗ។
លោកថ្លែងថា៖ «សុវត្ថិភាព និងផាសុកភាពក្នុងវិស័យសំណង់គឺពិតជាមានភាពចាំបាច់ណាស់ ដូច្នេះព្រឹត្តិការណ៍នេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកចូលរួម»។
នេះជាលើកទី ៨ ហើយដែល AMB Tarsus Events Group រៀបចំព្រឹត្តិការណ៍នេះនៅក្នុងប្រទេសកម្ពុជា៕LA