
រ៉ឺម៉កកង់៣ TVS King របស់ក្រុមហ៊ុន TVS Motor ដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន CamGO សម្រាប់ប្រតិបត្តិការសេវាដឹកអ្នកដំណើរ។ ហេង ជីវ័ន
ភ្នំពេញៈ CamGO ជាក្រុមហ៊ុនតាក់ស៊ីហៅជិះក្នុងស្រុក កាលពីម្សិលមិញ បានប្រកាសកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយ TVS Motor ជាក្រុមហ៊ុនផលិតរ៉ឺម៉កកង់៣របស់ឥណ្ឌា ដើម្បីផ្ដល់សេវាកម្មវិធីហៅជិះ នៅកម្ពុជា ដោយប្រើប្រាស់រ៉ឺម៉ក TVS King។
នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន TVS នឹងផ្គត់ផ្គង់រ៉ឺម៉កកង់៣ TVS King ដល់ក្រុមហ៊ុន CamGO នៅពេលមានការបញ្ជាទិញ តាមរយៈក្រុមហ៊ុនក្នុងស្រុក Three Wheel Motor Service Provider ដែលជាភាគីផ្សេងទៀត នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូនេះ។
លោក អ៊ុក ជៀបសួន អគ្គនាយកក្រុមហ៊ុន Camgo បានថ្លែងនៅក្នុងសន្និសីទព័ត៌មានកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់លោកបានផ្ដល់សេវានៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ សេវាហៅតាក់ស៊ីជិះពីក្រុមហ៊ុន CamGo ត្រូវបានទាញយកដោយអ្នកប្រើប្រាស់នៅទីក្រុងភ្នំពេញ ៥០០០ ដង។ ខណៈមានសេវាហៅតាក់ស៊ីជិះកំពុងប្រតិបត្តិការនៅរ៉ឺម៉កកង់៣ TVS King ចំនួន ៤៣ គ្រឿង នៅទីក្រុងភ្នំពេញ នៅពេលបច្ចុប្បន្ន លោក អ៊ុក ជៀបសួន ថ្លែងថា រ៉ឺម៉កកង់ ៣៤២ គ្រឿងផ្សេងទៀត នឹងមកដល់នៅដើមខែក្រោយ ដែលនឹងធ្វើឲ្យចំនួនកើនដល់៨៤គ្រឿងនៅខែក្រោយ។
លោកថ្លែងថា៖ «ដោយមានកិច្ចព្រមព្រៀងនៅថ្ងៃនេះ [ម្សិលមិញ] យើងរំពឹងថា នឹងមានរ៉ឺម៉កកង់៣ពីក្រុមហ៊ុន TVS សរុបចំនួន ៣០០ គ្រឿងសម្រាប់ប្រតិបត្តិការមុនចុងខែឆ្នាំនេះ»។ លោកបន្ថែមថា សេវានេះនឹងពង្រីកហួសពីទីក្រុងភ្នំពេញ ទៅទិសដៅទេសចរណ៍ផ្សេងទៀត ដូចជាសៀមរាប កំពត ព្រះសីហនុ។
ក្រុមហ៊ុន CamGo គ្រប់គ្រងរ៉ឺម៉កកង់៣ទាំងអស់របស់ខ្លួន និងផ្ដល់ដល់អ្នកបើកបររបស់ខ្លួននូវជម្រើសទាំងការងារដើម្បីប្រាក់ខែ ឬជួលរ៉ឺម៉កក្នុងតម្លៃ ៤,៥ ដុល្លារក្នុងមួយថ្ងៃ។
ក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីជិះ ចាប់ផ្ដើមកើនឡើងយ៉ាងរហ័ស នៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន។
កាលពីខែធ្នូ ឆ្នាំមុនក្រុមហ៊ុន Grab បានចូលមកទីផ្សារកម្ពុជា ហើយក្រោយមកបានទិញភាគហ៊ុនក្រុមហ៊ុន Uber របស់អាមេរិក។ ក្រៅពីនេះ មានក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការក្នុងស្រុកមួយចំនួនផងដែរ ដូចជា PassApp ជាដើម។
លោក វ៉ា ចាន់ដូរ៉េ នាយកក្រុមហ៊ុន Three Wheel Motor Service Provider ជាក្រុមហ៊ុនដែលជួយសម្រួលក្នុងការនាំយករ៉ឺម៉កកង់៣របស់ក្រុមហ៊ុន TVS King ពីរោងចក្រមកឲ្យក្រុមហ៊ុន CamGo បានថ្លែងកាលពីម្សិលមិញថា តម្រូវការសេវាហៅតាក់ស៊ីជិះ កំពុងកើនឡើងយ៉ាងរហ័សនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះវាត្រូវការការផ្គត់ផ្គង់រ៉ឺម៉កកង់៣ ហើយកិច្ចព្រមព្រៀងនឹងជួយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្ដល់ការងារដល់ប្រជាជន។
លោកបានថ្លែងថា៖ «ប្រតិបត្តិការរបស់យើង នឹងជួយកាត់បន្ថយបញ្ហាចរាចរណ៍ និងជួយបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាដោយធ្វើជាអ្នកបើកបរ»៕ LA