ភ្នំពេញៈ ធនាគារ​កម្ពុជា​សាធារណៈ (Campu) ​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ដំបូង​ដែល​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ការផ្ដល់​ការផ្អាក​ការទូទាត់​កម្ចី​ដល់​អតិថិជន​របស់ខ្លួន​តាមរយៈ​ «​ឥណទាន​ឡើងវិញ​» និង​ការកំណត់​ពេលវេលា​ឡើងវិញ​នូវ​កម្ចី​ទាំងអស់​ដល់​អតិថិជន​ជា​បុគ្គល និង​អាជីវកម្ម​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើឡើង​រយៈពេល​ជាង​ ១ ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បានចេញ​សារាចរ​ណែនាំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​រៀបចំ​ឥណទាន​ឡើងវិញ និង​កំណត់​ពេលវេលា​ឡើងវិញ​នៃ​កម្ចី​សម្រាប់​អតិថិជន​ដែល​ងាយ​ទទួលរងគ្រោះ​។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែមីនា បានចេញ​សារាចរ​ណែនាំ​មួយ​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​រៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​កម្ចី​ក្នុង​វិស័យ​អាទិភាព​ ៤ ជា​វិធានការ​មួយ​ដែល​លើកឡើង​ដោយ​វិស័យ​ឯកជន​។

សារាចរ​ណែនាំ​នេះ​មាន​គោលបំណង​ក្នុង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​បន្ធូរបន្ថយ​បន្ទុក​របស់​អ្នក​ជំពាក់​បំណុល ដែល​ប្រឈម​នឹង​ការធ្លាក់ចុះ​ប្រាក់​ចំណូល​ក្នុង​អំឡុងពេល​ការរីករាលដាល​កូវីដ​ ១៩​។

វិស័យ​អាទិភាព​ទាំង​ ៤ ដែល​បានលើកឡើង​ដោយ NBC រួមមាន​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទិក​។

ធនាគារ​កម្ពុជា​សាធារណៈ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​សម្បទាន​ដែល​បានផ្ដល់ គឺ​ការផ្ដល់​ការផ្អាក​ការទូទាត់​កម្ចី សេវា​អត្រា​ការប្រាក់​កម្ចី និង​ការពន្យារពេល​រយៈពេល​កម្ចី​។

គំនិត​ផ្តួចផ្ដើម​ថ្មីៗ​ដែល​បាន​ធ្វើឡើង​ដោយ NBC ដើម្បី​គាំទ្រ​ឧស្សាហកម្ម​ធនាគារ​អាច​និយាយថា ទាន់ពេលវេលា និង​ល្អប្រសើរ ដោយសារ​តែ​វា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ជំនួយ​ដ៏ចាំបាច់​បំផុត​ដល់​គ្រប់​វិស័យ​ទាំងអស់​នៃ​សេដ្ឋកិច្ចកម្ពុជា ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម និង​បុគ្គល​ដែល​ត្រូវ​រង​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩​។

លោក Datuk Phan Ying Tong ប្រធាន​ប្រតិបត្តិការ​ប្រចាំ​តំបន់​ឥណ្ឌូចិន​នៃ​ធនាគារ​កម្ពុជា​សាធារណៈ​បាន​ឲ្យ​ដឹងថា ដោយសារ​តែ​ការរីករាលដាល​កូវីដ​១៩​កើនឡើង​កាន់តែ​ខ្លាំង​លើ​ពិភពលោក ធនាគារ​មានការ​បារម្ភ​យ៉ាងខ្លាំង​អំពី​ផលប៉ះពាល់​របស់​វា​ចំពោះ​ប្រទេសជាតិ ហើយ​សង្ឃឹម​ថា​ជំនួយ​នេះ​នឹង​ផ្ដល់​ការបន្ធូរបន្ថយ​ដល់​អតិថិជន​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​ដោយសារ​ការរីករាលដាល​កាន់តែ​ឡើង​ធនាគារ​កម្ពុជា​សាធារណៈ​នឹង​បន្តធ្វើ​ចំណាត់ការ​សកម្ម​ជាមុន​ទាក់ទង​នឹង​ការផ្ដល់​ការផ្អាក​ការទូទាត់​កម្ចី ដើម្បី​ជួយ​អតិថិជន​ទាំងអស់​របស់ខ្លួន​នៅក្នុង​ស្ថានការណ៍​លំហូរ​សាច់ប្រាក់ និង​កាត់បន្ថយ​ការពិបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​នៅក្នុង​គ្រា​ដ៏ពិបាក​នេះ និង​ពេលវេលា​ប្រឈម​ដ៏ខ្លាំង​»​។

យោងតាម​របាយការណ៍​ឆ្នាំ​ ២០១៩ បាន​ពី NBC កម្ពុជា​មាន​ធនាគារពាណិជ្ជ ៤៦ ធនាគារ​ឯកទេស ១៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨២ ប្រតិបត្តិករ​ឥណទាន​ជនបទ​ ២៤៨ ក្រុមហ៊ុន​ភតិសន្យា ១៥ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ ២០​។

ផលបត្រ​កម្ចី​របស់​ធនាគារ​បាន​កើនឡើង​ដល់ ២៤,៥ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ខណៈ​ដែល​ប្រាក់​បញ្ញើ​មាន​ចំនួន ២៥,៥ ​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម MFI កម្ចី​បាន​កើនឡើង​ដល់​ ៧,២ ​ពាន់​លាន​ដុល្លារ និង​ប្រាក់បញ្ញើ ៣,៩ ​ពាន់​លាន​ដុល្លារ​៕LA