ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ពិភពលោក Carlsberg Group បាន​ទិញ​ភាគហ៊ុន ២៥ ភាគរយ​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​កម្ពុជា Cambrew ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ដាណឺម៉ាក​មួយ​នេះ​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ភាគច្រើន និង​កាន់កាប់​ភាគហ៊ុន​សរុប ៧៥ ភាគរយ​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ Carlsberg Group កាលពី​ថ្ងៃ​ចន្ទ​។

ក្រុមហ៊ុន​ផលិត​ស្រាបៀរ Cambrew បាន​ផលិត​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​គ្មាន​ជាតិ​អាល់កុល​ជាច្រើន​រួមមាន ស្រាបៀរអង្គរ និង​ប៉ិបស៊ី​ជាដើម​។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ក្រុមហ៊ុន Carlsberg នឹង​ធ្វើការ​គ្រប់គ្រង​ដំណើរការ​អាជីវកម្ម​របស់ Cambrew កាន់តែ​ស៊ីជម្រៅ​ជាង​មុន ហើយ​រំពឹង​ថា​នឹង​ពង្រឹង​ទីផ្សារ​ផលិតផល Cambrew ឲ្យ​រឹងមាំ​ឡើង​វិញ បន្ទាប់ពី​ត្រូវ​បាន​រង​ផលប៉ះពាល់​ខ្លះៗ​ពី​សម្ពាធ​ប្រកួត​ប្រជែង​ដែល​កំពុង​តានតឹង​ជាង​មុន​។

លោក អ៊ូ រតនៈ ប្រធាន​ផ្នែក​ប្រឹក្សាយោបល់​ក្រុមហ៊ុន Cambrew បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​នេះ​កាលពី​ ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ​កាន់តែ​ខ្លាំងក្លា ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​បាត់បង់​ចំណែក​ទីផ្សារ​មួយ​ចំនួន និង​ផលប៉ះពាល់​អវិជ្ជមាន​លើ​ឋានៈ​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លេខ​ ១ នៅ​កម្ពុជា​។

លោក​បន្ថែម​ថា​បន្ទាប់ពី​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្រុមហ៊ុន Carlsberg Group ក្រុមហ៊ុន Cambrew នឹង​ទទួល​យក​ប្រព័ន្ធ​ស្ដង់ដារ​ថ្មី​ពី​ក្រុមហ៊ុន Carlsberg ហើយ​នឹង​ធ្វើឲ្យ​ប្រសើរ​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង​មួយ​ចំនួន និង​យុទ្ធសាស្ដ្រ​ក្នុង​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​។

ក្រាហ្វិក​បង្ហាញ​ពី​ចំណែក​ទីផ្សារ​ក្រុមហ៊ុន​ស្រាបៀរ​នៅ​កម្ពុជា។ ភ្នំពេញ ប៉ុស្តិ៍

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​ជា​ក្តី​ស្រមៃ​របស់​យើង គឺ​យើង​ចង់​បាន​តំណែង​ជា​ក្រុមហ៊ុន​ស្រាបៀ​ដ៏ធំ​មួយ​របស់​កម្ពុជា​ត្រឡប់​មក​វិញ​។ យើង​ធ្លាប់​ទទួល​បាន​កាលពី​មុន តែ​ត្រូវ​បាន​បាត់បង់​ខ្លះៗ​ដោយសារ​ការប្រកួតប្រជែង​»​។

លោក​បន្ថែម​ថា​៖ «​បន្ទាប់ពី​មាន​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ថ្មី យើង​រំពឹង​ថា​អ្វី​ដែល​យើង​ធ្លាប់​បាត់បង់​ពី​មុន​នឹង​ទទួល​បាន​មក​វិញ ដោយសារ​យើង​​ជឿជាក់​លើ​ផលិតផល​ដែល​មាន​ស្រាប់ និង​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​ដែល​មាន​ភាពរឹងមាំ​»​។

លោក រតនៈ បាន​ថ្លែង​ថា​ថ្នាក់​គ្រប់គ្រង​ថ្មី​នឹង​ពង្រឹង​ចំណែក​ទីផ្សារ​នៃ​ផលិតផល​ទាំងអស់​ដែល​ផលិត​នៅក្នុង​ក្រុមហ៊ុន Cambrew ប៉ុន្តែ​នឹង​ដាក់​ការផ្ដោត​កាន់តែ​ខ្លាំង​លើ​ស្រាបៀរ​អង្គរ​។

លោក រតនៈ បញ្ជាក់​ថា​៖ «​យើង​មាន​មហិច្ឆតា​ក្នុង​ការ​ធ្វើឲ្យ​ស្រាបៀរ​អង្គរ ក្លាយ​ជា​ស្រាបៀរ​នាំ​ចេញ​ច្រើន​បំផុត​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​»​។

ក្រុមហ៊ុន Carlsberg Group បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Cambrew រយៈពេល ២៦ ​ឆ្នាំ​មក​ហើយ​។

ក្រុមហ៊ុន​ស្រាបៀរ​របស់​ដាណឺម៉ាក​មួយ​នេះ​មិន​បាន​បង្ហាញ​ចំនួន​ទឹកប្រាក់ ដែល​ខ្លួន​បាន​វិនិយោគ​ដើម្បី​បង្កើន​​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Cambrew នោះទេ​៕LA