ភ្នំពេញ: ក្រុមហ៊ុន​បញ្ចាំ Cash-U-Up កាលពី​ថ្ងៃ​ពុធ​បានប្រកាស​ពី​ការលក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្តបាន​ចំនួន​ ២ ខណៈ​បាន​ពង្រីក​សាខា​រហូត​ដល់​ចំនួន​ ១៥ ​ទីតាំង​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​។

ការប្រកាស​នេះ​បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន Cash-U-Up កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

លោក គុជ សេដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Cash-U-Up បាន​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​នេះ​ថា ក្រុមហ៊ុន​បាន​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្តបាន​ចំនួន​ ២ ខណៈ​ផែនការ​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំនេះ​នឹង​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​ឲ្យ​បាន​ចំនួន​ ៥​។ លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន Cash-U-Up បាន​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​ចំនួន​ ២ ​រួច​ហើយ​គឺ​ ១ នៅ​ទីក្រុង​ភ្នំពេញ និង​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​កំពុង​ប្រតិបត្តិការ ហើយ​យើង​ចាប់ផ្តើម​លក់​បន្តទៀត​»​។

លោក​បន្តថា​បច្ចុប្បន្ន Cash-U-Up ទទួល​បាន​អតិថិជន​​មក​ប្រើប្រាស់​សេវាកម្ម​នេះ​បាន​កើនឡើង​ចន្លោះ​ពី​ ១០ ​ទៅ ២០ ​ភាគរយ​នៃ​អតិថិជន​ប្រហែល ៥ ០០០ ​នាក់​។ លោក​បាន​បន្តទៀត​ថា​៖ «​ទិសដៅ​របស់​យើង​ ៣ ​ឆ្នាំ​ទៀត​យើង​នឹង​បង្កើត​ក្នុង​ ១ ​ខេត្ត​ឲ្យ​មាន Cash-U-Up ១​កន្លែង​ក្នុង​គោលបំណង​ឲ្យ​សេវាកម្ម និង​អាជីវកម្ម​យើង​មានការ​រីកចម្រើន​ទៅមុខទៀត​»​។

ក្រុមហ៊ុន​អាជីវកម្ម​ទទួល​បញ្ចាំ Cash-U-Up ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន WorldBridge Group ដែល​ជា​ក្រុមហ៊ុន​ដ៏ធំ​កំពុង​វិនិយោគ​លើ​អគារ The Bridge និង The PEAK បាន​ដំណើរការ​អាជីវកម្ម​នេះ​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​ដោយ​បាន​ពង្រីក​សាខា​បាន​ ១៥ ​កន្លែង​នាពេល​បច្ចុប្បន្ន​។

លោក​ ប៉ុល ភារិន ដែលជា​អ្នកទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​នៃ​ក្រុមហ៊ុន Cash-U-Up នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹងថា សាខា​របស់​លោក​បាន​ធ្វើ​ប្រតិបត្តិការ​ទើប​បាន​រយៈពេល​ ៥ ​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ផ្តល់​ឥណទាន​ដល់​អតិថិជន​បាន​ជាង ៤៤ ម៉ឺន​ដុល្លារ​។ លោក​បន្តថា ចំណូល​ទទួល​បាន​ចន្លោះ​ពី ៦០០០ ​ដុល្លារ ទៅ​ ១០ ០០០ ដុល្លារ​ក្នុង​ ១ ​ខែ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​សាខា​របស់​លោក​បាន​ខ្ចី​ឥណទាន​បន្ថែម​ ២៥ ​ម៉ឺន​ដុល្លារ​ពី​ធនាគារ ដើម្បី​ធ្វើការ​ពង្រីក​អាជីវកម្ម​យើង​ឲ្យ​មាន​លំនឹង​ដោយ​មិន​ខ្វះខាត​ឥណទាន​»​។

លោក សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Cash-U-Up បាន​ថ្លែងថា កាលពី​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​បានទទួល​ប្រាក់ចំណេញ​ជាង ១២០ លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​កុងស៊ី Cash-U-Up របស់​យើង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​និយាយ​ជារួម​វិស័យ​បញ្ចាំ​ទូទៅ​យើង​ឃើញថា អ្នក​ដាក់ពាក្យ​ស្នើសុំ​បើក​របរ​បញ្ចាំ​មាន​ច្រើន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដូច្នេះ​មានន័យថា​របរ​បញ្ចាំ​វា​មាន​កំណើន ទើប​ម្នាក់ៗ​មាន​ការចាប់អារម្មណ៍​ក្នុង​ការបង្កើត​របរ​បញ្ចាំ​នេះ​»​។

បើតាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្តុ​បាន​ឲ្យ​ដឹងថា មកដល់​ពេល​នេះ​ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ទទួល​បញ្ចាំ​សរុប​ចំនួន ៥០៩ ​ក្រុមហ៊ុន​៕LA