ភ្នំពេញៈ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ីប៊ី (CB) របស់​កម្ពុជា​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៣ ខែសីហា​ ថា ខ្លួន​បានឈ្នះ​ពានរង្វាន់​អាជីវកម្ម​ថ្មី​ឆ្នើម​នៅ​អាស៊ី ប្រចាំ​ឆ្នាំ​ ២០២០ សម្រាប់​នវានុវត្តន៍រ​បស់​ពួកគេ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ធានារ៉ាប់រង (Insur Tech) ដើម្បី​ផ្ដល់​សេវា​ដល់​អតិថិជន​។

CB ត្រូវបាន​ទទួលស្គាល់​ជា​ប្រភេទ​អាជីវកម្ម​ថ្មី​ផ្នែក​ធានារ៉ាប់រង​ប្រចាំឆ្នាំ​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មួយ ដែល​មាន​ការច្នៃប្រឌិត​ថ្មី​បំផុត​ដោយ​ប្រើ Insur Tech ដើម្បី​ផ្ដល់​សេវា​ដល់​អតិថិជន​របស់​ខ្លួន​។

ពានរង្វាន់​នេះ​ទទួលស្គាល់​ពី​ការប្ដេជ្ញា​របស់​ស៊ីប៊ី​ក្នុង​ការជម្នះ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ធានារ៉ាប់រង ការផ្ដល់​នូវ​គុណ​តម្លៃ​ថ្មី និង​ការច្នៃប្រឌិត​ដល់​អតិថិជន​ផងដែរ​។

នៅក្នុង​ឆ្នាំ​ទី​ ៥ ​របស់​ខ្លួន​ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី ទទួល​ស្គាល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ឆ្នើម​បំផុត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ឆ្លើយតប​ជា​យុទ្ធសាស្ដ្រ​ទៅនឹង​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារ​។ នៅ​ឆ្នាំនេះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាង ៧០ មកពី​ប្រទេស​ ២២ ទទួលបាន​ពានរង្វាន់​នេះ​។

លោកស្រី ប៊ុន ច័ន្ទមករា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង ស៊ីប៊ី បាន​ឲ្យ​ដឹងថា វា​ជា​សមិទ្ធផល​ដ៏ធំ​សម្រាប់​ក្រុមហ៊ុន​ដែល​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការទទួល​បាន​ពានរង្វាន់​ប្រកប​ដោយ​កិត្យានុភាព​ពី​ស្ថាប័ន​ដ៏ល្បី​មួយ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ពានរង្វាន់​នេះ​គឺជា​ការទទួលស្គាល់​ដ៏អស្ចារ្យ​ពី​សមិទ្ធផល និង​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​វ័យក្មេង​របស់​យើងខ្ញុំ​។ យើងខ្ញុំ​ប្ដេជ្ញា​នាំយក​បច្ចេកវិទ្យា​ថ្មី និង​គំរូ​អាជីវកម្ម​ថ្មីៗ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​បន្ត​ចូលរួម​ចំណែក​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។ យើង​នឹង​ពង្រីក​សក្ដានុពល​របស់​បច្ចេកវិទ្យា​ធានារ៉ាប់រង Insur Tech ក្នុង​ទីផ្សារ​កម្ពុជា ដែល​ផលិតផល និង​សេវាកម្ម​អាច​ស្វែង​រកបាន​យ៉ាង​ងាយស្រួល​»​។

ក្រុមហ៊ុន​ធានារ៉ាប់រង​ស៊ីប៊ី​បាន​បង្កើត​កម្មវិធី​ចល័ត​មួយ​កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩​។ កម្មវិធី​ទូរស័ព្ទ​ស៊ីប៊ី (CB Mobile App) ​បង្ហាញ​ការប្រើប្រាស់​បណ្ណ​អេឡិចត្រូនិក​ផ្នែក​ធានារ៉ាប់រង​សុខភាព (Medical e-cards) ដែល​ផ្ដល់​ភាពងាយស្រួល​ជំនួស​ឲ្យ​បណ្ណ​ពិតៗ ដែល​ប្រើប្រាស់​ពីមុនមក​។

កម្មវិធី​ទូរស័ព្ទ​ក្រុមហ៊ុន ស៊ីប៊ី ផ្ដល់ជូន​អតិថិជន​នូវ​ភាពងាយស្រួល និង​សាមញ្ញ​ក្នុង​ការទទួល​បាន​នូវ​ព័ត៌មាន​លម្អិត​នៃ​បណ្ណ​ធានា​របស់ខ្លួន ហើយ​អាច​ឲ្យ​ពួកគេ​ដំឡើង​ការធានា​កាន់តែ​ប្រសើរ​ជាង​មុន និង​ស្វែងរក​គ្លីនិក ឬ​មន្ទីរពេទ្យ​ដៃគូ​បាន​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​៕ LA