
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC។ រូបថត សហការី
ភ្នំពេញៈ ការិយាល័យឥណទានកម្ពុជា (CBC) បានប្រកាសកាលពីសប្ដាហ៍មុនថា នឹងដាក់ឲ្យដំណើរការសាកល្បងនូវប្រព័ន្ធរាយការណ៍ឥណទានថ្មីមួយបន្ថែមលើប្រព័ន្ធរបាយការណ៍ឥណទានបុគ្គលដែលមានស្រាប់ គឺប្រព័ន្ធរបាយការណ៍ប្រវត្តិឥណទានអាជីវកម្មក្រុមហ៊ុន។
អ្នកយកព័ត៌មានកាសែត ភ្នំពេញ ប៉ុស្ដិ៍ លោក ហ៊ គីមសាយ បានជួបសម្ភាសលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC អំពីការដាក់ឲ្យដំណើរការប្រព័ន្ធថ្មីរបស់ CBC និងការអភិវឌ្ឍរបស់ខ្លួននៅកម្ពុជាចាប់តាំងពីការប្រតិបត្តិការកាលពីឆ្នាំ ២០១២។
តើអ្វីជាមុខងាររបស់ប្រព័ន្ធរបាយការណ៍ឥណទានអាជីវកម្ម? តើមានភាពខុសគ្នាណាមួយពីប្រព័ន្ធរបាយការណ៍ឥណទានបុគ្គល?
ប្រព័ន្ធទាំងនេះមិនសូវខុសគ្នាខ្លាំងនោះទេ។ ខណៈប្រព័ន្ធរបាយការណ៍ឥណទានបុគ្គលផ្តល់ព័ត៌មានពីប្រតិបត្តិការឥណទានអតិថិជនជាលក្ខណៈបុគ្គលរបាយការណ៍ឥណទានអាជីវកម្មបង្ហាញព័ត៌មានរបស់ក្រុមហ៊ុន និងព័តមានផ្សេងៗដែលជាប់ទាក់ទងនឹងប្រតិបត្តិការកម្ចីរបស់ក្រុមហ៊ុន។
ប្រព័ន្ធរបាយការណ៍ឥណទានអាជីវកម្ម នឹងមានព័ត៌មានលម្អិតអំពីប្រវត្តិឥណទានរបស់ក្រុមហ៊ុន ដូចជាប្រវត្តិឥណទាន ព័ត៌មានដែលក្រុមហ៊ុនបានសាកសួរពីមុន ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុន លម្អិតពីគណនី និងព័ត៌មានភាគីពាក់ព័ន្ធមួយចំនួននៅក្នុងក្រុមហ៊ុនដូចជា នាយកមន្ដ្រី ដែលព័ត៌មានទាំងនេះមានសារៈសំខាន់ក្នុងការវាយតម្លៃឥណទានសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវ។
ហេតុអ្វីបានជា CBC សម្រេចចិត្តក្នុង ការដាក់ឲ្យដំណើរការប្រព័ន្ធរបាយការណ៍កម្ចីអាជីវកម្មនៅពេលនេះ?
បន្ទាប់ពីប្រតិបត្តិការរយៈពេល ៦ ឆ្នាំមកនេះ CBC បានប្រតិបត្តិការជាមួយនឹងប្រព័ន្ធរបាយការណ៍ឥណទានបុគ្គល ដែលអនុញ្ញាតឲ្យសមាជិករបស់យើង (គ្រឹះស្ថានហិរញ្ញវត្ថុ) យល់ដឹងបានល្អពីអតិថិជនរបស់ពួកគេក្នុងការធ្វើការសម្រេចចិត្តលើកម្ចីប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
លើសពីនេះ ប្រព័ន្ធនេះក៏បានជួយអ្នកខ្ចីជាបុគ្គលឲ្យទទួលបានព័ត៌មានអំពីឥណទានរបស់ពួកគេកាន់តែប្រសើរ ហើយដែលនឹងជួយឲ្យពួកគេត្រៀមខ្លួន កាន់តែប្រសើរសម្រាប់ការដាក់ពាក្យសុំកម្ចី។
យើងទទួលបានទំនុកចិត្តច្រើនដែលបានជំរុញឲ្យយើងដាក់ចេញនូវប្រព័ន្ធថ្មីនេះឡើងទៅក្នុងទីផ្សារ។ ដូច្នេះ CBC បានប្ដេជ្ញាចិត្តក្នុងការឆ្លើយតបនឹងតម្រូវការនេះ និងកំពុងធ្វើការងារយ៉ាងខ្លាំងជាមួយសមាជិក និងភាគីពាក់ព័ន្ធរបស់យើង ដើម្បីនាំយកទិន្នន័យអាជីវកម្មដាក់ក្នុងប្រព័ន្ធរបស់យើង។
យើងជឿជាក់ថា ដោយមានប្រព័ន្ធរបាយការណ៍ថ្មីមួយដំណើរការ យើងនឹងជួយទាំងសមាជិករបស់យើង និងស្ថាប័នច្បាប់ ជាពិសេសត្រួសត្រាយផ្លូវសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរ។
ការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធរបាយការណ៍ឥណទានអាជីវកម្ម តើវាមានន័យថា សមាជិករបស់ CBC ត្រូវតែបញ្ចូលប្រវត្តិកម្ចីអាជីវកម្មរបស់អតិថិជនពួកគេទាំងអស់ទៅក្នុងប្រព័ន្ធនេះឬ?ហើយតើនរណាមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យនេះលើប្រព័ន្ធកម្ចីអាជីវកម្មនេះ?
កម្ចីអាជីវកម្មដែលនៅមានសពុលភាពនៅត្រឹមខែធ្នូ ឆ្នាំ ២០១៨ នឹងចាំបាច់ត្រូវបញ្ចូលទៅក្នុងប្រព័ន្ធការិយាល័យឥណទានពាណិជ្ជកម្ម ខណៈកម្ចីពាណិជ្ជកម្មមុនៗ ដែលក្រុមហ៊ុនបានបញ្ចប់ការសងរួចរាល់ទៅហើយនឹងមិនចាំបាច់រាយការណ៍ក្នុងប្រព័ន្ធនេះទេ។ គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់ CBC ហើយបច្ចុប្បន្នមានប្រតិបត្តិការកម្ចីពាណិជ្ជកម្ម នឹងអាចចូលប្រើប្រាស់ប្រព័ន្ធកម្ចីពាណិជ្ជកម្មនេះ។
តើប្រព័ន្ធរបាយការណ៍ឥណទានអាជីវកម្មរបស់ CBC នេះនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះ?
ប្រព័ន្ធនេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ អ្នកផ្តល់កម្ចីតែងពឹងលើព័ត៌មាន ដែលមាននៅប្រព័ន្ធរបាយការណ៍ឥណទានជាកត្តាដ៏សំខាន់មួយ នៅពេលពួកគេវាយតម្លៃពីសុខភាពនៃក្រុមហ៊ុនដែលស្នើសុំកម្ចី និងត្រួតពិនិត្យពីលទ្ធភាពទទួលឥណទានរបស់អតិថិជន។ ព័ត៌មាននៅក្នុងប្រព័ន្ធនេះអាចនឹងជួយឲ្យទីផ្សារហិរញ្ញវត្ថុមានមុខងារកាន់តែមានប្រសិទ្ធភាព និងតម្លៃទាបជាង បើប្រៀបធៀបនឹងមធ្យោបាយផ្សេងៗដែលធ្លាប់អនុវត្តកន្លងមក។
ប្រព័ន្ធនេះ ជួយកាត់បន្ថយព័ត៌មានដែលមិនស៊ីចង្វាក់គ្នា ដែលអាចឲ្យប្រវត្តិឥណទានរបស់អ្នកខ្ចីប្រាក់មានទៅដល់ម្ចាស់បំណុលធំៗ ហេតុនេះវានឹងធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ វាយតម្លៃច្បាស់លាស់ពីហានិភ័យ និងកែលម្អគុណភាពផលបត្រក្នុងទម្រង់នៃការចំណាយមូលធនកាន់តែទាប សម្រាប់អ្នកខ្ចីប្រាក់ត្រឹមត្រូវ។ នៅពេលប្រព័ន្ធនេះបានជួយឲ្យព័ត៌មានមានភាពស៊ីចង្វាក់គ្នា អ្នកខ្ចីប្រាក់អាចខ្ចីបានកាន់តែច្រើន ដោយមានលក្ខខណ្ឌ និងអត្រាការប្រាក់ប្រកួតប្រជែង បន្ទាប់មកពួកគេអាចសងស្ថិតក្រោមកាលៈទេសៈធម្មតា។
អាជ្ញាធរត្រួតពិនិត្យហិរញ្ញវត្ថុ នឹងប្រើប្រាស់ទិន្នន័យរបាយការណ៍ឥណទាន សម្រាប់ការត្រួតពិនិត្យមើល ម៉ាក្រូ និងមីក្រូសំខាន់ៗ និងការត្រួតពិនិត្យប្រព័ន្ធកម្រិតហានិភ័យ និងការផលិតស្ថិតិម៉ាក្រូនៃប្រតិបត្តិការប្រព័ន្ធហិរញ្ញវត្ថុ។
CBC ក៏គ្រោងដំណើរការ «ប្រព័ន្ធត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ» ចាប់ពីឆ្នាំ ២០១៩ ទៅដែរ ដោយបានសហការដំបូងជាមួយធនាគារអេស៊ីលីដា និងមីក្រូហិរញ្ញវត្ថុអេអឹមខេ។ តើប្រព័ន្ធនេះ ប្រតិបត្តិការដូចម្ដេច ហើយតើវាមានឥទ្ធិពលដូចម្ដេចដល់មីក្រូហិរញ្ញវត្ថុ និងអ្នកយកកម្ចី?
បច្ចុប្បន្ន ពេលអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុចង់ដឹងពីស្ថានភាពឥណទានរបស់ពួកគេ មានបណ្ដាញតែមួយប៉ុណ្ណោះដែលពួកគេអាចធ្វើបានគឺការស្នើសុំរបាយការណ៍ឥណទានលក្ខណៈបុគ្គលនៅនឹងការិយាល័យនៅទីក្រុងភ្នំពេញ។ យើងបានធ្វើការងារ ដើម្បីផ្ដល់មធ្យោបាយកាន់តែងាយស្រួលសម្រាប់ប្រជាជនដែលកំពុងរស់នៅក្រៅភ្នំពេញ និងតាមបណ្ដាខេត្ត។ តាមរយៈភាពជាដៃគូយុទ្ធសាស្ដ្រជាមួយសមាជិកគ្រឹះស្ថាន ២ របស់យើងខាងលើ អតិថិជនរបស់គ្រឹះស្ថានទាំង ២ អាចធ្វើការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេរៀងខ្លួននៅតាមសាខារបស់ធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ចាប់ពីឆ្នាំ ២០១៩ ខាងមុខតទៅ៕ LA