ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ បានសហការជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងកម្ពុជា (TCBC) របស់ប្រទេសថៃដើម្បីជួយសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង ២ ក្នុងអំឡុងពេលដ៏ពិបាកដោយសារការរីករាលដាលជំងឺកូវីដ ១៩ ដែលធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ធ្លាក់ចុះកាលពីឆ្នាំមុន។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃកាលពីថ្ងៃទី ១ ខែមីនា បានជួបជាមួយក្រុមគណៈប្រតិភូនៃក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងកម្ពុជា (TCBC) ដែលដឹកនាំដោយលោក Chanitr Charn-chainarong ប្រធានក្រុមប្រឹក្សានេះដើម្បីពិភាក្សាពីការរីកចម្រើនគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងការវិនិយោគក្នុងឆ្នាំ ២០២១ នេះ។
លោក សោភ័ណ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ភាគីទាំង ២ បានពិភាក្សាអំពីផលប៉ះពាល់លើសេដ្ឋកិច្ច ដោយសារតែវិបត្តិជំងឺកូវីដ ១៩ ដែលមានដូចជា សកម្មភាពនៃការធ្វើពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី ការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ព្រមទាំងលទ្ធភាពនៃការបើកដំណើរការច្រកព្រំដែន ជប់គគីរ (ខេត្តឧត្តរមានជ័យ) និងសៃតាគូ (ក្នុងខេត្តប៊ុរីរ៉ាំ) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសទាំង ២។
លោកថ្លែងថា៖ «ពិតហើយ ពាណិជ្ជកម្មទ្វេភាគីរបស់យើងពិតជារងផលប៉ះពាល់នាអំឡុងពេលដ៏ពិបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩។ ទោះបីជាមានការរឹតបន្តឹងនៅតាមព្រំដែន ក៏យើងមិនហាមឃាត់ការនាំចូល ឬការនាំចេញទំនិញរវាងប្រទេសទាំង ២ នោះទេ។ យើងរឹតបន្តឹងតែលើការធ្វើចរាចរណ៍របស់ប្រជាជនប៉ុណ្ណោះ។ ដូច្នេះ ការផ្លាស់ប្តូរទំនិញរបស់យើង នៅតែមានគ្រាន់តែវាធ្លាក់ចុះបរិមាណតិចតួចប៉ុណ្ណោះ»។
លោកលើកឡើងថា៖ «ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងកម្ពុជាបានពិភាក្សាគ្នាដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនបន្ថែមទៀត ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន។ យើងក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ របស់យើងផងដែរ ហើយយើងក៏បានពិភាក្សាអំពីការចរាចរទំនិញ ដើម្បីឱ្យមានផលិតផលដែលផលិតនៅប្រទេសកម្ពុជាកាន់តែច្រើនចូលទៅប្រទេសថៃ ពិសេសក្នុងផ្សារទំនើប Big C Super Markets និងផ្សារ 7 Eleven»។
ក្រសួងពាណិជ្ជកម្មថៃឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីថៃ និងកម្ពុជាមាន ៧ ២៣៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២០ ធ្លាក់ ២៣,១៧ ភាគរយ ធៀបឆ្នាំ ២០១៩ ដែលភាគច្រើនមកពីការរំខានដោយសារតែការរីករាលដាលកូវីដ ១៩។
ស្ថិតិបង្ហាញថា ការនាំចេញពីកម្ពុជាទៅថៃមានតម្លៃ ១ ១៤៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ធ្លាក់ ៤៩,៤៩ ភាគរយ ធៀបឆ្នាំ ២០១៩ និងបាននាំចូលតម្លៃ ៦ ០៨៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨០ ភាគរយ។
យោងតាមលោក សោភ័ណ CBC គ្រោងនឹងរៀបចំសន្និសីទពាណិជ្ជកម្ម និងការវិនិយោគអនឡាញសំដៅទាក់ទាញក្រុមវិនិយោគិន និងពាណិជ្ជករថៃ បន្ថែមទៀតចូលមកវិនិយោគនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងរៀបចំផែនការក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ហើយស្ថានទូតរៀបចំផែនការដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងធ្វើបច្ចុប្បន្នភាពថ្មីៗបំផុតស្ដីពីពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ ដើម្បីទាក់ទាញពាណិជ្ជករ និងក្រុមវិនិយោគិនថៃកាន់តែច្រើនមកកម្ពុជា»។
លោកលើកឡើងថា៖ «យើងបានព្រាងផែនការសកម្មភាពរួចហើយ ប្រសិនបើយើងមិនអាចធ្វើដោយផ្ទាល់ ក៏យើងអាចធ្វើតាមអនឡាញបានដែរ។ ដូចកាលពីឆ្នាំមុនអ៊ីចឹង យើងបានធ្វើព្រឹត្តិការណ៍តាមអនឡាញដែលបានការចូលរួមប្រហែល ៥០០ ក្រុមហ៊ុន»។
យោងតាមលោក សោភ័ណ ថៃ ស្ថិតក្នុងចំណោមវិនិយោគិនច្រើនជាងគេទី៩ នៅកម្ពុជាដោយចាក់បញ្ចូល ៩៦៧,៨៩ លានដុល្លារ ក្នុងការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាចន្លោះពីឆ្នាំ ១៩៩៤ ដល់ចុងត្រីមាសទី៣ ឆ្នាំ ២០១៧៕LA