
ក្រាហ្វិកដោយថាន់ វាសនា និងលាង ផាន់ណារ៉ា។
ភ្នំពេញៈ ចំនួនប្រជាជនកម្ពុជាដែលស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនបានកើនឡើងគួរឲ្យកត់សម្គាល់នៅរយៈពេល ៦ ខែដំបូងឆ្នាំនេះដោយចំនួនអ្នកស្នើសុំបានកើនឡើងពី ៦៧ ម៉ឺននាក់ក្នុងអំឡុង ៦ ខែដំបូងឆ្នាំមុនដល់ ៩០,៥ ម៉ឺននាក់នៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ការិយាល័យឥណទានកម្ពុជា (CBC)។
របាយការណ៍បានបង្ហាញថា ចំនួនពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួននេះបង្ហាញពីកំណើន ៣៥ ភាគរយ។
កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនសរុបបានកើនឡើងដល់ ៥,១៦ ពាន់លានដុល្លារ កាលពីចុងខែមិថុនាឆ្នាំនេះគឺកើនឡើង ៣៣ ភាគរយធៀបនឹង ៣,៨៧ ពាន់លានដុល្លារកាលពីចុងខែមិថុនា ឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍។
ទោះបីជាការកើនឡើងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនក៏ដោយ ក៏លោក អឿរ សុធារ័ត្ន អគ្គនាយក CBC បានថ្លែងថាវិស័យនេះនៅតែមានការរីកចម្រើនល្អ។ លោកបន្ថែមថា អត្រាកម្ចីមិនដំណើរការ (NPL) ធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុនពី ១,៧០ ភាគរយកាលពីចុងខែមិថុនាឆ្នាំ ២០១៧ មកនៅត្រឹម ១,៣០ ភាគរយកាលពីខែមិថុនាឆ្នាំនេះ។
លោកថ្លែងថា៖ «គុណភាពឥណទានកាន់តែប្រសើរធៀបនឹងត្រីមាសមុនៗ ខណៈ NPL បានបន្តធ្លាក់ចុះខ្លាំងកាលពី ៤ ត្រីមាសមុន»។
ឥណទានផ្ទាល់ខ្លួនរួមមានហិរញ្ញវត្ថុផ្ទាល់ខ្លួនកម្ចីទិញផ្ទះ និងកម្ចីតាមរយៈកាតឥណទាន។ វាតំណាងឲ្យប្រហែល ១ ភាគ ៣ នៃឥណទានសរុបនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។
ក្នុងចំណោមឥណទានប្រើប្រាស់ផ្ទាល់ខ្លួនសរុបដែលមានចំនួន ៥,១៦ ពាន់លានដុល្លារកាលពីចុងខែមិថុនាឆ្នាំនេះចំនួនកម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន ២,៦២ ពាន់លានដុល្លារ កាតឥណទានមានចំនួន ៤០ លានដុល្លារ និងកម្ចីទិញផ្ទះមានចំនួន ២,៥ ពាន់លានដុល្លារ។
លោក យុន សុវណ្ណា នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា កំណើនឥណទានប្រើប្រាស់ផ្ទាល់ខ្លួនគឺជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែថ្លែងថាកំណើនកម្ចីប្រភេទនេះមិនគួរជំរុញឲ្យមានច្រើនពេកនោះទេ។ លោកបន្តថា៖ «ខណៈទំនិញប្រើប្រាស់ភាគច្រើននៅកម្ពុជាត្រូវបាននាំចូលប្រជាជនកម្ពុជាកាន់តែច្រើនចំណាយប្រាក់លើទំនិញទាំងនេះមានន័យថា ប្រាក់ហូរចេញពីប្រទេសរបស់យើង»។
តាមលោក សុវណ្ណា កម្ចីសម្រាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងកាតឥណទានមិនបង្កើនសកម្មភាពសេដ្ឋកិច្ចនោះទេ។ លោកថ្លែងថា៖ «ជាទូទៅកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមិនបានជួយបង្កើនសកម្មភាពផលិតកម្មទេ អ៊ីចឹងកំណើនកម្ចីប្រភេទនេះមិនចាំបាច់ជំរុញខ្លាំងពេកទេ»៕LA