ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ១៨ ជាមួយ​ភាគី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ចំនួន​ ២៤ មក​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​។

ប៉ុន្តែ​ខ្លឹមសារ​នៃ​អនុស្សរណៈ​ទាំងអស់​នេះ មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​នោះទេ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចំនួន ២៤ ដែល​មក​ចូលរួម​ក្នុង​ឱកាស​នោះ​មាន​មកពី​វិស័យ​ចម្រុះ​ជាច្រើន​ដូចជា បច្ចេកវិទ្យា អេឡិចត្រូនិក មេកានិក អគ្គិសនី អប់រំ វេជ្ជសាស្ត្រ ខ្សែកាប អចលនទ្រព្យ សំណង់ និង​សណ្ឋាគារ ជាដើម​។

ថ្លែង​ក្នុង​ឱកាស​នៃ​ជំនួប​ពាណិជ្ជកម្ម​កម្ពុជា ចិន នៅ​សភាពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​គណៈប្រតិភូ​ចិន​ក្នុង​ការមក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ដ៏ឆាប់រហ័ស​ក្នុង​រយៈពេល​ជាង ២ ​ទសវត្សរ៍​មកនេះ​។

លោក​បន្តថា កម្ពុជា​ជា​ប្រទេស​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាង​គេ​លើ​ពិភពលោក ដែល​ត្រូវ​បាន​ទ្រទ្រង់​ដោយ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា សំណង់ កាត់ដេរ និង​ស្បែកជើង និង​វិស័យ​ទេសចរណ៍​ជាដើម​។

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ជួប​ប្រតិភូ​អាជីវកម្ម​ទាំងអស់​ដែល​មាន​បំណង​ស្វែងរក​ទីផ្សារ និង​ឱកាស​ធុរកិច្ច​នៅ​កម្ពុជា​»​។ លោក​បន្តថា​៖ «​នៅ​កម្ពុជា​មាន​នៅសល់​ឱកាស​វិនិយោគ​ជាច្រើន​កំពុង​រង់ចាំ អ្នក​មក​ស្វែងយល់​លើ​គ្រប់​វិស័យ​»​។

ជាមួយ​នឹង​ទំនាក់ទំនង​ដ៏ល្អ និង​យូរអង្វែង​បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​កាលពី​ឆ្នាំ​​ ២០១៨ មាន​តម្លៃ ៧,៤ ​ពាន់​លាន​ដុល្លារ​ដោយ​កើនឡើង​ ២២ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៧​។ នេះ​បើតាម​លោក គិត ម៉េង​។

លោក​ប្រាប់​ទៀត​ថា​សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​រង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមភាគី​ចិន​។ លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​រីករាយ​ចំពោះ​ចំណងមិត្តភាព​ទ្វេភាគី​កម្ពុជា-ចិន​ ក៏ដូចជា​គំនិត​ផ្តួចផ្តើម​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រទេស​ចិន​ «​ខ្សែក្រវាត់​ ១ ផ្លូវ​ ១» គំ​និង​ផ្តួចផ្តើម «​មូលនិធិ​ផ្លូវ​សូត្រ​» និង «​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី AIIB»​។

លោក Lu Xinhua ប្រធាន​ក្រុមប្រឹក្សា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ខាងត្បូងខាងត្បូង​បាន​និយាយ​ថា ចិន បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ​ខ្លាំង​ជាមួយគ្នា ហើយ​នៅក្នុង​គំនិត​ផ្តួចផ្តើម​ «​ខ្សែក្រវាត់​ ១ ផ្លូវ​ ១» កម្ពុជា​ក៏ត្រូវ​បាន​ចាត់ទុក​ថា​ជា​ចំណុច​ស្នូល​សំខាន់​ផងដែរ​។

លោក​បន្តថា ការដឹកនាំ​ក្រុម​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន ដើម្បី​សិក្សា​ទីផ្សារ​វិនិយោគ​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​លើ​ការវិនិយោគ​រវាង​កម្ពុជា និង​ចិន នឹង​មាន​ភាព​កាន់តែ​ល្អប្រសើរ​នៅពេល​អនាគត​»​។

បើ​តាម​អ្នកតំណាង​មួយរូប​មកពី​ប្រទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​ជំនួប​ពាណិជ្ជកម្ម​នោះ​គឺ​មាន​ក្រុមហ៊ុន​ចំនួន ២ ​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​របស់​ខ្លួន​ក្នុង​ការចូល​មក​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម និង​អចលនទ្រព្យ​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។

លោក នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisals ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនួប​នេះ​បានផ្តល់​នូវ​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​កម្ពុជា​ព្រោះ​តាមរយៈ​ជំនួប​នេះ កម្ពុជា​សង្ឃឹម​ថា​នឹង​អាចមាន​ក្រុមហ៊ុន​ថ្មីៗ​ជាច្រើន​ទៀត​ពី​ប្រទេស​ចិន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​ជាមួយ​នឹង​ស្ថិរភាព​នយោបាយ​ល្អប្រសើរ បច្ចុប្បន្ន​កម្ពុជា​ត្រូវ​បាន​ចាត់ទុកថា ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ការចូល​មក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​ពី​សំណាក់​វិនិយោគិន​បរទេស​»​។

បើ​តាម​លោក រិទ្ធី កម្ពុជា​មាន​សក្តានុពល​ច្រើន​សម្រាប់​ការ​ចូល​មក​បណ្តាក់ទុន ខណៈ​កម្ពុជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​ច្រើន​សម្រាប់​អ្នកវិនិយោគ សម្បូរ​ធនធាន​មនុស្ស ធនធាន​ធម្មជាតិ និង​ផែនការ​ពង្រីក និង​ពង្រឹង​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ជាដើម​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញថា ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសច​បរទេស​សរុប ៤,៨១ ​លាន​នាក់​ ក្នុង​នោះ​ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​នាំមុខ​គេ​ដោយមាន ១,៨៦​ លាន​នាក់ កើនឡើង ២៩,៤ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨៕LA