ភ្នំពេញៈ China Development Bank (CDB) ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​ពិភពលោក​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​វែង ១៣០ ​លាន​ដុល្លារ​ ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា​។

លោក Lyu Zhinan អគ្គនាយករង​ធនាគារ CDB បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នេះ​គឺជា​លើក​ទី​ ២ ដែល​ធនាគារ​ទាំង​ ២ ​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​គ្នា​។ លោក​បន្តថា អេស៊ីលីដា ជា​ធនាគារ​ធំ​មួយ​ដែល​គាំទ្រ​ការអភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​ដែល​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​ពួកគេ​បាន​កាន់តែ​ច្រើន​ថែមទៀត​។

លោក​ថ្លែងថា​៖ «CDB មាន​ការជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​ច្រើន​ក្នុង​ការទប់ទល់​នឹង​ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​ជា​សកល តាមរយៈ​ការបង្កើត​ផលិតកម្ម​ឡើងវិញ និង​ផ្តល់​ផលវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​»​។

លោក​បន្តថា​៖ «CDB មាន​ឆន្ទៈ​ក្នុង​ការសហប្រតិបត្តិការ​បន្ថែមទៀត​ជាមួយ​ធនាគារ អេស៊ីលីដា លើ​កិច្ចការ​សំខាន់ៗ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស និង​ការអភិវឌ្ឍ​ដ៏មាន​សក្តានុពល​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹងថា ហិរញ្ញប្បទាន​ទទួល​បាន​ពី CDB នឹង​ជួយ​គាំទ្រ​ដល់​ការរីកចម្រើន​រយៈពេល​វែង​ដល់​ធនាគារ​អេស៊ីលីដា​។ លោក​រំពឹងថា ហិរញ្ញប្បទាន​នេះ​នឹង​ផ្តល់​ឥណទាន​ថ្មី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ប្រមាណ ៥ ០០០ សហគ្រាស​បន្ថែមទៀត​។

លោក​និយាយថា​៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​នៅក្នុង​ផ្សារហ៊ុន​កម្ពុជា យើង​អាច​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​មូលធន​សម្រាប់​ពង្រឹង​ដើមទុន​របស់​យើង​ដោយ​យក​ទៅ​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ដែល​បាន​មកពី​ប្រាក់​បញ្ញើ​ទីផ្សារ​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវការ​ដើមទុន​រយៈពេល​ខ្លី​»​។ លោក​បាន​បន្តថា​៖ «​នេះ​ជា​ការធ្វើ​ពិពិធកម្ម​នៃ​ប្រភព​ទុន​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​គាំទ្រ​យុទ្ធសាស្ត្រ​រីកចម្រើន​ប្រកប​ដោយ​ចីរភាព​របស់​ធនាគារ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​ ២០២០ ​នេះ អេស៊ីលីដា មាន​ទ្រព្យ​សកម្ម​សរុប​ ៦,១៥ ​ពាន់​ដុល្លារ សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៩៩ ​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៤,៣៥ ​ពាន់​លាន​ដុល្លារ​៕ LA