
សកម្មភាពប្រជាជនធ្វើដំណើរចេញចូលនៅច្រកព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជំរុញឲ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើននៅតាមតំបន់ព្រំដែនកម្ពុជា។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ លោក សុក ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ដើម្បីទាក់ទាញការវិនិយោគនៅតាមព្រំដែនចាំបាច់ត្រូវការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ការតភ្ជាប់បណ្តាញ និងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការកំណត់វិស័យឧស្សាហកម្មដែលទាក់ទាញ។
លោកបានបន្តថា ការលើកទឹកចិត្តដល់ការវិនិយោគ ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទិកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស គឺជាចំណុចសំខាន់សម្រាប់ការទាក់ទាញការវិនិយោគ។
លោកថ្លែងថា៖ «សូមឲ្យភាគីពាក់ព័ន្ធទាំងអស់មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមមកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា»។
លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្តរបស់ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅមិនឆ្ងាយពីកំពង់ផែសមុទ្រនៅប្រទេស ថៃ ជាកន្លែងមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។
លោកនិយាយថា៖ «ការអភិវឌ្ឍ និងបង្កើនការវិនិយោគនៅតាមព្រំដែន គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជួយទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាជនខ្មែរទៅធ្វើការនៅបរទេស»។
បើតាមលោក រាត្រី បច្ចុប្បន្នអាជ្ញាធរខេត្ត បានត្រៀមលក្ខណៈជាច្រើនសម្រាប់ត្រៀមទទួលវិនិយោគិន ដែលមានដូចជា ការបង្កើតកន្លែងបណ្តុះបណ្តាលជំនាញ និងវគ្គខ្លីៗសម្រាប់ពលករ ការថែរក្សាសន្តិសុខ ការបង្កលក្ខណៈងាយស្រួលផ្នែករដ្ឋបាលសម្រាប់វិនិយោគិន និងការត្រៀមកម្លាំងពលកម្មផងដែរ សម្រាប់បម្រើការងារផងដែរ។
លោក លី គីមហុង ប្រធានសាខាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង ដែលមានរោងចក្រ ៤ កំពុងដំណើរការ និងមានកម្មករប្រមាណ ៧ ០០០ នាក់ បាននិយាយថា ការបង្កើនភាពទាក់ទាញឲ្យវិនិយោគិនចូលមកបណ្តាក់ទុននៅតាមតំបន់ព្រំដែន គឺជារឿងដ៏ល្អ ព្រោះនឹងជួយបង្កើតការងារថ្មីៗបន្ថែម ខណៈការផ្លាស់ប្តូរទំនិញ និងដឹកជញ្ជូនក៏មានភាពងាយស្រួល។
លោកបន្តថា៖ «បើទោះបីក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ តំបន់ព្រំដែនក្នុងក្រុងប៉ោយប៉ែត មានការអភិវឌ្ឍឆាប់រហ័ស តែការបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគ គឺនៅតែជាការចាំបាច់»។
លោកលើកឡើងថា បើរដ្ឋាភិបាលបើកច្រកព្រំដែនបន្ថែម និងមានការកសាងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនោះ នឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់ព្រំដែនកាន់តែមានភាពល្អប្រសើរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានឲ្យដឹងថា ការអភិវឌ្ឍនៅតាមព្រំដែន គឺជាផ្នែកមួយដែលមាននៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។ ការអភិវឌ្ឍនៅតាមព្រំដែន គឺជាការចាំបាច់ ព្រោះបើនៅតាមតំបន់ព្រំដែន មានការអភិវឌ្ឍ និងមានការវិនិយោគច្រើន វានឹងជួយកាត់បន្ថយការប្រមូលផ្តុំគ្នានៅក្នុងទីក្រុង ដែលនាំឲ្យមានការកកស្ទះ និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជនផងដែរ។
លោកថ្លែងថា៖ «ជាការល្អបើតំបន់ព្រំដែនមានការអភិវឌ្ឍ ហើយវិស័យដឹកជញ្ជូនក៏នឹងល្អផងដែរ នៅពេលមានការវិនិយោគកាន់តែច្រើន»។
បើទោះបីជាពិធីតភ្ជាប់ផ្លូវដែកជាផ្លូវការរវាងប្រទេស កម្ពុជា និងថៃ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីប្រទេសទាំង ២ រួចហើយក៏ដោយ ប៉ុន្តែមកទល់ពេលនេះ ការដឹកជញ្ជូនមនុស្ស និងទំនិញតាមផ្លូវដែករវាងប្រទេសទាំង ២ នៅមិនទាន់ចេញជារូបរាងនោះទេ។
លោក ចន្ធី បានលើកសំណូមពរថា៖ «ខ្ញុំចង់ឃើញមានការជញ្ជូនទំនិញតាមផ្លូវដែកជាមួយប្រទេស ថៃ និងទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុអាចចាប់ផ្តើមឆាប់ៗ ដើម្បីចៀសវាងការប្រើប្រាស់រថយន្តធំៗច្រើន និងជួយកាត់បន្ថយការកកស្ទះនៅផ្លូវថ្នល់»។
បើតាមលោក អ៊ំ រាត្រី បច្ចុប្បន្ននៅខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ ក្រុងប៉ោយប៉ែត (២កំពុងដំណើរការ) និងសួនឧស្សាហកម្ម ១ កន្លែង ក្នុងក្រុងសិរីសោភ័ណ ដែលមានកម្មករកំពុងបម្រើការជិត ២ ម៉ឺននាក់។ វិនិយោគិនបរទេសជាច្រើន ពិសេសថៃ ជប៉ុន និងចិន កំពុងវិនិយោគទៅលើវិស័យមួយចំនួនដូចជា កសិឧស្សាហកម្ម កសិកម្ម ឧស្សាហកម្ម វាយនភណ្ឌ ប្រអប់គ្រឿងអលង្ការ និងគ្រឿងផ្គុំរថយន្ត ជាដើម៕ LA