ភ្នំពេញៈ បញ្ជរ​តែមួយ​ជាតិ ឬ (National Single Window) ដែលជា​ប្រព័ន្ធ​ស្នើសុំ​នាំចូល​ទំនិញ​បម្រើ​ឲ្យ​គម្រោង​វិនិយោគ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ការប្រកាស​ដាក់​ឲ្យ​ដំណើរការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការដាក់​ពាក្យស្នើសុំ​បញ្ជីមេ​អនឡាញ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក សុក ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​និយាយថា ការដាក់​ប្រើប្រាស់​នូវ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​អ្នកវិនិយោគ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ប្រព័ន្ធ​នេះ​នឹង​នាំមក​នូវ​គុណប្រយោជន៍​ជាច្រើន​ដល់​អ្នកវិនិយោគ​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា និង​ការចំណាយ​មិនចាំបាច់​នានា​»​។

លោក​បន្តថា ការរៀបចំ​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​វិធានការ​កំណែទម្រង់​មុត​ស្រួច​របស់​រដ្ឋាភិបាល​កម្ពុជា​សំដៅ​កែលម្អ​បរិយាកាស​ធុរកិច្ច​វិនិយោគ និង​បង្កើន​ភាពប្រកួតប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​វា​នឹង​ជួយ​ឲ្យ​ក្រសួង​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​មាន​ភាព​ងាយស្រួល​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ និង​មាន​ភាពកាន់តែ​សុក្រឹត​»​។

បើតាម​លោក ចិន្តាសោភា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ១០១ បាន​បង្កើត​គណនី​នៅ CDC រួចហើយ​ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​សិទ្ធិ​ក្នុង​ការដាក់ពាក្យ​ស្នើសុំ​នាំចូល​ទំនិញ​បម្រើ​ឲ្យ​ការអនុវត្ត​គម្រោង​វិនិយោគ​របស់ខ្លួន​មក​កាន់ CDC ដោយ​ផ្ទាល់​បាន​តាមរយៈ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​។

ទោះយ៉ាងណា​រហូត​មក​ដល់​ពេលនេះ​មាន​តែ​គណនី​ចំនួន ១៦ ​ប៉ុណ្ណោះ​ដែល​បានដាក់​ពាក្យស្នើសុំ ហើយ​ភាគច្រើន​ជា​ក្រុមហ៊ុន​ដែល​កំពុង​មាន​ប្រតិបត្តិការ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា វិស័យ​ឯកជន​ពិតជា​រីករាយ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដាក់​ចេញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ការបំពេញ​បែបបទ​ក្នុងការ​ស្នើសុំ​នាំចូល​ទំនិញ​បម្រើ​ឲ្យ​ការអនុវត្ត​គម្រោង​វិនិយោគ​នៅពេលនេះ​។ លោក​បន្ត​ថា ការប្រើប្រាស់​ប្រព័ន្ធ​នេះ​នឹង​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ក្រុមហ៊ុន​ក្នុងការ​បំពេញ​បែបបទ​ផ្សេងៗ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ប្រព័ន្ធ​នេះ​មាន​ភាពល្អ​ប្រសើរ​ច្រើន ដោយ​យើង​មិន​ចាំបាច់​មក​បំពេញ​ឯកសារ​ដោយផ្ទាល់​នៅ CDC នោះ​ទេ​ហើយ​ថែមទាំង​អាច​ធ្វើការ​បំពេញ​ព័ត៌មាន​បាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការជំរុញ​ល្បឿន​ការងារ​»​។

លោក​បន្តទៀតថា បច្ចុប្បន្ន​នៅ​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​គេ​តែងតែ​និយាយ​ពី​ការផ្សារភ្ជាប់​បច្ចេកវិទ្យា​ទៅលើ​គ្រប់​វិស័យ ហេតុនេះ​ក្រុមហ៊ុន និង​សហគ្រាស​នីមួយៗ​ក៏​ត្រូវតែ​ខិតខំ​ពង្រឹង​សមត្ថភាព​បុគ្គលិក​របស់ខ្លួន​ឲ្យ​ក្លាយជា E-People ផងដែរ​។

លោក​បាន​លើកឡើង​ថា​៖ «​កម្ពុជា​ត្រូវ​តែ​ដើរ​ឲ្យ​ទាន់សភាពការណ៍​នៃ​ការវិវត្ត​របស់​សង្គម​។ បើសិន​យើង​មាន E(​ប្រព័ន្ធ​ព័ត៌មានវិទ្យា​) ​ទាំងអស់ ការងារ​របស់​យើង​នឹង​រីកចម្រើន​ខ្លាំង​។ នេះ​ជា​អ្វីដែល​អ្នកវិនិយោគ​ចង់​បាន​ដោយ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពលឿន និង​មិន​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការអនុម័ត​»​។

ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​នឹង​ជួយ​ធ្វើឲ្យ​ការស្នើសុំ​នាំចូល​ទំនិញ​ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​វិនិយោគ​ត្រូវ​កាត់បន្ថយ​ពី​ចំនួន ១៥ ថ្ងៃ​នាពេល​បច្ចុប្បន្ននេះ មក​នៅ​សល់​ត្រឹមតែ ១០ ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​លោក ចិន្តាសោភា​៕ LA