ភ្នំពេញៈ Aeon Mall ជា​ក្រុមហ៊ុន​ពហុផលិតផល​ជប៉ុន​នឹង​វិនិយោគ​ទឹកប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​ផ្សេងទៀត​ដើម្បី​សាងសង់​ផ្សារ​ទំនើប​អ៊ីអន ​៣ នៅ​ខណ្ឌមានជ័យ​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​ ២៥​ ​ខែ​ធ្នូ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន Aeon Mall (Cambodia) វិនិយោគ​ទឹកប្រាក់ ២៨៩,៦ ​លាន​ដុល្លារ​ផ្សេងទៀត​ដើម្បី​សាងសង់​ផ្សារ​ទំនើប អ៊ីអន​ ៣ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទីក្រុង​ភ្នំពេញ​។

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​អ៊ីអន​ ៣ ​នេះ​នឹង​ត្រូវ​សាងសង់​នៅក្នុង​គម្រោង​ទីក្រុង​រណប ING City នៅលើ​ផ្ទៃដី ១៧៤ ០០០ ​ម៉ែត្រការ៉េ​ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣​។

របាយការណ៍​ដំបូង​រយៈពេល​មធ្យម និង​រយៈពេល​វែង​របស់​ក្រុមហ៊ុន Aeon Mall ​ដែល​បានចេញ​ផ្សាយ​កាលពីដើម​ខែតុលា​ឆ្នាំ​ ២០១៩ ឲ្យ​ដឹងថា ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ក្រុមហ៊ុន Aeon Mall ជាពិសេស​នៅ​អាស៊ាន​បានបង្ហាញ​កំណើន​ដ៏រឹងមាំ ខណៈ​ផ្សារ​ទំនើប​នេះ​បន្ត​ផ្ដល់​អ្វីៗ​កាន់តែ​ប្រសើរ និង​ទំនើប​ដល់​អារ្យធម៌​របស់​តំបន់​នេះ​។

ក្រុមហ៊ុន​នេះ​បន្ត​​ថា​៖ «​ខណៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្រៅ​ប្រទេស​មាន​និន្នាការ​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព ផ្សារ​ទំនើប​របស់​យើង​នៅក្នុង​ប្រទេស​ចិន និង​អាស៊ាន​បង្ហាញ​លក្ខណពិសេស​កន្លែង​ចត​រថយន្ត​ទ្រង់ទ្រាយ​ធំ ដែល​ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង​របស់​យើង​ពី​ការធ្វើ​យន្តកម្ម​នៅពេល​អនាគត​នៅក្នុង​តំបន់​ទាំងនេះ​។ ចំណតរថយន្ត​ទាំងនេះ​ក៏​បម្រើ​ជា​អត្ថប្រយោជន៍​ប្រកួតប្រជែង​មួយ​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ការពង្រីក​នៅពេល​អនាគត​ផងដែរ​»​។

ក្រុមហ៊ុន​បន្ថែម​ថា​៖ «​យើង​ដឹកនាំ​ការគ្រប់គ្រង​ផ្សារ​ទំនើប និង​ប្រតិបត្តិការ​ដែល​ប្រៀបធៀប​នឹង​ផ្សារ​ទំនើប​ជប៉ុន​ដែល​ផ្ដល់​ទីតាំង​ផ្ដល់​សុវត្ថិភាព សន្ដិសុខ និង​ផាសុកភាព​ស្មើនឹង​ប្រទេស​ជប៉ុន​»​។

លោកស្រី អាន ធីតា នាយក​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា វត្តមាន​ផ្សារ​ទំនើប​អ៊ីអន​ ៣ ​នៅ​តំបន់​នេះ​គឺជា​ការបំពេញ​បន្ថែម​នឹង​ការអភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទីនោះ ខណៈ​ក្រុង​រណប ING City ក៏​កំពុង​ត្រូវបាន​អភិវឌ្ឍ​ផងដែរ​។ ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី​បាន​ឲ្យ​ដឹងថា ផ្សារទំនើប​នេះ​នឹង​កំណត់​ទិសដៅ​គ្រួសារ​មាន​ប្រាក់​ចំណូល​មធ្យម​របស់​តំបន់​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ទីតាំង​របស់​ផ្សារ​ទំនើប​អ៊ីអន​ ៣ ​នេះ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ភ្នំពេញ​ដែល​វិស័យ​សំណង់​កំពុង​ត្រូវបាន​អភិវឌ្ឍ​ និង​ជា​ការកើនឡើង​ដ៏ធំ​នៃ​ប្រជាជន​មាន​ប្រាក់ចំណូល​មធ្យម​។ ដូច្នេះ​ផ្សារ​ទំនើប​នេះ​បាន​ដំណើរការ និង​បាន​សិក្សា​រួចហើយ​អំពី​តម្រូវការ​នៅ​ទីនោះ​ជា​មូលហេតុ​ដែល​ពួកគេ​បានសម្រេច​ចិត្ត​ដាក់​ការវិនិយោគ​ដ៏ធំ​នៅ​ទីនោះ​នឹង​មាន​ជោគជ័យ​ផ្សេងទៀត​សម្រាប់​ពួកគេ​»​។

ប៉ុន្តែ​លោកស្រី​បញ្ជាក់ថា អំណាច​ការទិញ​របស់​ប្រទេស​នេះ​គឺ​នៅតែ​ទាប ដោយសារ​ពួកគេ​ភាគច្រើន​ចំណាយ​លើ​អាហារ និង​ការកម្សាន្ត​។

ផ្សារទំនើប​អ៊ីអន​ទី​ ១ មាន​ទីតាំងនៅ​ខណ្ឌ​ចំការមន វិនិយោគ​ប្រហែល​ ២០៥ ​លាន​ដុល្លារ ហើយ​អ៊ីអន​ ២ ​មាន​ទុនវិនិយោគ ១២០ ​លាន​ដុល្លារ​ដែល​បាន​បើក​ដំណើរការ​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៨ ដោយមាន​ផ្ទៃដី​សរុប​ប្រហែល​ ៦៨ ០០០ ​ម៉ែត្រការ៉េ​នៅ​ខណ្ឌ​សែនសុខ​។

ត្រឹម​ចុងឆ្នាំ ២០១៩ កម្ពុជា​មាន​ផ្សារ​ទំនើប​សរុប​ចំនួន​ ២១ នៅ​ទីក្រុង​ភ្នំពេញ​។ នេះ​បើតាម​របាយការណ៍​របស់ CBRE ៕LA