ភ្នំពេញ: ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​បានអនុម័ត​ការចុះបញ្ជី​ជា​ផ្លូវការ​នូវ​រោងចក្រ​ ១០ ​បន្ថែមទៀត​គិត​ត្រឹម​សប្តាហ៍​ទី​ ៣ ​នៃ​ខែកុម្ភៈ​នេះ​។

រោងចក្រ​ទាំងនេះ​រួមមាន​ផលិត​សម្ភារ​ផ្ទះបាយ រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ និង​ខ្សែកាប​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​រោងចក្រ​ផលិត​អាគុយ​ស្ងួត និង​គ្រឿង​ផ្គុំ និង​រោងចក្រ​សម្លៀកបំពាក់​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

CDC ​បាន​ឲ្យ​ដឹងថា គម្រោង​រោងចក្រ​ទាំងនេះ​នឹង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ចំនួន ​៤ ៧៤៤ នាក់​។

បើ​យោងតាម​ CDC ​គម្រោង​វិនិយោគ​រោងចក្រ​ទាំងនេះ​រួមមាន​ក្រុមហ៊ុន​ Kaining Metal Product (Cambodia) Co.,Ltd​ ដែល​មាន​ទុន​វិនិយោគ​ ៨,៨ ​លាន​ដុល្លារ​ដោយ​បង្កើត​រោងចក្រ​ផលិត​សម្ភារ​ផ្ទះបាយ​ និង​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ​ និង​ខ្សែកាប​របស់​ក្រុមហ៊ុន​ Hong ao Cable &Wire (Cambodia)Co.,Ltd ​មាន​ទុនវិនិយោគ​ ៥,៧ ​លាន​ដុល្លារ​មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​។

ក្រុមហ៊ុន​ RunYang&RunJie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd នឹង​វិនិយោគ​លើ​រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​លើកដាក់​ទំនិញ​មាន​ទុនវិនិយោគ​ ៩,១ ​លាន​ដុល្លារ​ និង​ក្រុមហ៊ុន​ CambodianSaibanWoodCo.,Ltd​ វិនិយោគ​លើ​រោងចក្រ​ផលិត​គ្រឿង​សង្ហារិម​ដែលមាន​ទុនវិនិយោគ​ ១,៩ ​លាន​ដុល្លារ​មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។

សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ Ultraspower Technology Battery Co.,Ltd ​ទទួល​បាន​ការវិនិយោគ​លើ​រោងចក្រ​ផលិត​អាគុយ​ស្ងួត​ដែល​មាន​ទុនវិនិយោគ​ ២១,៥ ​លាន​ដុល្លារ​ និង​ក្រុមហ៊ុន​ Zhong Yongxin (Cambodia) Co.,Ltd វិនិយោគ​លើ​រោងចក្រ​ផលិត​គ្រឿង​ផ្គុំ​អាគុយ​ស្ងួត​ដែល​មាន​ទុនវិនិយោគ​ ២៥,១ ​លាន​ដុល្លារ​។ ​គម្រោង​ទាំង​ ២ ​នេះ​ស្ថិតនៅ​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកំពង់ស្ពឺ​។

ទន្ទឹម​នឹង​នេះ​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​គ្រឿងផ្សំ​សម្លៀកបំពាក់​ស្បែកជើង និង​កាបូប​ដែល​មាន​ទុនវិនិយោគ​ ២ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ XinLianXinElastic&String (Cambodia) Co.,Ltd ​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​កំបូល​ខណៈ​ក្រុមហ៊ុន​ Huakuan (Cambodia) Garments Co.,Ltd នឹង​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ក្នុង​ទុនវិនិយោគ​ ២,៣ ​លាន​ដុល្លារ​ស្ថិតនៅ​ខណ្ឌ​ពោធិ៍សែនជ័យ​។

ដោយឡែក​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​កាបូប​ខ្សែក្រវាត់​ និង​វ៉ាលិស​របស់​ក្រុមហ៊ុន​ J.D.Leather Goods(Cambodia)Co.,Ltd ​ដែល​មាន​ទុនវិនិយោគ​ ៣,៨ ​លាន​ដុល្លារ​ស្ថិតនៅ​ស្រុក​ត្រាំកក់​ខេត្តតាកែវ​ ខណៈ​គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​ Given Clothing Garment (Cambodia) Co.,Ltd ​ដែលមាន​ទុនវិនិយោគ​ ៣,៥ ​លាន​ដុល្លារ​ ស្ថិត​នៅ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​លោក​ ចម ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹងថា​កម្ពុជា​ក៏បាន​ទាក់ទាញ​រោងចក្រ​ដំឡើង​រថយន្ត​ និង​ម៉ូតូ​រោងចក្រ​គ្រឿងបន្លាស់​រថយន្ត​ឧបករណ៍​អគ្គិសនី បរិក្ខារ​ផ្គត់ផ្គង់​អគ្គិសនី​សម្ភារ​សំណង់​ និង​រោងចក្រ​កសិឧស្សាហកម្ម​ផងដែរ​។ ​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ខ្ញុំ​មើលឃើញ​រោងចក្រ​ថ្មីៗ​បើក​ដំណើរការ​នៅក្នុង​ប្រទេស​យើង​ជាមួយ​នឹង​តម្លៃ​ខ្ពស់​ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​»​។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បង្ហាញថា គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ ​ប្រទេស​ កម្ពុជា​ មាន​រោងចក្រ​សរុប​ចំនួន​ ១ ៧៣០ ​ក្នុង​នោះ​រោងចក្រ​កាត់ដេរ វាយនភណ្ឌ ស្បែកជើង សម្ភារ​ធ្វើដំណើរ​មាន ១ ០៦៩ រោងចក្រ​កែច្នៃ និង​ផលិតផល​អាហារ ភេសជ្ជៈ និង​ថ្នាំជក់ ១៥៧ រោងចក្រ​កែច្នៃ​កៅស៊ូ និង​ប្លាស្ទិក​ ១៤៣ រោងចក្រ​កែច្នៃ​ផលិតផល​ឈើ​ ៥៤ ​និង​រោងចក្រ​ផលិតផល​លោហធាតុ​ចំនួន​ ១៩៥៕