
កាបូបស្បែកដែលត្រូវបានដាក់លក់នៅក្នុងហាងមួយក្នុងទីក្រុងភ្នំពេញ នាពេលកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជាហាក់កំពុងក្លាយជាគោលដៅទាក់ទាញជាងមុនសម្រាប់រោងចក្រផលិតសម្ភារទាក់ទងនឹងការធ្វើដំណើរដូចជាកាបូប និងវ៉ាលិស ដោយសារថា ក្នុងចំណោមគម្រោងវិនិយោគសរុបដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់សិទ្ធិ ពិសេសនាដើមឆ្នាំនេះពាក់កណ្តាលជាគម្រោងរោងចក្រផលិតកាបូប។
អ្នកជំនាញក្នុងឧស្សាហកម្មកាត់ដេរបានបញ្ជាក់ថា កំណើនចំនួនវិនិយោគរោងចក្រផលិតសម្ភារទាក់ទងនឹងការធ្វើដំណើរនាពេលនេះ គឺដោយសារឥទ្ធិពលនៃការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ការនាំចេញផលិតផលនេះទៅទីផ្សារអាមេរិក ស្របពេលមាននិន្នាការនៃការផ្លាស់ប្តូរទីតាំងរោងចក្រនៅចិនទៅប្រទេសផ្សេងៗ ដោយសារការកើនឡើងថ្លៃប្រតិបត្តិការ។
តាមទិន្នន័យពីការសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CDC ហើយត្រូវបានគណនាដោយភ្នំពេញប៉ុស្តិ៍ចាប់ពីខែមករា ដល់ថ្ងៃទី ៥ មីនា CDC បានផ្តល់វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនសរុប ៤៥ គម្រោងក្នុងអំឡុងពេលនេះ។
ក្នុងនោះ គម្រោង ២១ គឺជាគម្រោងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។ ទំហំទុនវិនិយោគសរុបបូកបញ្ចូលគ្នាសម្រាប់រោងចក្រដែលបានផ្តល់សិទ្ធិទាំង ២១ ស្មើ ១០០ លានដុល្លារ ហើយបើវាដំណើរការ នឹងអាចផ្តល់ការងារបាន ៣១ ៩៥១ នាក់។
CDC គឺជាស្ថាប័នរដ្ឋាភិបាលមួយដែលធ្វើការវាយតម្លៃពាក្យស្នើសុំវិនិយោគសម្រាប់គម្រោងដែលត្រូវបានលើកទឹកចិត្តដោយរដ្ឋាភិបាល ដោយផ្អែកលើលក្ខខណ្ឌដែលបានចែងក្នុងច្បាប់វិនិយោគនៅកម្ពុជា។
មន្ដ្រីជាច្រើនមកពី CDC មិនអាចទាក់ទងសុំការអត្ថាធិប្បាយតាមរយៈទូរស័ព្ទបានទេកាលពីម្សិលមិញ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងកាលពីម្សិលមិញថា និន្នាការកំពុងកើនឡើង ដែលឧស្សាហកម្មបន្ថែមតម្លៃទាបនេះ កំពុងចាកចេញពីប្រទេស ចិន ដោយសារតែកំណើនការចំណាយលើពន្ធនាំចូលដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន។
លោកបន្ថែមថា ប្រទេស កម្ពុជា កំពុងមានភាពទាក់ទាញកាន់ខ្លាំងសម្រាប់ក្រុមហ៊ុនទាំងនោះ ដោយសារតែការ-ចូលទៅទីផ្សារអាមេរិករួចពន្ធ ចាប់ពីខែកក្កដាឆ្នាំ ២០១៦ នៅទំនិញទាក់ទងនឹងការធ្វើដំណើរ ២៨ មុខ។
លោកបញ្ជាក់ថា៖ «មូលហេតុចម្បងដែលធ្វើឲ្យមានការទាក់ទាញរោងចក្រផលិតកាបូបមកច្រើនជាងមុន គឺដោយសារការទទួលបាន GSP ដែលអាមេរិកផ្តល់ឲ្យកម្ពុជា និងនិន្នាការដែលរោងចក្រផលិតសម្ភារមានតម្លៃបន្ថែមទាបជាច្រើនកំពុងងាកចេញពីចិនដោយសារការកើនឡើងថ្លៃឈ្នួលពលកម្ម និងកង្វះកម្លាំងពលកម្ម»។
លោកបន្ថែមថា ផលប៉ះពាល់ដោយសារការគំរាមកំហែងនៃសង្គ្រាមពាណិជ្ជកម្មកើនឡើងកាន់តែខ្លាំង គឺជាកត្តារួមចំណែកផ្សេងទៀត ដែលជំរុញ ឲ្យផលិតផលនៅក្នុងប្រទេស ចិន បង្កើនល្បឿនផែនការរបស់ខ្លួនក្នុងការរកទីតាំងរោងចក្រថ្មី ទៅប្រទេសផ្សេងទៀតរួមទាំងកម្ពុជាផងដែរ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំមុនបានគំរាមថា នឹងបង្កើនពន្ធលើទំនិញរបស់ចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លារ ចាប់ពី ១០ ទៅ ២៥ ភាគរយ ហើយបញ្ជីផលិតផល ដែលរងផលប៉ះពាល់រួមមាន កាបូប ទំនិញទាក់ទងនឹងការធ្វើដំណើរ និងទំនិញផ្សេងៗទៀត។
ទោះបីលោក ត្រាំ ប្រកាសកាលពីចុងខែមុនលើការពន្យារពេលការបង្កើនពន្ធនាំចូលក៏ដោយ ក៏ក្រុមអ្នកវិភាគនៅតែព្រមានថា វាមិនមានន័យថា សង្គ្រាមពាណិជ្ជកម្មបញ្ចប់ជាផ្លូវការនោះទេ។
លោក ម៉ូនីកា ឲ្យដឹងថា តម្លៃនៃការនាំចេញទំនិញទាក់ទងនឹងការធ្វើដំណើររបស់កម្ពុជា មានប្រហែល ៥០០ លានដុល្លារកាលពីឆ្នាំមុន ក្នុងចំណោមនោះ ៣៥០ លានដុល្លារ ត្រូវបាននាំចេញទៅអាមេរិក៕LA