ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃ​ចន្ទ​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ដែលមាន​តម្លៃ​សរុប ១៧,២ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៤៩០ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា CDC បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់​ស្ថិត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្រោម​ទុនវិនិយោគ ៦,៩ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៦១០ ​នាក់​។ ក្រុមហ៊ុន Famous Leatherware (Cambodia) Co., Ltd. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​នៅ​ខណ្ឌមានជ័យ​មាន​ទុនវិនិយោគ ៥,៣ ​លាន​ដុល្លារ​អាច​បង្កើត​ការងារ​បាន ៣១៤ ​នាក់​។

ចំណែក​ក្រុមហ៊ុន ២ ទៀត​រួមមាន ក្រុមហ៊ុន Xin Hak Muy Make Clothes Assist Material Co., Ltd. វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ ខ្សែយឺត និង​អំបោះដេរ​នៅ​ខណ្ឌដង្កោ រាជធានី-ភ្នំពេញ​មាន​ទុនវិនិយោគ ២,៥ ​លាន​ដុល្លារ​អាច​បង្កើត​ការងារ​បាន ២៣២ ​នាក់ និង​ក្រុមហ៊ុន Kimbao Bag Industry Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ថង់យួរ​គ្រប់​ប្រភេទ ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​មាន​ទុនវិនិយោគ​ប្រមាណ ២,៥ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣៤ ​នាក់​។

បើ​យោងតាម CDC ចំនួន​ក្រុមហ៊ុន​ដែល​មក​ដាក់ពាក្យ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ក្រសួង​តែងតែ​ខិតខំ​ផ្សព្វផ្សាយ និង​ចូលរួម​ព្រឹត្តិការណ៍​នានា​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដើម្បី​ទាក់ទាញ​ការ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។ លោក​បាន​បន្តថា កំណើន​នៃ​ការស្នើសុំ​បើក​ក្រុមហ៊ុន​ថ្មីៗ​នៅ​ក្រសួង​ពាណិជ្ជកម្ម និង​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​បរទេស​ក្នុង​ការចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា​កំពុង​កើនឡើង​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ប្រកាន់​យក​ទីផ្សារសេរី ហេតុនេះ​នឹង​មាន​វិនិយោគិន​ពី​ប្រទេស​ផ្សេងៗ​ចូលមក​វិនិយោគ​ជា​បន្តបន្ទាប់​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា ភាពអំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ ការ​សម្បូរ​កម្លាំង​ពលកម្ម​វ័យក្មេង និង​មាន​តម្លៃថោក​បាន​ធ្វើឲ្យ​កម្ពុជា​ទាក់ទាញ​បាន​នូវ​ការ​ចូលមក​បណ្តាក់ទុន​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​មកពី​ប្រទេស​ចិន​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​បន្តថា ភាគច្រើន​នៃ​ការអនុម័ត​របស់ CDC នាពេល​ថ្មីៗ​នេះ គឺជា​រោងចក្រ​កាត់ដេរ សម្ភារ​ធ្វើដំណើរ និង​ផលិតផល​មួយចំនួន​ទៀត​ដែលជា​សម្ភារ​ប្រើប្រាស់​ចាំបាច់​សម្រាប់​ការ​រស់នៅ​ដោយ​មិនមាន​ជា​គ្រឿងចក្រ ឬ​ឧស្សាហកម្ម​ធំៗ​ទេ​។

បើ​តាម​លោក វណ្ណៈ ប្រសិន​បើ​ភាពអនុគ្រោះ​ដែល​កម្ពុជា​កំពុង​ទទួលបាន​ពី​ប្រទេស​ធំ​ដូចជា​អាមេរិក និង​អឺរ៉ុប​មាន​ការប្រែប្រួល​នោះ​ចំនួន​នៃ​ការចូល​មក​បណ្តាក់ទុន​ពី​បរទេស​នៅ​កម្ពុជា​អាច​នឹង​មិនមាន​កំណើន​ខ្ពស់​ដូច​ពេលនេះ​ទេ​។

របាយការណ៍​ពី​ធនាគារជាតិ​បង្ហាញថា ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មាន​តម្លៃ​សរុប ៣ ៥៨៨ ​លាន​ដុល្លារ​​ កើនឡើង ១១,៧ ​ភាគរយ​ពី​ចំនួន ៣ ២១២ លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ កំណើន​ភាគច្រើន​បានមកពី​ការវិនិយោគ​របស់​ចិន​។ សម្រាប់​ឆ្នាំ​ ២០២០ FDI ត្រូវបាន​រំពឹងថា នឹង​កើន ១០ ​ភាគរយ​បន្ថែមទៀត​៕LA