ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​គម្រោង​ចំនួន ៧ ស្មើនឹង​ទុនវិនិយោគ​សរុប​ជិត ៧២ ​លាន​ដុល្លារ គិត​ចាប់ពី​ដើម​ខែ​សីហា មក​ដល់​ថ្ងៃ​ពុធ​ម្សិលមិញ​។

គម្រោង​ទាំងនេះ​នឹង​បង្កើត​ការងារ​ជិត ៣ ០០០ ​កន្លែង​។ នេះ​បើតាម CDC​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ឲ្យ​ដឹងថា យោងតាម​សំណើសុំ​វិនិយោគ CDC បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ទាំងនោះ​ដែល​រួមមាន Newtoshi Homewear Co., Ltd គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់​យួរដៃ និង​សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​មាន​ទុន ៣,៤ ​លាន​ដុល្លារ ក្រុមហ៊ុន Tokyo Happy Ice Cream Co., Ltd គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម​មាន​ទុន​ ៣,១ ​លាន​ដុល្លារ​, ក្រុមហ៊ុន Rong Xing Paper Industrial Co., Ltd គម្រោង​បង្កើត​រោងចក្រ​ផលិត​កេសកាតុង​មាន​ទុន ៣,៦ ​លាន​ដុល្លារ ក្រុមហ៊ុន K&K Pipe (Cambodia) Co., Ltd គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោទឹក​មាន​ទុនវិនិយោគ ៦ ​លាន​ដុល្លារ​។

ក្រុមហ៊ុន​ផ្សេងទៀត​រួមមាន Ray Power Supply Co., Ltd គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ អានុភាព ៣០ ​មេហ្គាវ៉ាត់​មាន​ទុន​ ៣៩,៨ ​លាន​ដុល្លារ ក្រុមហ៊ុន CamIcare Co.,Ltd គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​មាន​ទុន​ ៥,៥ ​លាន​ដុល្លារ ខណៈ​ Forever Fug Garment Co., Ltd គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មាន​ទុន ១០,៣ លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា ការបោះ​ទុនវិនិយោគ​នៅពេល​នេះ​ទំនង​ជា​វិនិយោគិន​ទាំងនេះ​រំពឹង​ថា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ​ដែល​គ្រោង​នឹង​ចុះ​ហត្ថលេខា​នៅពេល​ឆាប់ៗ​នេះ​។

លោក​ថ្លែងថា​៖ «​ពួកគេ​បាន​សម្លឹង​ឃើញ​រួចហើយ​នូវ​ឱកាស​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដែល​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​»៕ LA