ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានទឹកប្រាក់សរុបជិត ២ ពាន់លានដុល្លារដែលក្នុងនោះរួមមានទាំងគម្រោងវិនិយោគផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុដែលចំណាយប្រាក់ច្រើនផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC កាលពីម្សិលមិញ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនក្រុមប្រឹក្សា CDC បានឲ្យដឹងថា គម្រោងទាំង ៤ នេះនឹងមានទឹកប្រាក់វិនិយោគចំនួន ១,៩០៣ ពាន់លានដុល្លារដែលអាចបង្កើតការងារបានជាង ១១១៩៣ កន្លែង។
ក្នុងចំណោមគម្រោងទាំង ៤ នេះ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុដែលនឹងត្រូវអភិវឌ្ឍ និងវិនិយោគដោយក្រុមហ៊ុន Cambodian PPSHV Expressway ក្នុងរូបភាព សាងសង់អាជីវកម្មផ្ទេរ (BOT) នឹងមានទុនវិនិយោគប្រមាណ ១,៨៧ ពាន់លានដុល្លារដែលអាចបង្កើតការងារបាន ៩៥១៥ កន្លែង។
គម្រោងផ្សេងទៀតរួមមានគម្រោងបង្កើតរោងចក្រអាជីវកម្មថ្មអារ (ថ្មម៉ាប) ដែលវិនិយោគដោយក្រុមហ៊ុន Capital Mineral Resource Investment ដែលមានទីតាំងវិនិយោគស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ គម្រោងនេះមានទុនវិនិយោគប្រមាណ ១១,៩៣ លានដុល្លារ និងអាចបង្កើតការងារបាន ៧៣ កន្លែង។
ក្រុមហ៊ុន Royal Cera នឹងវិនិយោគលើការបង្កើតរោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូនៅស្រុកទឹកឈូ ខេត្តកំពត ដែលមានទុនវិនិយោគប្រមាណ ១៥,៣៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១ ២២៤ កន្លែង។
ក្រុមប្រឹក្សា CDC បានឲ្យដឹងទៀតថាក្រុមហ៊ុន Tropical Fruit Asia (Cambodia) នឹងសាងសង់រោងចក្រកែច្នៃផ្លែឈើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលដែលមានទុនវិនិយោគប្រមាណ ៦,៤៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៨០ កន្លែង៕