
ទិដ្ឋភាពកម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅទីក្រុងភ្នំពេញកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការចុះបញ្ជីជាផ្លូវការនូវរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៥ ដែលមានទុនវិនិយោគ ២៧,១ លានដុល្លារចាប់ពីដើមឆ្នាំ ២០២០ គិតត្រឹមជិតពាក់កណ្តាលខែកុម្ភៈនេះ។ នេះបើយោងតាម CDC។
CDC បានឲ្យដឹងថា គម្រោងរោងចក្រទាំងនេះនឹងបង្កើតការងារចំនួន ៦ ០៧៩ នាក់។
យោងតាម CDC គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ទាំង ៥ រួមមាន ក្រុមហ៊ុន Peng Tai (Cambodia) Co., Ltd. មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងមានទុនវិនិយោគ ៤ លានដុល្លារដោយអាចបង្កើតការងារបាន ១ ៤២១ កន្លែង ក្រុមហ៊ុន Kniteracy Asia Company Limited ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ២,៤ លានដុល្លារ និងអាចបង្កើតការងារបាន ១ ០២៦ កន្លែង។ ចំណែកក្រុមហ៊ុន K.Y Odyssey Garment Co.,Ltd. ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ ១០,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១ ៧៩៧ កន្លែង។
បន្ថែមពីលើនេះ CDC ក៏បានអនុម័តឲ្យក្រុមហ៊ុន King Lian (Cambodia) Garment Factory Co.,Ltd ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលមានទុនវិនិយោគ ៣,១ លានដុល្លារអាចបង្កើតការងារបានចំនួន ១ ២២៥ កន្លែង និងក្រុមហ៊ុន Sun Awesome Garment Co., Ltd នូវគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគ ៦,៩ លានដុល្លារ និងអាចបង្កើតការងារបាន ៦១០ នាក់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង មិនទទួលទូរស័ព្ទកាលពីល្ងាចថ្ងៃម្សិលមិញ ប៉ុន្តែកាលពីពេលថ្មីនេះលោកបាននិយាយថា បើទោះបីជាកម្ពុជាអាចមានការបាត់បង់អត្ថប្រយោជន៍ខ្លះពី EBA ប៉ុន្តែជាទូទៅកម្ពុជានៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើគ្រប់វិស័យ ពិសេសវិស័យកាត់ដេរ។ លោកបន្តថាក្រៅពីមានទីតាំងភូមិសាស្ត្រអំណោយផល សម្បូរកម្លាំងពលកម្មវ័យក្មេងកម្ពុជាក៏មានគោលនយោបាយលើកទឹកចិត្តច្រើនផងដែរសម្រាប់វិនិយោគិន។
លោកបន្តថា លើសពីនេះទៀតវិស័យឯកជនក៏មានឱកាសជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលើកយកបញ្ហាប្រឈមឲ្យរដ្ឋាភិបាលជួយដោះស្រាយជារៀងរាល់ឆ្នាំផងដែរ។ លោកថ្លែងថា៖ «ក្រុមវិនិយោគនៅកម្ពុជាតែងតែត្រូវបានសម្តេចនាយករដ្ឋមន្ត្រីតាមរយៈវេទិកា វេទិការាជរដ្ឋាភិបាលផ្នែកឯកជន»។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ គឺជាផ្នែកមួយដ៏សំខាន់របស់កម្ពុជាក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។ បើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មក្នុងរយៈពេល ១០ ខែដំបូងឆ្នាំ ២០១៩ កម្ពុជានាំចេញទំនិញមានតម្លៃសរុប ១០ ពាន់លានដុល្លារក្នុងនោះសម្លៀកបំពាក់មានតម្លៃ ៦,៤ ពាន់លានដុល្លារ៕LA