ភ្នំពេញៈ គម្រោង​វិនិយោគ​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់ ៣ ​ដែលមាន​ទុនវិនិយោគ​ជិត ៩ ​លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​។ នេះ​បើតាម CDC​។

គេហទំព័រ CDC កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា CDC បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​ផលិត​កាបូប Quan Ming Handbag (Cambodia) Industrial Co., Ltd ក្រុមហ៊ុន​រោងចក្រ​ផលិត​កាបូប និង​ខ្សែក្រវាត់ Gd New Sky Leather Products Co., Ltd. និង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Tao And Kiven Garment Co., Ltd ចុះបញ្ជី​ជា​ផ្លូវការ​។

យោងតាម CDC រោងចក្រ​ទាំង ៣ នេះ​មាន​តម្លៃ​ទុនវិនិយោគ​សរុប​ ៨,៨ ​លាន​ដុល្លារ ដោយ​អាចបង្កើត​ការងារ​បាន ​៣ ៤៤៨ ​កន្លែង​។ រោងចក្រ​ទាំងនេះ​មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​កំពង់ស្ពឺ​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រ បាន​និយាយថា កម្ពុជា​ជា​កន្លែង​ដែល​មាន​បរិយាកាស​វិនិយោគ​ល្អ​បំផុត​សម្រាប់​ការ​មក​បណ្តាក់ទុន ព្រោះ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ច្រើន (GSP និង EBA) ខណៈ​ច្បាប់​វិនិយោគ​កម្ពុជា​ក៏មាន​លក្ខណៈ​អំណោយផល​ផងដែរ​។ បច្ចុប្បន្ន​មាន​អ្នក​វិនិយោគិន​អន្តរជាតិ​កាន់តែ​ច្រើន​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ការទទួលបាន​ក្រុមហ៊ុន​ថ្មីៗ គឺជា​សញ្ញាណ​វិជ្ជមាន​មួយ​ដែល​អាច​ទាក់ទាញ​ឲ្យ​វិនិយោគិន​ដទៃទៀត​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​»​។

ខណៈ​បច្ចុប្បន្ន​កម្ពុជា​អាច​ប្រឈម​នឹង​ការបាត់បង់​ឱកាស​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដោយ​រួច​ពន្ធ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (EBA) ​នោះ​លោក​ កែម វិចិត្រ បាន​ថ្លែងថា​៖ «​កម្ពុជា​កំពុង​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំចេញ​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ប៉ះពាល់​នានា​ដែល​អាច​កើតឡើង​»​។

លោក​បន្ថែម​ថា កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​ផលិតភាព និង​ភាពប្រកួតប្រជែង​របស់ខ្លួន​ក្នុង​វិស័យ​នាំចេញ ដើម្បី​ធ្វើឲ្យ​ទំនិញ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ប្រទេស​ផ្សេងៗ ទោះជា​មាន​ការអនុគ្រោះ​ពន្ធ ឬ​មិន​អនុគ្រោះ​ក៏ដោយ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​៕LA