ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ​បាន​ប្រកាស​ថា ​ខ្លួន​បាន​អនុម័ត​​លើ​គម្រោង​វិនិយោគ​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​មាន​តម្លៃ​ ២,៧ ​លាន​ដុល្លារ ​ដែល​ប្រតិបត្តិការ​នៅ​ខេត្ត​ត្បូងឃ្មុំ។​ នេះ​បើ​​​​តាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​​នៅ​លើ​​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​។​

ប៉ុន្តែ​ ខណៈ​វិស័យ​នេះ​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ ​មន្ដ្រី​​មក​ពី​នាយកដ្ឋាន​កៅស៊ូ​​​នៅ​ក្រសួង​កសិកម្ម បាន​​បញ្ជាក់​ថា វា​អាច​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​វិស័យ​នេះ​លុះត្រា​តែ​មាន​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ផលិតផល​សម្រេច​ប៉ុណ្ណោះ​។

CDC ​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​អនុម័ត​រោងចក្រ​កែច្នៃ​កៅស៊ូ ​របស់​ក្រុមហ៊ុន​ TTHS Ruuber Co.,Ltd ជា​មួយ​នឹង​ការ​វិនិយោគ​សរុប​ ២,៧ ​លាន​ដុល្លារ ​ដែល​មាន​ទីតាំង​នៅ​ស្រុក​ក្រែក ​ខេត្ត​ត្បូងឃ្មុំ ​ជា​ទីតាំង​ចម្ការ​កៅស៊ូ ​និង​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​ដ៏​ធំ​របស់​កម្ពុជា​។​ CDC​ មិន​បាន​លម្អិត​ថា តើ​រោងចក្រ​នេះ​ជា​ការ​​វិនិយោគ​ដោយ​ក្រុមហ៊ុន​​ក្នុង​ស្រុក ឬ​ក្រុមហ៊ុន​បរទេស​នោះ​ទេ។​​​

ប៉ុន្តែ​ លោក​ ប៉ុល ​សុផា ​អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​បាន​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​មិន​ដឹង​ពី​ការ​ចូល​មក​របស់​ក្រុមហ៊ុន​ថ្មី​នេះ​នៅ​ឡើយ​ទេ​​។​​ ​

លោក​ថ្លែង​ថា៖​ «​ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​​ណា​មួយ​អំពី​រោងចក្រ​នេះ​នៅ​ឡើយ​​ទេ​ ​ពួក​គេ​អាច​គ្រាន់​តែ​ចុះ​បញ្ជី និង​​សិក្សា​ទៅ​​លើ​គម្រោង​ជា​មុន​ប៉ុណ្ណោះ​​»​។

លោក​បន្ត​ថា​៖ «ប្រសិន​បើ​វិនិយោគិន ​វិនិយោគ​លើ​​ផលិតផល​សម្រេច​ វា​នឹង​ជួយ​​សម្រាប់​ឧស្សាហកម្ម​នេះ ​និង​ទីផ្សារ​»​។​ ​

លោក​បញ្ជាក់​ថា​៖ ​«​​ប្រសិន​បើ​វិនិយោគិន​គ្រាន់​តែ​វិនិយោគ​លើ​រោងចក្រ​កែច្នៃ វា​នឹង​មិន​ជួយ​ដល់​ទីផ្សារ​កៅស៊ូ​​នោះ​ទេ ដោយសារ​​យើង​នៅ​តែ​​​​ពឹង​ផ្អែក​លើ​ទីផ្សារ​អន្តរជាតិ​»​។​​

លោក ​ប៉ុល ​សុផា ​បាន​ឲ្យ​ដឹង​ថា​ ថ្មីៗ​នេះ​ មាន​រោងចក្រ​កែ​ច្នៃ​មួយ​ចំនួន​​ត្រូវ​បាន​​បិទ​ទ្វារ ​ដោយសារ​តែ​កង្វះ​ទីផ្សារ​។​

ប្រទេស ​កម្ពុជា ​បាន​នាំចេញ​កៅស៊ូ​ស្ងួត​ ២១៧ ​៥០០​ តោន​​កាល​ពី​ឆ្នាំ ​២០១៨ ​កើន​ឡើង​ប្រហែល​ ​១៥ ​ភាគរយ ធៀប​នឹង​​ឆ្នាំ ​២០១៧ មាន​តម្លៃ​ជា​មធ្យម ​១ ៣១៩ ​ដុល្លារ​ក្នុង​មួយ​តោន ​ធ្លាក់​ចុះ ​១៧ ​ភាគរយ​។ នេះ​បើ​​​តាម​ទិន្នន័យ​បាន​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​។​

CDC​ បាន​​បង្ហាញ​ថា ​រោងចក្រ​នេះ​​នឹង​ផ្ដល់​ការងារ ​២២៤ ​នាក់​៕LA