ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​សប្តាហ៍​មុន​បានអនុម័ត​គម្រោង​វិនិយោគ​សណ្ឋាគារ​ចំនួន​ ២ ​ដែលមាន​តម្លៃ ៣៧៩ ​លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់ CDC នៅលើ​ទំព័រ​ហ្វេសប៊ុក​។

សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ចំនួន​ ២ ដែលមាន​ ២០១១ បន្ទប់​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Xigang V-Continent International Investment Co., Ltd និង​ក្រុមហ៊ុន Hai Gang Grand Hotel Co., Ltd​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​របស់​ក្រុមហ៊ុន Xigang V-Continent Internatio-nal Investment Co., Ltd និង​មាន ១ ១១១ បន្ទប់ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ​ក្រោម​ទុនវិនិយោគ​ចំនួន ២២៦ លាន​ដុល្លារ ខណៈ​គម្រោង​របស់ Hai Gang Grand Hotel Co., Ltd. សាងសង់​សណ្ឋាគារ​ផ្កាយ​ ៥ ចំនួន​ ៩០០ ​បន្ទប់​ស្ថិត​ក្នុង​សង្កាត់​លេខ​ ៤ ដែល​មាន​ទុនវិនិយោគ​សរុប ១៥៣ លាន​ដុល្លារ​។

នៅក្នុង​សេចក្តី​ប្រកាស​របស់ CDC មិនបាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការចាប់ផ្តើម​គម្រោង​ទាំង​ ២ ​នេះ​ទេ​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​នេះ​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​វិនិយោគិន​ក្នុងការ​បណ្តាក់ទុន​លើ​ការសាងសង់​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​អ្នកវិនិយោគ​គេ​បាន​សិក្សា​ទីផ្សារ​រួចហើយ ម្យ៉ាងទៀត​នៅពេល​មានការ​ប្រកួតប្រជែង​គ្នា​ក៏​អាច​ធ្វើឲ្យ​សកម្មភាព​នៃ​ការបម្រើ​សេវាកម្ម​វិស័យ​ទេសចរណ៍​កាន់តែ​ល្អប្រសើរ​ផងដែរ​»​។

លោក​បន្តថា​គម្រោង​នេះ​នឹង​ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឲ្យ​មក​សម្រាក​កម្សាន្ត​បាន​ច្រើន​បន្ថែមទៀត ដោយ​មិនមែន​មានតែ​ភ្ញៀវទេសចរ​ចិន​នោះទេ​។

របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវទេសចរ​ចំនួន ១,៣៤ ​លាន​នាក់​កើនឡើង ៣,២២ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨​។ ភ្ញៀវ​ជាតិ មាន​ចំនួន​ជាង ៩៥ ​ម៉ឺន​នាក់​ធ្លាក់ចុះ ៦,២៦ ​ភាគរយ ចំណែក​ភ្ញៀវទេសចរ​បរទេស​មាន​ជាង ៣៩ ​ម៉ឺន​នាក់​កើនឡើង ៣៦,៣២ ​ភាគរយ​ភាគច្រើន​ជនជាតិ​ចិន​ដែល​មាន​ជាង​ ១៦ ​ម៉ឺន​នាក់​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា ខណៈ​បច្ចុប្បន្ន​សណ្ឋាគារ​នៅក្នុង​ក្រុងព្រះសីហនុ​មាន​ច្រើន ប៉ុន្តែ​នៅមាន​កង្វះ​បន្ទប់​ស្នាក់នៅ ដោយសារ​សណ្ឋាគារ​មួយ​ចំនួន​ត្រូវបាន​វិនិយោគិន​ចិន​ជួល​យកទៅ​ប្រើប្រាស់​ជា​កាស៊ីណូ ឬ​កន្លែង​ពួកគេ​ស្នាក់នៅ​។

អ្នកស្រី​ថ្លែងថា​៖ «​ការវិនិយោគ​លើ​សណ្ឋាគារ​ជា​រឿង​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍ តែ​ប្រសិន​បើ​កម្ពុជា​អាច​បង្កើន​ភាព​ទាក់ទាញ​ការវិនិយោគ​នៅតាម​បណ្តា​កោះ​ដែល​មាន​លក្ខណៈ​ធម្មជាតិ និង​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​នោះ ខ្ញុំ​គិត​ថា ខេត្ត​ព្រះសីហនុ​នឹង​មាន​តម្រូវការ​សណ្ឋាគារ​ប្រណីតៗ​កាន់តែ​ច្រើន​ទៀត​»​។

របាយការណ៍​របស់​មន្ទីរទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ នៅក្នុង​ក្រុងព្រះសីហនុ​មាន​សណ្ឋាគារ​កំពុង​បើក​ដំណើរ​ការសរុប​ចំនួន​ ៩៨ ទីតាំង​៕