ភ្នំពេញៈ តម្លៃ​នៃ​ទុនវិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ នេះ​បាន​កើនឡើង​ ១៤ ​ភាគរយ​រហូត​ទៅ​ដល់​ជាង​ ៣ ​ពាន់​លាន​ដុល្លារ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៧ កន្លង​មក​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បង្ហាញ​ថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ នេះ CDC បាន​អនុម័ត​ទៅ​លើ​គម្រោង​វិនិយោគ​សរុប​ ១០៦ ក្នុង​នោះ​គម្រោង​ថ្មី​មាន​ចំនួន ៩៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​បន្ថែម​ចំនួន ៩ ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ ៣,៥ ​ពាន់​លាន​ដុល្លារ​ដោយ​បង្កើត​ការងារ​បាន​ប្រមាណ​ជិត ១០​ ​ម៉ឺន​កន្លែង​។

សេចក្តី​ប្រកាស​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា ការវិនិយោគ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មាន​កំណើន​ខ្ពស់​ជាង​គេ​ពោល​គឺ​កើនឡើង​ចំនួន​ ៧៧ ​ភាគរយ ខណៈ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​កើនឡើង​ចំនួន ២២ ភាគរយ​។

លោក តាន់ មុនីវណ្ណ អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ដ៏ធំ​នៅក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ- ប៉ុស្តិ៍​ថា​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥ កំពុង​ចូលរួម​ចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​ការជំរុញ​ឲ្យ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា​ឲ្យ​មាន​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​។ បច្ចុប្បន្ន​នេះ​ការវិនិយោគ​បាន​កើនឡើង​លើ​គ្រប់​វិស័យ​ពិសេស​លើ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម​។

លោក មុនីវណ្ណ បាន​ថ្លែង​ថា​៖ «​កំណើន​វិនិយោគ​នៅ​កម្ពុជា​នឹង​កើនឡើង​បន្ថែម​ទៀត​ព្រោះ​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​ដើម្បី​ជំរុញ​ការវិនិយោគ​ទាំង​ក្នុង​ស្រុក និង​បរទេស តាមរយៈ​មធ្យោបាយ​មួយ​ចំនួន​ដូចជា ការបញ្ចុះ​អត្រា​ពន្ធ​នាំ​ចេញ នាំចូល និង​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី​ជាដើម​»​។

លោក​បាន​បន្ត​ថា​ចាប់ពី​ពេលនេះ​ទៅ​ការនាំ​ចេញ​វត្ថុធាតុដើម​កសិកម្ម​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នឹង​មាន​ការវិវឌ្ឍ​ទៅ​មុខ​កាន់តែ​លឿន​ព្រោះ​កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការបង្កើន​បរិមាណ និង​គុណភាព​ទៅ​លើ​ផលិតផល​សក្តានុពល​របស់​ខ្លួន ដែល​មាន​ដូចជា ស្រូវ​អង្ករ កៅស៊ូ ម្រេច ពោត ដំឡូង និង​សណ្តែក​ជាដើម​។

លោក លី វិសាល ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​និយាយ​ថា​ការដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើក​ទឹក​ចិត្ត​ការ​វិនិយោគ​កាលពី​ដើម​ឆ្នាំ​ ២០១៨ នេះ​បាន​ធ្វើឲ្យ​ការវិនិយោគ​នៅ​កម្ពុជា កើនឡើង​ជា​បន្តបន្ទាប់ ទោះបី​ជា​ឆ្នាំ​បោះឆ្នោត​ថ្នាក់​ជាតិ​ក៏ដោយ​។ លោក​បន្ត​ថា​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ដែល​មិន​មាន​ការប្រែប្រួល​ខ្លាំង កម្លាំង​ពលកម្ម​មាន​តម្លៃ​ថោក និង​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​ជា​ហេតុផល​ចម្បង​ដែល​ធ្វើឲ្យ​ការវិនិយោគ​នៅ​កម្ពុជា​កើនឡើង​។

លោក​បាន​បន្ត​ថា​បញ្ហា​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក អាមេរិក និង​ចិន​ក៏​នឹង​អាច​ធ្វើឲ្យ​ការវិនិយោគ​នៅ​កម្ពុជា​កើនឡើង​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក ជាមួយ​ចិន និង​សហភាព​អឺរ៉ុប វា​អាច​ជះឥទ្ធិពល​វិជ្ជមាន​មក​ដល់​កម្ពុជា ព្រោះ​បើ​ប្រទេស​ទាំង​នោះ​បង្កើន​អត្រាពន្ធ​រវាង​គ្នា​នឹង​គ្នា វា​អាច​ធ្វើឲ្យ​កម្ពុជា​មាន​ឱកាស​កាន់តែ​ច្រើន​នៅ​ក្នុង​ការនាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ទាំងអស់​នោះ​»​។

ទាក់ទង​ទៅ​នឹង​ស្ថានភាព​នាពេល​ខាង​មុខ​លោក វិសាល បាន​បញ្ជាក់​ថា បើ​សិន​ក្រោយ​ការបោះឆ្នោត​មិន​មាន​អ្វី​ប្រែប្រួល​ខ្លាំង​នោះ ការវិនិយោគ​នៅ​កម្ពុជា​នឹង​នៅ​តែ​បន្ត​កើនឡើង​ទៀត ហើយ​សហគមន៍​អឺរ៉ុប​ក៏​នឹង​បន្ត​ការអនុគ្រោះ​ពន្ធគយ​សម្រាប់​កម្ពុជា​ផង​ដែរ​៕