
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅភ្នំពេញ។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ៣ ទៀត នៅចុងខែនេះ ដែលមានតម្លៃសរុបជាង ២៣ លានដុល្លារ សុទ្ធតែជាគម្រោងរោងចក្រវាយនភ័ណ្ឌ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញ។
សេចក្តីប្រកាសបានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនដូចខាងក្រោមចំនួន ៣ ក្នុងនោះមានគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ GUO TAI SHENG XING (CAMBODIA) GARMENT CO.,LTD ដែលមានទុនវិនិយោគប្រមាណ ១១ លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះអាចបង្កើតការងារ ១ ៣២៤ នាក់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគ ២ ផ្សេងទៀតគឺរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលជាគម្រោងវិនិយោគមួយ មានទីតាំងនៅខេត្តកំពង់ស្ពឺដែលមានទុនវិនិយោគ ៧,៥ លានដុល្លារ និងមួយទៀតស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៤,៦ លានដុល្លារ។ គម្រោងទាំង ២ នេះអាចបង្កើតការងារសរុបបានចំនួនជាង ៥ ០០០ នាក់។
នៅក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះគេសង្កេតឃើញ CDC បានយល់ព្រមលើគម្រោងវិនិយោគភាគីច្រើនលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង និងគម្រោងវិនិយោគលើរោងចក្រផលិតកាបូប ដែលភាគច្រើនជាគម្រោងរបស់វិនិយោគិនចិន។
ស្របពេលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទៅអឺរ៉ុប ដែលជាទីផ្សារសំខាន់របស់ខ្លួននោះ គេនៅតែឃើញមានគម្រោងវិនិយោគជាច្រើនចូលមកកម្ពុជា ដែលភាគច្រើន គឺជាគម្រោងវិនិយោគវាយនភ័ណ្ឌ។
កាលពីពាក់កណ្តាលខែមីនា ក្រុមហ៊ុន Shenzhou International Group Holdings ដែលជាក្រុមហ៊ុននាំចេញសម្លៀកបំពាក់ធំជាងគេមួយនៅចិនដែលបានលក់ផលិតផលទៅឲ្យក្រុមហ៊ុនលក់សម្លៀកបំពាក់ល្បីៗដូចជា Nike ក្រុមហ៊ុន Adidas និង Uniqlo បានដាក់ទុនវិនិយោគបន្ថែម ១៥០ លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីមួយនៅភ្នំពេញ៕