
គម្រោងចំនួន ៦ ដែលមានទឹកប្រាក់ ៦៧៧,៩ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តនៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ។ រូបថត CDC
ភ្នំពេញៈ គម្រោងចំនួន ៦ ដែលមានទឹកប្រាក់ ៦៧៧,៩ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តនៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនក្រុមហ៊ុន ៦ រួមមាន ក្រុមហ៊ុន Royal Cambodian Hospital Co., Ltd លើគម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ដែលមានចំនួន ១ ៥០០ គ្រែ ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញមានទុនវិនិយោគ ៤៧៨ លានដុល្លារ និងអាចបង្កើតការងារបាន ១ ៥០០ កន្លែង គម្រោងសាងសង់ផ្សារទំនើប Chip Mong Retail Co., Ltd ស្ថិតនៅផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទុនវិនិយោគ ១១៣,៩ លានដុល្លារ និងអាចបង្កើតការងារបាន ៨២៩ កន្លែង។
ក្រៅពីគម្រោងខាងលើមានគម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះរបស់ក្រុមហ៊ុន Angkor Wildlife & Aquarium Co., Ltd ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាបមានទុនវិនិយោគ ៧១,៧ លានដុល្លារគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទរបស់ក្រុមហ៊ុន Camina Industrial Technology Co., Ltd នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានទុនវិនិយោគ ២,៨ លានដុល្លារ។ គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធរបស់ក្រុមហ៊ុន V & J K Development Co., Ltd ស្ថិតនៅផ្លូវជាតិលេខ ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញមានទុនវិនិយោគ ៨,៨ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងរបស់ក្រុមហ៊ុន HAN WEI (Cambodia) Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ២,៧ លានដុល្លារ។
គិតចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ២៥ ខែកុម្ភៈ CDC បានអនុម័តលើគម្រោងសរុបចំនួន ២២ ដែលមានតម្លៃវិនិយោគសរុប ៧៥៩,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៦ ៦៦០ កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង កាលពីថ្ងៃអង្គារបាននិយាយថា បើទោះបីសហភាពអឺរ៉ុបនឹងចាប់ផ្តើមដកយកភាពអនុគ្រោះពន្ធ ២០ ភាគរយពីកម្ពុជាចាប់ពីខែសីហាខាងមុខក៏ដោយ ក៏នៅតែមានអ្នកវិនិយោគជាច្រើនបានបន្តចូលមកបណ្តាក់ទុន និងបង្ហាញពីចំណាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជាដដែល។
លោកបន្តថា កម្ពុជាប្រទេសដែលមានច្បាប់វិនិយោគទាក់ទាញ និងអនុគ្រោះច្រើនប៉ុណ្ណោះទេ។ លោកថ្លែងថា៖ «ទោះជាកម្ពុជាមានការបាត់បង់ EBA និងពិភពលោកកំពុងទទួលរងនូវផលអវិជ្ជមានពីការផ្ទុះឡើងនៃវីរុស COVID-19 ក៏ដោយ ក៏ខ្ញុំគិតថាចំនួននៃការចូលមកបណ្តាក់ទុននៅកម្ពុជានឹងមានកំណើនខ្ពស់បន្ថែមទៀត»។ លោកបន្តថា៖ «ការវិនិយោគលើគ្រប់វិស័យនឹងមិនមានការធាក់ថយក្រោយឡើយ»។
លោកពន្យល់ថា ការបាត់បង់ EBA នឹងត្រូវបានជំនួសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិនដែលរំពឹងថា នឹងលេចរូបរាងនៅចុងឆ្នាំ ២០២០ នេះ។ លោកបន្តថា ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសជាច្រើននៅលើពិភពលោកនាពេលនេះក៏កាន់តែមានភាពល្អប្រសើរផងដែរ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ការធ្វើកំណែទម្រង់លើគ្រប់វិស័យបានធ្វើឲ្យកម្ពុជាមានភាពទាក់ទាញខ្លាំងដល់វិនិយោគិនទាំងក្នុងស្រុក និងបរទេស។ លោកថ្លែងថា៖ «ចំនួនគម្រោងដែល CDC អនុម័តនឹងមិនធ្លាក់ចុះទេនៅពេលខាងមុខ»។
ទោះបីយ៉ាងណាលោកប្រាប់ថា កម្ពុជាក៏គួរតែរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យវិនិយោគឲ្យបានកាន់តែល្អបន្ថែមទៀត។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃចន្ទបានថ្លែងថា FTA រវាងកម្ពុជា និងចិនរំពឹងថានឹងសម្រេចបាននៅខែវិច្ឆិកាឆ្នាំនេះ៕LA