ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៣ ដែល​មាន​តម្លៃ​សរុប​ ៧ ​លាន​ដុល្លារ​កាលពី​សប្ដាហ៍​មុន​។

គម្រោង​ទាំងនេះ​ត្រូវបាន​រំពឹងថា​នឹង​បង្កើត​ការងារ​ប្រហែល​ ១ ៨២០ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ CDC​។

គម្រោង​វិនិយោគ​ទាំង​ ៣ ​ដែល CDC បានអនុម័ត រួមមាន​ការបង្កើត​រោងចក្រ​កាត់ដេរ MIL United Manufacturing Co., Ltd ជាមួយ​នឹង​ទុនវិនិយោគ ២,៣ ​លាន​ដុល្លារ​នៅ​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​។

គម្រោង​វិនិយោគ​រោងចក្រ​ផលិត​អំបោះ​របស់​ក្រុមហ៊ុន Jin Ming Li Jian One Co., Ltd ជាមួយ​នឹង​ទុនវិនិយោគ​ ២,៣ ​លាន​ដុល្លារ​ នៅ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ និង​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ​របស់​ក្រុមហ៊ុន Suzen (Cambodia) Industrial Co., Ltd ជាមួយ​នឹង​ទុនវិនិយោគ​ ២,៤ ​លាន​ដុល្លារ​ នៅ​ក្រុងសួង ខេត្ត​ត្បូងឃ្មុំ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្ពុជា​នៅតែ​រក្សាបាន​គម្រោង​វិនិយោគ​បរទេស ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​ប្រហែល​ ៧ ​ភាគរយ​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​។

លោក​ថ្លែងថា​៖ «​ច្បាប់​របស់​ប្រទេស​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​ក្រុម​វិនិយោគិន​បរទេស​កាន់តែច្រើន​»​។

របាយការណ៍​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា នៅពេល​នេះ​មាន​រោងចក្រ​សរុប ១ ៧៣០ ដែល​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​។

ក្នុង​អំឡុង​ ៨ ​ខែ​ដំបូង​ឆ្នាំមុន CDC បាន​អនុម័ត​គម្រោង​ ២២២ មានតម្លៃ​ជាង​ ៦ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ៨១ ​គម្រោង​ដែល​មាន​តម្លៃ​ ១,៨៨ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

លោក​ សុក ចិនា្តសោភា អគ្គលេខាធិការ CDC បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា CDC បន្ត​ទទួល​បាន​ពាក្យសុំ​គម្រោង​ថ្មីៗ ទោះបី​ជា​បញ្ហា​ប្រឈម​បច្ចុប្បន្ន​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ក៏ដោយ ដូចជា​ការលុបចោល​មួយផ្នែក​នៃ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​នៅ (EBA) ​របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា និង​ការរីករាលដាល​កូវីដ​ ១៩ ​លើ​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ទោះបី​ជា​មាន​ព័ត៌មាន​អាក្រក់​ខ្លាំង​បំផុត​កាលពី​ខែមករា និង​ខែកុម្ភៈ​ក៏ដោយ ក៏​ការវិនិយោគ​នៅក្នុង​ប្រទេស​នេះ​មិន​បាន​ធ្លាក់ចុះ​នោះទេ​»​។ លោក​បាន​បន្តថា​៖ «​គម្រោង​មួយ​ចំនួន​ត្រូវបាន​ផ្អាក ឬ​លុបចោល ប៉ុន្តែ​ក្រុម​វិនិយោគិន​ថ្មីៗ​បាន​ចូល​មក​»៕LA