ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ផ្កាយ​ ៤ ​លើក​ដំបូង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​មាន​តម្លៃ​ជាង ​៦៨ ​លាន​ដុល្លារ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ ​CDC​។

គម្រោង​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Boonma Heng Co.,Ltd. នឹង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៤ ដែល​មាន​ចំនួន ៣៩២ ​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម «​ផ្សារ​ទំនើប​» ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​ក្បាលស្ពាន​ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​បង្កើត​ការងារ​បាន​ ៨៣៦ ​នាក់​។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ស្វែងរក​គេហទំព័រ​ផ្លូវការ​ណា​មួយ​របស់​ក្រុមហ៊ុន Boonma Heng Co.,Ltd. នៅលើ Google បាន​ទេ ខណៈ​ការស្វែងរក​ក្រុមហ៊ុន​នេះ​ក្នុង​ការ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ក៏​មិន​មាន​ដែរ​។

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ពី​គម្រោង​នេះ​ទេ ប៉ុន្តែ​លោក​ស្វាគមន៍​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ដែល​បែរ​ឆ្ពោះ​មក​ក្រុង​ប៉ោយប៉ែត​។

លោក​បន្ត​ថា​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​សណ្ឋាគារ​ទាំង​តូច-ធំ​ប្រហែល​ ៥០ និង​ផ្ទះសំណាក់​ជាង​ ៣០​។

លោក​ថ្លែង​ថា​៖ «​តែ​ពេល​នេះ​ប៉ោយប៉ែត​ចាប់ផ្តើម​ប្រឈម​នឹង​កង្វះខាត​កន្លែង​ស្នាក់នៅ​ជា​បណ្តើរៗ​ហើយ ព្រោះ​គ្រាន់តែ​ភ្ញៀវ​មក​ស្នាក់នៅ និង​ធ្វើការ​គឺ​មាន​ចំនួន​រហូត​ដល់​ជាង​ ៣ ​ម៉ឺន​នាក់​»​។ លោក​លើក​ឡើង​ថា​បច្ចុប្បន្ន​តំបន់​ដែល​ជា​ច្រក​អន្តរជាតិ​ដ៏សំខាន់​មួយ​នេះ​កំពុង​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​អ្នក​វិនិយោគ ពិសេស​វិនិយោគិន​ចិន​។

ក្រុង​ប៉ោយប៉ែត​មាន​គម្រោង​ជាច្រើន​កំពុង​សាងសង់ និង​ត្រៀម​សាងសង់ ដោយ​គម្រោង​ខ្លះ​អាច​មាន​កម្ពស់​ជាង​ ៣០ ​ជាន់​។ ភាគច្រើន​នៃ​គម្រោង​ទាំងនោះ​គឺជា​សណ្ឋាគារ និង​អគារ​ពាណិជ្ជកម្ម​។ នេះ​បើ​តាម​លោក សាន ស៊ានហូ​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​គិត​ថា​រយៈពេល​ ៥ ​ឆ្នាំ​ខាង​មុខ​ប៉ោយប៉ែត​នឹង​មាន​គម្រោង​វិនិយោគ និង​អគារ​ខ្ពស់ៗ​យ៉ាង​ច្រើន​»​។

បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៣ ​កំពុង​ដំណើរការ ខណៈ ២ ​ទៀត​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ស៊ីអិល រៀលធី កាលពី​ដើម​ឆ្នាំ​ ២០១៨ បង្ហាញ​ថា តម្លៃ​ដី​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​តម្លៃ​ចាប់ពី ១០០ ​ទៅ ១ ០០០ ដុល្លារ ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក ស៊ា ឆៃលីន អគ្គនាយក​ក្រុមហ៊ុន​ស៊ីអិលរៀលធី និយាយ​ថា​ប៉ោយប៉ែត ជា​ច្រកទ្វារ​អន្តរជាតិ​ដែល​មាន​សក្តានុពល​ជាងគេ​របស់​កម្ពុជា ព្រោះ​ច្រក​នេះ​មាន​ទាំង​លំហូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​សកម្មភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ក៏​មាន​ភាពមមាញឹក និង​មាន​ដង់ស៊ីតេ​ប្រជាជន​រស់នៅ​ខ្ពស់​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​លក្ខណៈ​អំណោយផល​ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​ហាងឆេង​ដី​នៅ​ប៉ោយប៉ែត​មាន​តម្លៃ​ខ្ពស់​ជាង​តំបន់​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​»៕AL