
CDC អនុម័តគម្រោង មានទុនវិនិយោគ ២,៤ លានដុល្លារ បង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ Jam Star Packaging Technology Co.,Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ រូបថត សហការី
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ៣ ទៀតដែលមានតម្លៃវិនិយោគសរុបជាង ១១ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីល្ងាចថ្ងៃពុធ។
ក្រុមហ៊ុនទាំង ៣ ដែល CDC អនុម័តរួមមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ S W J (Cambodia) Garment Co., Ltd ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៤,៤ លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ Leading Star (Cambodia) Garment Co., Ltd នៅខណ្ឌដង្កោ ក្រុងភ្នំពេញមានទុនវិនិយោគ ៥ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ Jam Star Packaging Technology Co.,Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ២,៤ លានដុល្លារ។
បើតាម CDC សម្រាប់គម្រោងទាំង ៣ អាចបង្កើតការងារបានចំនួន ៣ ៧១៥ នាក់។
ជាទូទៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវគឺជាទីតាំងដែល CDC ចេញវិញ្ញាបនបត្រចុះបញ្ជីភាគច្រើនជាងគេ។
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា កត្តាស្ថិរភាពនយោបាយ និងទីតាំងភូមិសាស្ត្របានធ្វើឲ្យវិនិយោគិនបរទេសកាន់តែច្រើនចូលមកបណ្តាក់ទុននៅកម្ពុជា ពិសេសក្នុងខេត្តកំពង់ស្ពឺដែលជាតំបន់ស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងកំពង់ផែសមុទ្រទឹកជ្រៅនៃខេត្តព្រះសីហនុ។ លោកបន្តថា កំណើននេះនឹងមានភាពរឹងមាំយូរអង្វែង ខណៈកម្ពុជាក៏ជាប្រទេសដែលសម្បូរកម្លាំងពលកម្មសកម្មផងដែរ។
លោកថ្លែងថា៖ «កំណើននៃការវិនិយោគនៅពេលនេះគឺដោយសារមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីសំណាក់អាជ្ញាធរព្រមជាមួយគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តទៅដល់អ្នកវិនិយោគ»។ លោកបន្តថាកំណើននៃការចូលមកបណ្តាក់ទុនក៏ដោយសារតែកម្ពុជាមានប្រព័ន្ធផ្លូវដឹកជញ្ជូនល្អ និងច្រើនខ្វាត់ខ្វែងផងដែរ។
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែកន្លងមកលោកធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជាជាកន្លែងដែលមានបរិយាកាសវិនិយោគល្អបំផុតសម្រាប់ការបណ្តាក់ទុន ព្រោះកម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ធច្រើន ខណៈច្បាប់វិនិយោគកម្ពុជាក៏ភាពល្អប្រសើរដែរ។ លោកបន្តថាបច្ចុប្បន្នមានវិនិយោគិនអន្តរជាតិកាន់តែច្រើនបានបង្ហាញពីការចាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជា។
បើទោះជាបច្ចុប្បន្នកម្ពុជាអាចប្រឈមនឹងការបាត់បង់ឱកាសនាំចេញទំនិញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបដោយរួចពន្ធក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ក៏ដោយ ក៏លោក កែមវិចិត្រ បានបញ្ជាក់ថា៖ «កម្ពុជាកំពុងធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួន ដើម្បីកាត់បន្ថយប៉ះពាល់នានាដែលអាចកើតឡើង»។
គម្រោងដែល CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរមកដល់ពេលនេះមានភាគច្រើនជាគម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រផលិតប្លាស្ទិក រោងចក្រកែច្នៃក្រដាសកាតុង ជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធបានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៩ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃ ១០,៨ ពាន់លានដុល្លារ កើនឡើង ៦,៤៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃ ១០,១៤ ពាន់លានដុល្លារ។ ការនាំចេញសម្លៀកបំពាក់មានតម្លៃនាំមុខគេ គឺ ៦,៤ ពាន់លានដុល្លារ វាយនភណ្ឌ ៤០ លានដុល្លារ ស្បែកជើង ៩០៥ លានដុល្លារ អង្ករជាង ២៨៦ លានដុល្លារ និងផលិតផលផ្សេងទៀតជាង ៣,១ ពាន់លានដុល្លារ៕