ភ្នំពេញ៖ ទោះ​ជា​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ មិន​ទាន់​ត្រូវ​បាន​ទប់ស្កាត់ និង​កំពុង​​បន្ត​ការ​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក និង​ក្នុង​តំបន់​ ក៏​​កម្ពុជា​នៅ​តែ​ទទួល​បាន​ការ​វិនិយោគ​ថ្មីៗ​ពី​ក្រុម​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ធនាគារ​ពិភព​លោក​ធ្វើ​ការ​ព្យាករ​ថា​ នឹង​មាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចន្លោះ​ពី ​-​១ ​ភាគរយ និង ​-២,៩ ​ភាគរយ​ សម្រាប់​ឆ្នាំ ២០២០ នេះ​។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​គ្រាន់​តែ​ក្នុង​​​សប្ដាហ៍​​ទី​១ ខែ​កក្កដា រដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​ថ្មី​​ចំនួន ៣ ​មាន​​​ទុន​វិនិយោគ​រួម ១៤,៤ ​លាន​ដុល្លារ ​ដែល​អាច​​បង្កើត​ការងារ​ថ្មី​បាន​ជាង ​៦២៥ ​កន្លែង។

លោក លឹម ហេង អនុ​ប្រធាន​​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ទោះបី​​ជំងឺ​កូវីដ ​១៩ ​បង្ក​ការ​​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក៏​ដោយ​ក៏​រដ្ឋាភិបាល​នៅ​តែ​គោរព​តាម​គោលការណ៍​បើក​ចំហការ​វិនិយោគ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ។

លោក​ថ្លែង​ថា៖ «​ទោះ​យើង​កំពុង​ប្រយុទ្ធ​​​នឹង​ការ​រីក​រាលដាល​​ជំងឺ​កូវីដ​ក៏​យើង​​​ឃើញ​ថា រដ្ឋាភិបាល​កំពុង​កែ​លម្អ​ការ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ខណៈ​ដែល​ប្រទេស​របស់​យើង​នៅ​តែ​ទទួល​​បាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍»។

លោក​លើក​ឡើង​ថា៖ «ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ យើង​នឹង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង ដែល​នឹង​ក្លាយ​ជា​ទីផ្សារ​ធំ​សម្រាប់​ទាក់ទាញ​ក្រុម​វិនិយោគិន​ឲ្យ​ចូល​មក​​ប្រទេស​​​យើង។

ជាមួយ​គ្នា​នេះ យើង​​​ឃើញ​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​​ផង​ដែរ»។ លោក​បន្ថែម​ថា ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ​ទីផ្សារ​នៅ​អឺរ៉ុប និង​អាមេរិក​នា​ពេល​ថ្មីៗ​នេះ ក៏​នឹង​រួម​ចំណែក ​ដើម្បី​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី ២៥ ខែ​ឧសភា រដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​លើក​ទឹក​ចិត្ត​ជុំ​ទី៤ តាមរយៈ​ការ​បន្ធូរ​បន្ថយ​ការ​អនុវត្ត​ពន្ធ​កាត់​ទុក​សម្រាប់​ធនាគារ​ក្នុង​ស្រុក និង​បរទេស ការ​បន្ទាប​អត្រា​ពន្ធ​​កាត់​ទុក​លើ​ធនាគារ និង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ប្រភព​ខាង​ក្រៅ និង​ក្នុង​ស្រុក​មក​នៅ​ត្រឹម ​១០ ​ភាគរយ​៕LA