ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៥ ដែលមានទឹកប្រាក់សរុបជាង ៣០០ លានដុល្លារ ដែលផ្តោតលើវិស័យកសិឧស្សហកម្ម បណ្តាញបញ្ជូនអគ្គិសនី បដិសណ្ឋាកិច្ច និងអាហារ ដែលអាចបង្កើតការងារបាន ៤ ៩៤៥ កន្លែង។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ CDC ដែលបានចេញផ្សយកាលពីចុងសប្តាហ៍មុន ក្នុងចំណោមគម្រោងទាំង ៥ ក្រុមហ៊ុន Kampong Speu Plantation នឹងវិនិយោគប្រមាណ ៨៥,៥៥ លានដុល្លារលើការបង្កើតកសិដ្ឋានដាំដំណាំអំពៅ និងសាងសង់រោងចក្រកែច្នៃនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបាន ២ ២៩០ កន្លែង។
ក្រុមហ៊ុន Schneitec Energy នឹងចំណាយប្រាក់ប្រមាណ ៨០,៦០ លានដុល្លារ ដើម្បីវិនិយោគលើការសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥ គីឡូវ៉ុលរវាងខេត្តសៀមរាប-ឧត្តរមានជ័យ អនុស្ថានីយឧត្តរមានជ័យនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ និងអនុស្ថានីយបែកចាននៅរាជធានីភ្នំពេញ ដែលអាចបង្កើតការងារបាន ៤១៣ កន្លែង។
ក្រុមហ៊ុន Nan Hai Real Estate Development នឹងសាងសង់ និងប្រតិបត្តិការអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយប្រាំចំនួន ៥០០ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាមួយទុនវិនិយោគប្រមាណ ៨៦,៥៦ លានដុល្លារ ខណៈសណ្ឋាគារផ្កាយបួនមួយទៀតដែលចំនួន ១៤៩ បន្ទប់ និងរីសត នឹងត្រូវវិនិយោគដោយក្រុមហ៊ុន Hein Li Properties ដោយមានទុនវិនិយោគប្រមាណ ៣៩,៣៧ លានដុល្លារ។
គម្រោងបដិសណ្ឋារកិច្ចទាំងពីរនេះ ស្ថិតនៅក្រុងព្រះសីហនុដែលអាចបង្កើតការងារបាន ២០៨៩ កន្លែង។
គម្រោងចុងក្រោយត្រូវបានវិនិយោគដោយក្រុមហ៊ុន Lyly Kameda ដើម្បីបង្កើតរោងចក្រនំស្រួយ និងអាហារសម្រន់នៅរាជធានីភ្នំពេញ ដោយមានទុនវិនិយោគប្រមាណ ៩,១២ លានដុល្លារ និងអាចបង្កើតការងារបាន ១៥៣ កន្លែង៕