ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៥ ដែលមាន​តម្លៃ​សរុប ១ ២៩៩,៧ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២ ២៥០ ​កន្លែង ទោះបី​ជា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​មួយ​នេះ​កំពុង​ប្រយុទ្ធ​នឹង​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

យោងតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ចុង​សប្តាហ៍​មុន CDC បានអនុម័ត​ជា​ផ្លូវការ​នូវ​គម្រោង​ចំនួន​ ៥ ដែល​រួមមាន គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ប្រើ​ធ្យូងថ្ម អានុភាព ៧០០ ​មេហ្គាវ៉ាត់​តម្លៃ ១ ២៨៣ ​លាន​ដុល្លារ​ របស់​ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដែល​គម្រោង​នេះ​បង្កើត​ការងារ​បាន ៥២០ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​អេប៉ុង ខ្នើយ គ្រែ សាឡុងពូក និង​គ្រឿងសង្ហារិម​របស់ Fang Hua Polyurethane Material (Cambodia) Co.,Ltd ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ ១ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ៤២០ ​កន្លែង​។

ចំណែក​គម្រោង ៣ ​ទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​ឱសថ​នៃ​ក្រុមហ៊ុន Island Laboratoire Co., Ltd ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​មាន​ទុន ៦,៣ ​លាន​ដុល្លារ​បង្កើត​ការងារ​បាន ២៦០ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​វេចខ្ចប់​ផលិតផល​កសិកម្ម​របស់​ក្រុមហ៊ុន Herba (Cambodia) Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​ទុនវិនិយោគ ៣,៦ ​លាន​ដុល្លារ បង្កើត​ការងារ​បាន​ ១២០ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​អគ្គិសនី និង​គ្រឿង​ផ្គុំ​អំពូល​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Y.T Plastic Co.,Ltd ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សានដុង សាន់សែល ស្វាយរៀង មាន​ទុនវិនិយោគ ៥,៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៩៣០ ​កន្លែង​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៨ ខែមីនា​ថា ភាគច្រើន​នៃ​គម្រោង​វិនិយោគ​នៅពេលនេះ គឺជា​របស់​វិនិយោគិន​ចិន ហេតុនេះ​តិច ឬ​ច្រើន​សុទ្ធតែ​ជាប់ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា ចិន ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០២០​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ទាក់ទាញ​ឱ្យ​ក្រុម​វិនិយោគិន​បរទេស​ផ្សេងទៀត​ចូលមក​បើក​រោងចក្រ​ផលិត​នៅ​កម្ពុជា​ផងដែរ​។ លោក​បន្តថា តាមរយៈ​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដែល​កំពុង​ធ្វើ​ជាមួយ​ប្រទេស​មួយចំនួន​ទៀត វា​ក៏​នឹង​ជួយ​បង្កើន​ភាពទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​។

លោក​និយាយថា​៖ «​ប្រសិនបើ​មិនមាន​កិច្ចព្រមព្រៀង​ទាំងអស់​នោះទេ កម្ពុជា​ប្រាកដ​ជា​នឹង​ជួប​បញ្ហា​ក្នុង​ការទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់​ទុនវិនិយោគ​»​។

លោក​បន្ថែមថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ធ្វើការ​កែសម្រួល​នីតិវិធី និង​បង្កើន​កិច្ចសហប្រតិបត្តិការ​កាន់តែ​ធំទូលាយ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC កាលពី​ខែកុម្ភៈ​ក្នុង​អំឡុង​នៃ​សិក្ខាសាលា​ស្តីពី​ «​កាលានុវត្តភាព​វិនិយោគ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​» ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ចក្រភព​អង់គ្លេស​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ​បាន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ ២៣៨ ដែលមាន​ទុនវិនិយោគ​សរុប ៨,២ ​ពាន់​លាន​ដុល្លារ ថយចុះ ១២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ លោក​បន្តថា ទោះយ៉ាងណា​ការធ្លាក់​នេះ​ស្ថិតក្នុង​កម្រិត​ដែល​អាច​ទទួល​យក​បាន​។

លោក​ថ្លែងថា​៖ «​ការថយចុះ​នេះ​ស្ថិតក្នុង​កម្រិត​មួយ​ល្អ​ប្រសើរ​នៅឡើយ​បើ​ធៀប​នឹង​ការព្យាករ​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ដែល​បាន​ព្យាករ​ថា រំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​ពិភពលោក​ត្រូវ​ថយចុះ​ប្រមាណ ៤២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០»៕ LA