ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ៥ ដែល​មាន​តម្លៃ​សរុប​ជាង​ ១២១ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១ ៣៣៤ ​កន្លែង ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​សម្រេច​ចុះបញ្ជី​ក្នុង​សប្តាហ៍​ទី​ ១ នៃ​ខែ​ធ្នូ ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC​។

បើ​យោងតាម CDC គម្រោង​ទាំង​ ៥ នោះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន Inter-Mattrid Beverage (Cambodia) Co., Ltd មាន​ទុនវិនិយោគ​ចំនួន ៧៨ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ៥៥០ ​កន្លែង​,​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម​ក្រុមហ៊ុន Ruizexing Chemical Technology Co., Ltd មាន​ទុនវិនិយោគ ២០,១ ​លាន​ដុល្លារ បង្កើត​ការងារ ១៧៤ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លាស្ទិក (Preform, Cap, Bottle) របស់​ក្រុមហ៊ុន Sing Fu Sun(Cambodia) Plastic Co., Ltd មាន​ទុនវិនិយោគ ១១,៧ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៥២ ​កន្លែង​។ គម្រោង​ទាំង ៣ ខាងលើ​មាន​ទីតាំង​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ចំណែក​គម្រោង ២ ទៀត​មាន គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Blissfull Capital Co., Ltd តាម​ផ្លូវជាតិ​លេខ​ ២ ក្នុង​ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ មាន​ទុនវិនិយោគ ៩,៥ ​លាន​ដុល្លារ អាច​បង្កើត​ការងារ​បាន ២០០ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​ពី​ក្រណាត់ សម្រាប់​សត្វ​ចិញ្ចឹម (​ឆ្កែ និង​ឆ្មា​) របស់​ក្រុមហ៊ុន Chunteng Industrial (Cambodia) Co., Ltd នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ២,៦ ​លាន​ដុល្លារ បង្កើត​ការងារ ៣៥៨ ​កន្លែង​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃ​អាទិត្យ​ថា ទោះបី​ជា​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ក៏​កម្ពុជា​នៅតែ​ទទួល​បាន​កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។ កំណើន​នេះ​បង្ហាញ​ថា អ្នក​វិនិយោគ​សុទ្ធតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​សម្រេច​បាន​នូវ​កំណើន​ជា​បន្តបន្ទាប់​។

លោក​និយាយថា​៖ «​ក្រៅពី​កំណើន​សេដ្ឋកិច្ច​នាពេល​កន្លងមក កម្ពុជា​ក៏​កំពុង​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជា​បន្តបន្ទាប់​ជាមួយ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន ពិសេស​ប្រទេស​ចិន​ផងដែរ​»​។

ការទទួល​បាន​កិច្ចព្រមព្រៀង​សេរី​ជាមួយ​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក នឹង​ធ្វើឱ្យ​ទំនិញ​ផលិត​នៅ​កម្ពុជា​កាន់តែ​ច្រើន​មាន​ឱកាស​នាំទៅ​ចិន ក្រោម​លក្ខខណ្ឌ​ពិសេស​។

លោក​លើកឡើង​ថា​៖ «​កាលពី​ពេល​កន្លងមក​មាន​ការព្រួយបារម្ភ​ជាច្រើន​ថា ការដក​ភាពអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ជួប​បញ្ហា​ច្រើន ប៉ុន្តែ​ជាក់ស្តែង​យើង​ឃើញថា វា​មិន​ដូច្នេះ​ទេ​»​។

ក្រៅពី​គម្រោង​ទាំង ៥ ​ខាងលើ​កាលពី​ខែ​វិច្ឆិកា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​សម្រេច​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន​ចំនួន ១២ ដែល​មាន​ទុនវិនិយោគ​សរុប ៥០,៦ ​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៧ ៤៦៨ ​កន្លែង​ផងដែរ​៕ LA