ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ក្នុង​រយៈពេល​តែ​ ៣ ​សប្តាហ៍​ក្នុង​ខែមីនា​នេះ​ បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៨ ​ដែល​មាន​តម្លៃ​ជាង ៦៩ ​លាន​ដុល្លារ និង​មានលទ្ធភាព​បង្កើត​ការងារ​ថ្មី ​៥ ២៤៩ កន្លែង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។

គម្រោង​ទាំង​ ៨ នោះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារ​អេទ្បិចត្រូនិក និង​គ្រឿងបន្លាស់​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Yuan Shuo (Cambodia) Co., Ltd មាន​ទុនវិនិយោគ ២,២ ​លាន​ដុល្លារ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​, គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿងអគ្គិសនី​របស់​ក្រុមហ៊ុន Schneitic Chint Co., Ltd នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​ទុន​ ២,៥ ​លាន​ដុល្លារ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Xin Wei Jie Co., Ltd. នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ ២,៩ ​លាន​ដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ អានុភាព 20MW របស់​ក្រុមហ៊ុន Green Sustainable Ventures(Cambodia) Co., Ltd. នៅ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​មាន​ទុន ១៧,៦ ​លាន​ដុល្លារ ។

ចំណែក​គម្រោង​ផ្សេងទៀត​មាន​គម្រោង​បង្កើត​វារីវប្បកម្ម​របស់​ក្រុមហ៊ុន First Aquatic Industrial Co., Ltd នៅ​ស្រុក​កៀនស្វាយ និង​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ចំនួន​ ២៥,២ ​លាន​ដុល្លារ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​វេជ្ជសាស្ត្រ និង​ផលិត​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ របស់​ក្រុមហ៊ុន Innomed Healthcare Products (Cambodia) Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ ១០ ​លាន​ដុល្លារ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន និង​គ្រឿង​បំណែក​ទោចក្រយាន​ក្រុមហ៊ុន Huiquanfeng Technology (Cambodia) Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង មាន​ទុនវិនិយោគ ៧ ​លាន​ដុល្លារ និង​គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ក្រុមហ៊ុន Jiangyao (Cambodia) Garments Co., Ltd នៅ​សួន​ឧស្សាហកម្ម ស៊ូចូវ ខេមបូឌា ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ ២,១ ​លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ឱ្យដឹងថា ទោះ​ក្នុងអំឡុង​កូវីដ​ ១៩ កំពុង​ឆ្លង​រាលដាល ក៏​ការដាក់​ពាក្យស្នើសុំ​វិនិយោគ​នៅ CDC មិនបាន​ធ្លាក់ចុះ​ទេ ហើយ​គម្រោង​ដែល​អនុម័ត​កន្លងមក គឺមាន​គ្រប់​វិស័យ​ទាំង​វាយនភណ្ឌ សំណង់ អគ្គិសនី និង​ការផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក ជាដើម​។

ការទទួល​បាន​ចំណាប់អារម្មណ៍​ពី​បរទេស​ក្នុង​ការចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា វា​អាច​មកពី​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ចិន អាមេរិក ច្បាប់​វិនិយោគ​កម្ពុជា​មាន​លក្ខណៈ​អំណោយផល ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចិន ជាដើម​។

លោក​ថ្លែងថា​៖ «​គ្រប់​ការវិនិយោគ​នឹង​ផ្តល់​កំណើន​សេដ្ឋកិច្ច​មួយ​កាន់តែ​រឹងមាំ​»​។

បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជាមួយ​ប្រទេស​ចិន បច្ចុប្បន្ន​ការចរចា​ជាមួយ​នឹង​កូរ៉េខាងត្បូង​ក៏បាន​បញ្ចប់​រួចរាល់​ហើយ​ដែរ​។ ក្រៅពី​ប្រទេស​កូរ៉េ កម្ពុជា​ក៏​កំពុង​ចរចា​បង្កើត FTA ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា រុស្ស៊ី អាមេរិក អង់គ្លេស ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង EAEU (​សហព័ន្ធ​សេដ្ឋកិច្ច​ដែលមាន​ ៥ ប្រទេស​រួមមាន រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន​» ផងដែរ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២១ ខែមីនា ថា នេះ​ជា​សញ្ញា​ល្អ​ដែល​បង្ហាញ​ពី​ការងើប​ឡើង​វិញ​ជា​បណ្តើរៗ​របស់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​កំណើន​នេះ​នឹងមាន​សម្ទុះ​កាន់តែខ្លាំង​នៅពេល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ ត្រូវបាន​បញ្ចប់​ស្របពេល​រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាពលរដ្ឋ​។ លោក​បន្តថា គម្រោង​ដែល CDC អនុម័ត​ទាំងនេះ​គឺ​មិនមែន​ទើបតែ​ដាក់ពាក្យ​ស្នើសុំ​ក្នុងពេល​ថ្មីៗ​នេះ​ទេ ដោយ​អាចដាក់​ពាក្យ​តាំង​ពីមុន​ឆ្នាំ​ ២០២១ មកម្ល៉េះ​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ការវិវត្ត​ជា​វិជ្ជមាន​សម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា ខណៈ​សេដ្ឋកិច្ច​ពិភពលោក និង​វិស័យ​ទេសចរណ៍​ក៏​ចាប់ផ្តើម​មានដំណើរ​ការឡើង​វិញ​ជា​បណ្តើរៗ​ហើយ​។ ការអនុម័ត​គម្រោង​វិនិយោគ​របស់ CDC នឹង​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​ក្នុងស្រុក​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​ចាប់អារម្មណ៍​ថា​នៅ​រយៈពេល​ចុងក្រោយ​នេះ ការអនុម័ត​របស់ CDC លើ​គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី​ក៏មាន​ជា​បន្តបន្ទាប់​ផងដែរ​។ លោក​ពន្យល់ថា កំណើន​នៃ​ការវិនិយោគ​លើ​ថាមពល​អគ្គិសនី និង​គ្រឿង​បង្គុំ​អគ្គិសនី​បង្ហាញថា កម្ពុជា​នឹងមាន​សក្តានុពល​ខ្លាំង​សម្រាប់​ការ​ចូលមក​បណ្តាក់ទុន​។

លោក​និយាយថា​៖ «​តម្លៃ​អគ្គិសនី​ថោក ច្បាប់​វិនិយោគ​ល្អ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​នឹង​ក្លាយជា​សក្តានុពល​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ឱ្យមាន​ការ​មក​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​»​។

កាលពី​ខែកុម្ភៈ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៦ ដែល​មាន​ទុន ៧០២,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ ១១ ៤១៤ កន្លែង​៕ LA